ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​​បិទ​រដ្ឋាភិបាល​អាមេរិក​បាន​ឈាន​ដល់​ថ្ងៃ​ទី​២២​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

ការ​បិទ​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក​ដែល​បានធ្វើ​ឲ្យ​និយោជិត​សហព័ន្ធ​ចំនួន​៨០០,០០០​នាក់​គ្មាន​ប្រាក់ខែ​ ដោយសារតែ​ជម្លោះ​របស់លោក​ប្រធានាធិបតី Donald Trump ជាមួយ​អ្នកប្រជាធិបតេយ្យ​លើ​ការសាងសង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​គឺ​បាន​ឈានដល់​ថ្ងៃទី​២២​ហើយ​នៅ​ថ្ងៃ​សៅរ៍​ដែល​នេះ​ជា​រយៈពេល​យូរ​បំផុត​ក្នុង​កំណត់ត្រា​។​

ការបដិសេធ​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​ការអនុម័ត​ទឹកប្រាក់​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បានទាមទារ​ដោយ​លោក Trump សម្រាប់​គម្រោង​ជញ្ជាំង​គឺ​បានធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ជាប់គាំង​ហើយ​លោក​ប្រធានាធិបតី​បាន​សងសឹក​វិញ​ដោយ​ការបដិសេធ​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​ជាច្រើន​ដែល​មិន​ទាក់ទង​នឹង​ជម្លោះ​នេះ​។​

ជា​លទ្ធផល បុគ្គលិក​ជាច្រើន​ដូចជា​នៅ​ភ្នាក់ងារ FBI, អ្នកត្រួតពិនិត្យ​ចរាចរ​ដែនអាកាស​និង​បុគ្គលិក​សារមន្ទីរ​គឺ​មិន​បានទទួល​ប្រាក់ខែ​ទេ​កាលពី​ថ្ងៃ​សុក្រ​។​

ការបិទ​ដោយ​ផ្នែក​នៃ​រដ្ឋាភិបាល​នេះ​នឹង​ក្លាយជា​កំណត់ត្រា​វែង​បំផុត​នៅពេល​វា​មាន​រយៈពេល​លើស​២១​ថ្ងៃ​ក្នុង​ឆ្នាំ​១៩៩៥-១៩៩៦​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី Bill Clinton​។​

កាលពី​ថ្ងៃ​សុក្រ លោក Trump បានលើកឡើង​ជាថ្មី​អំពី​ការគំរាមកំហែង​លើក​មុន​ក្នុង​ការបញ្ចប់​
ភាពជាប់គាំង​ដោយ​ការប្រកាស​អំពី​គ្រាអាសន្ន​ជាតិ​និង​ការប៉ុនប៉ង​ដើម្បី​ទទួលបាន​មូលនិធិ​ដោយ​គ្មាន​ការអនុម័ត​ពីស​ភា​។​

លោក​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៅ​សេត​វិមាន​ថា “​ខ្ញុំ​នឹងមិន​ប្រញាប់ប្រញាល់​ធ្វើ​វា​លឿន​ពេក​ទេ​”​។​
​លោក Trump បាន​រៀបរាប់ថា ការប្រកាសអាសន្ន​ជា “​ផ្លូវ​ចេញ​ដោយ​ងាយស្រួល​” ហើយ​និយាយថា សភា​ត្រូវតែ​បង្កើន​ការទទួលខុសត្រូវ​លើ​ការអនុម័ត​ថវិកា​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​។​

លោក​បាន​អះអាងថា “​ប្រសិនបើ​ពួកគេ​មិនអាច​ធ្វើ​វា​បានទេ​នោះ ខ្ញុំ​នឹង​ប្រកាសអាសន្ន​ជាតិ​។ ខ្ញុំ​មាន​សិទ្ធិ​ពេញលេញ​”​។​

រហូតមកដល់​ពេលនេះ លោក Trump បានលើកឡើង​ជាច្រើន​ដង​មកហើយ​ថា លោក​ខិត​កាន់តែ​ជិត​ទៅនឹង​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​។​

គេ​មិន​ច្បាស់​ទេ​ថា​តើ​អ្វីដែល​នឹងធ្វើ​ឲ្យ​លោក Trump ផ្លាស់ប្តូរ​គំនិត​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114