ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​នៃ​ការបោះឆ្នោត​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ត្រូវ​យកទៅ​តុលាការ​ធម្មនុញ្ញ​

លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ត្រូវ​យកទៅ​តុលាការ​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​អ្នក​ជាប់​ចំណាក់​ថ្នាក់​លេខ​ពីរ​និយាយថា គាត់​នឹង​ទាមទារ​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។​

បេក្ខជន​គណបក្សប្រឆាំង​លោក Martin Fayulu ដែល​ត្រូវបាន​អ្នកបោះឆ្នោត​គិតថា​នឹង​ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​នោះបាន​ប្រាប់​អ្នកគាំទ្រ​ថា “​យើង​នឹង​ទៅ​តុលាការ​ធម្មនុញ្ញ​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ទាមទារ​ការបោះឆ្នោត​ឡើងវិញ​”​។​

លោក​បាន​និយាយថា លោក​នឹង​ជំទាស់​ទៅនឹង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ (CENI) លោក Corneille Nangaa ដើម្បី​ឲ្យ​បង្កើត​របាយការណ៍​សរុប​ពី​ការិយាល័យ​បោះឆ្នោត​នៅមុខ​សាក្សី​និង​អ្នកសង្កេតការណ៍​កុង​ហ្គោ​និង​អន្តរជាតិ​។​

លទ្ធផល​បណ្តោះអាសន្ន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញថា បេក្ខជន​គូប្រជែង​គណបក្សប្រឆាំង​លោក Felix Tshisekedi ទទួលបាន​សំឡេងឆ្នោត​៣៨,៥៧​ភាគរយ​នាំមុខ​លោក Fayulu ដែលមាន​សំឡេងឆ្នោត​៣៤,៨​ភាគរយ​។​

បេក្ខជន Emmanuel Ramazani Shadary ដែល​គាំទ្រ​ដោយ​ប្រធានាធិបតី​ផុត​អាណត្តិ​លោក Joseph Kabila បាន​ស្ថិតនៅ​លំដាប់​ទី​បី​ជាមួយនឹង​សំឡេងឆ្នោត​២៣,៨​ភាគរយ​។​

លទ្ធផល​ដែល​បានប្រកាស​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​ជាច្រើន​។​
​ព្រះវិហារ​កាតូលិក​រ៉ូ​ម៉ាំង​ដ៏​មាន​ឥទ្ធិពល​បាន​និយាយថា លទ្ធផល​បណ្តោះអាសន្នរ​បស់ CENI គឺ “​មិន​ស៊ីគ្នា​” ជាមួយនឹង​ទិន្នន័យ​ដែល​អ្នកឃ្លាំមើល​ការបោះឆ្នោត​ចំនួន​៤០,០០០​នាក់​បាន​ប្រមូល​នៅ​ស្ថានីយបោះឆ្នោត​ទេ​។​

ប្លុក​របស់លោក Fayulu កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា គាត់​ទើប​ជា​អ្នកឈ្នះ​ពិតប្រាកដ​ដោយ​អះអាងថា គាត់​ទទួលបាន​៦១​ភាគរយ​នៃ​សំឡេងឆ្នោត​។​

គួរ​បញ្ជាក់ថា បេក្ខជន​មាន​រយៈពេល​៤៨​ម៉ោង​ដើម្បី​ដាក់ពាក្យ​បណ្តឹងឧទ្ធរណ៍​ណាមួយ​បន្ទាប់ពី​ចេញ​លទ្ធផល​ឆ្នោត​ហើយ​តុលាការ​ធម្មនុញ្ញ​មាន​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ពិចារណា​៕ AFP