ព័ត៍មានទាន់​ហេតុការណ៏
Search

ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រុង ​ឃាត់ខ្លួន​​បាន​ជនសង្ស័យ​ចែកចាយ ​និង​ប្រើប្រាស់​ថ្នាំញៀន​៣៤​នាក់​

​ភ្នំពេញ ៖ ជនសង្ស័យ​ស្រី/​ប្រុស ​ដែលជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៣៤​នាក់​និង​ថ្នាំញៀន​៣​កញ្ចប់ ​រួម​នឹង​វត្ថុតាង​មួយ​ចំនួន​ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍​ឯក អ៊ីវ ភា​រិ​ទ្ធ ធ្វើការ​ចុះ​បង្ក្រាប​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើនេះ បាន​ធ្វើឡើង​តាំងតែ​ពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ រហូតដល់​វេ​ម៉ោង​១៨​និង​០០​នាទី ក្នុង​ថ្ងៃទី​១១ ខែមករា​ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ សំណង់​មិន​រៀបរយ តាម​បណ្តោយ​ផ្លូវ​រថភ្លើង​(R6) ក្រុម​៣៤ ភូមិ​៣ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​(​មុខ​ក្តាន់​ពីរ​)​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើនេះ ​កម្លាំង​សមត្ថកិច្ច បានធ្វើការ​ស្រាវជ្រាវ​រ​ហូត​ឈានទៅដល់​ការកំណត់​បាន​នូវ​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដ៏​សកម្ម ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣៤​នាក់​(​ស្រី​០១​នាក់​) ក្នុងនោះ​ចំនួន​០៤​នាក់ ​ជា​អ្នក​ជួញដូរ ដកហូត​ម៉ូតូ​ចំនួន​២០​គ្រឿង និង​ថ្នាំញៀន​ចំនួន​០៣​កញ្ចប់ ,​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០២​គ្រឿង​, ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយ​ចំនួន​ធំ​, ដែកកេះ​ចំនួន​០២ , ទូរស័ព្ទ​ចំនួន​០២​គ្រឿង និង​កូន​កន្ត្រៃ​ដែក​ចំនួន​១​។​

​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣៤​នាក់ សមត្ថកិច្ច​បាន​នាំ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114