ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​កម្ពុជា​ ទុកពេល​ឲ្យ​១​ខែ ដើម្បី​ប្រមូល​លិខិតឆ្លងដែន​ការទូត ពី​អ្នក​ពុំ​មាន​សញ្ជាតិ​ខ្មែរ ខណៈ​មាន​ព័ត៌មាន​ករណី​ លោកស្រី យី​ង​ឡាក់​

ភ្នំពេញ ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​ទុកពេល​ឲ្យ​១​ខែ ដល់​ក្រសួង ស្ថាប័ន ដែល​បាន​ស្នើសុំ​លិខិតឆ្លងដែន​ការទូត ជូន​ទីប្រឹក្សា និង​ជំនួយការ​របស់ខ្លួន ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​កំណត់​ឲ្យ​ក្រសួងការបរទេស ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត ដែល​ត្រូវបាន​ផ្ដល់ជូន​បុគ្គល ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នោះ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​លិខិតឆ្លងដែន​ការទូត​។​

តាម​សារាចរ​ណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា សង្កេត​ឃើញថា ឥស្សរជន និង​ក្រសួង​ស្ថាប័ន​មួយចំនួន បានតែងតាំង​បុគ្គល ដែលជា​ពលរដ្ឋ​បរទេស​ឲ្យ​ធ្វើជា​ទីប្រឹក្សា និង​ជំនួយការ​។ ក្នុងចំណោម​បុគ្គល​ទាំងនោះ មាន​ខ្លះ​បាន​ចូលសញ្ជាតិ​ខ្មែរ និង​បានដាក់​ពាក្យសុំ​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សម្ដេច​បន្តថា ដោយ​សង្កេតឃើញ ពី​ភាពមិន​ចាំបាច់​ក្នុងការ ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត ក្នុង​ករណី​បែបនេះ និង​ដើម្បី​បង្ការ ទប់ស្កាត់​ប្រើប្រាស់​លិខិតឆ្លងដែន​ការទូត មិន​ត្រឹមត្រូវ​តាម​បេសកកម្ម ស្របតាម​អនុក្រឹត្យ​លេខ​២០២ អនក្រ​.​បក​. ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០០៨ ស្ដីពី​ការផ្ដល់ និង​ការ​ប្រើ​ប្រាស់​លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ សម្តេច​តេ​ជោ ក្នុងនាម​រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​ណែនាំ​ចំនួន​៤​ចំណុច​សំខាន់ៗ​គឺ ​៖
​ទី​១, លិខិតឆ្លងដែន​ការទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនត្រូវ​ផ្ដល់ជូន​ទីប្រឹក្សា ឬ​ជំនួយ​ការដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត របស់​ឥស្សរជន​ជាន់ខ្ពស់ ឬ​របស់​ក្រសួង ស្ថាប័ន​នានា​ឡើយ លើក​លែងតែ​ក្នុងករណី ដែល​រាជរដ្ឋាភិបាល​យល់ថា ចាំបាច់​បំផុត​។​
​ទី​២, រាល់​ក្រសួង ស្ថាប័ន មាន​ភារកិច្ច​ប្រមូល លិខិតឆ្លងដែន​ការទូត ដែល​ក្រសួង ស្ថាប័ន​នោះ​បាន​ស្នើសុំ​ជូន​ទីប្រឹក្សា និង​ជំនួយការ​របស់ខ្លួន ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ហើយ​ប្រគល់​លិខិត​ឆ្លងដែន​ទាំងនោះ ជូន​ក្រសួងការបរទេស មិន​ឲ្យ​ហួស​ពី​រយៈពេល​១​ខែ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​នេះ​។​
​ទី​៣, ក្រសួងការបរទេស​ខ្មែរ មាន​ភារកិច្ច​ពិនិត្យ ធ្វើ​មោឃភាព​លិខិតឆ្លងដែន​ការទូត ដែល​កន្លងមក​ត្រូវ​បាន​ផ្ដល់ជូន​បុគ្គល ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។​
​ទី​៤, ក្រសួងមហាផ្ទៃ មាន​ភារ​កិច្ចសហការ ទប់ស្កាត់​ការប្រើប្រាស់​លិខិតឆ្លងដែន ការទូត​ទាំងនោះ​សម្រាប់ ការចេញចូល នៅតាម​ច្រកទ្វារព្រំដែន​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅតាម​ការ​ស្នើសុំ​របស់​ក្រសួងការបរទេស​។​

គួររំលឹកថា សារាចរ​ណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកើត​ឡើង​បន្ទាប់ពី​សារព័ត៌មាន​ចិន South China Morning Post កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ បាន​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ ដែលមាន​ចំណងជើង​ថា អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង ឡាក់ កាន់​លិខិតឆ្លងដែន​កម្ពុជា ហើយ​អាច​នឹង​ប្រើ​លិខិតឆ្លងដែន​នេះ សម្រាប់​រត់គេចខ្លួន​កាលពី​ឆ្នាំ​២០១៧ ដែល​អត្ថបទ​នេះ បាន​ដកស្រង់​សម្តី​របស់ លោក Chong Ja Ian ដែលជា​សាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ​ការបរទេស នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ដែល​សាស្ត្រាចារ្យ​រូបនេះ​អះអាងថា កម្ពុជា​គឺជា​ជម្រើស​ដ៏​ងាយស្រួល​សម្រាប់​ការឆ្លងកាត់​ព្រំដែន ដោយ​គ្រាន់​តែមាន​លិខិតឆ្លងដែន​កម្ពុជា នោះ​គឺជា​ការ​ស្រេច​។​

ដោយ​ឡែ​ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ និង​អ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល​កម្ពុជា លោក​ ផៃ ស៊ី​ផាន បាន​បដិសេធ​ចំពោះ​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ថា លោកស្រី យី​ង ឡាក់ អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​លិខិតឆ្លងដែន​កម្ពុជា ហើយ​អះអាងថា នោះ​ជា​ព័ត៌មាន​មិន​ពិត​។​

យោងតាម​មាត្រា​៣០ នៃ​សេចក្ដីព្រាងច្បាប់​ ស្តីពី​សញ្ជាតិ ចែងថា ជនបរទេស​ណា​ដែល​កាន់កាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​។ មន្ត្រី​ភ្នាក់ងារ​រាជការ ឬ​ជន​ណា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​កម្ពុជា ឲ្យ​នណាម្នាក់ ដែល​មិនមា​ន​សញ្ជាតិ​ខ្មែរ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114