ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trudeau និយាយថា ប្រទេស​ចិន​មិន​អើពើ​នឹង “​អភ័យឯកសិទ្ធិ​ការទូត​” ក្នុងការ​ឃុំឃាំង​ជនជាតិ​កាណាដា

នាយករដ្ឋមន្ត្រី​ប្រទេស​កាណាដា​លោក Justin Trudeau កាលពី​ថ្ងៃ​សុក្រ​បាន​ចោទប្រកាន់​ប្រទេស​ចិន​ពី​ការមិន​អើពើ​នឹង “​អភ័យឯកសិទ្ធិ​ការទូត​” របស់​បេសកជន​ពិសេស​កាណាដា​នៅពេលដែល​ខ្លួន​ឃុំឃាំង​គាត់​កាលពី​ខែ​មុន​រួមជាមួយ​ជនរួមជាតិ​ម្នាក់។

លោក Michael Kovrig ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០​ខែធ្នូ​នៅ​ប្រទេស​ចិន​បន្ទាប់ពី​គាត់​បាន​ឈប់សម្រាក​ពី​ការងារ​ការទូត​របស់​គាត់​ទៅធ្វើ​ការ​ឲ្យ​អង្គការ International Crisis Group (ICG) ។​

ប្រទេស​ចិន​បាន​ឃាត់ខ្លួន​អតីត​អ្នកការទូត​ឈ្មោះ Michael Kovrig និង​អ្នកជំនួញ​ម្នាក់​ឈ្មោះ Michael Spavor កាលពី​ខែ​មុន​ដោយ​ចោទប្រកាន់​ពួកគេ​ទាំងពីរ​ថា​ធ្វើ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​រប​ស់​ប្រទេស​ចិន​ដែល​ឃ្លា​មួយ​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​ញឹកញាប់​ដោយ​ក្រុង​ប៉េកាំង​នៅពេល​ចោទប្រកាន់​ចារកម្ម​ណា​ម្នាក់​។​

ការឃុំខ្លួន​របស់​ពួកគេ​ត្រូវបាន​គេ​គិតថា​ជាការ​សងសឹក​ចំពោះ​ការចាប់ខ្លួន​អនុប្រធាន​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ដោយ​ប្រទេស​កាណាដា​តាម​សំណើ​របស់​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទណ្ឌកម្ម​អ៊ីរ៉ង់​។​

លោក Trudeau និយាយថា “​វា​ជា​រឿង​អកុសល​ដែល​ប្រទេស​ចិន​បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌​និង​មិន​សមរម្យ​លើ​ពលរដ្ឋ​កាណាដា​ពីរ​នាក់​ហើយ​ពិតណាស់ ក្នុងករណី​មួយ​ក្នុងចំណោម​ករណី​ទាំងពីរ​នេះ​គឺ​មិន​គោរព​អភ័យឯកសិទ្ធិ​ការទូត​”​។​

លោក​បន្តថា “​នេះ​គឺជា​អ្វីដែល​យើង​កំពុង​ចូលរួម​ជាមួយ​ទាំង​មន្ត្រី​ចិន​និង​ដៃគូ​របស់​យើង​នៅ​ជុំវិញ​ពិភពលោក ​ដែល​មាន​ការ​ព្រួយបារម្ភ​ចំពោះ​តម្រូវការ​សម្រាប់​ប្រទេស​ទាំងអស់​ឲ្យ​ធ្វើ​ដូច​ប្រទេស​កាណាដា​និង​គោរព​នីតិរដ្ឋ​និង​ឯករាជ្យភាព​នៃ​ដំណើរការ​តុលាការ​របស់​យើង​”​។​

នេះ​គឺជា​មតិយោបល់​ជា​សាធារណៈ​លើកដំបូង​លើ​ស្ថានភាព​របស់​លោក Kovrig​។​ យោង​តាម​អនុសញ្ញា​ទីក្រុង Vienna បាន​បញ្ជាក់​ថា ជន​ណា​ដែល​កាន់​លិខិតឆ្លងដែន​ការទូត​គឺមាន​អភ័យឯកសិទ្ធិ​ក្នុងពេលដែល​ពួកគេ​ស្ថិតនៅ​ក្រៅ​ប្រទេស​។

ដោយមាន​ការគាំទ្រ​ពី​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ សហភាព​អ៊ឺរ៉ុប​និង​សហរដ្ឋអាមេរិក​, រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ជនជាតិ​កាណាដា​ជាបន្ទាន់៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114