ព័ត៍មានទាន់​ហេតុការណ៏
Search

​ព្យុះ​ព្រិល​បិសាច​នឹង​គ្របដណ្តប់​ជាង​ពាក់កណ្តាល​នៃ​សហរដ្ឋអាមេរិក​

ព្យុះ​រដូវរងា​ដ៏​ធំ​មួយ​បាន​វាយប្រហារ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​ហើយ ​បន្ទាប់មក​នឹង​បក់បោក​ទៅ​ភាគ​ខាងកើត​ខណៈដែល​ព្រិល​ត្រូវបាន​គេ​គិតថា​នឹង​វាយប្រហារ​តំបន់​មួយ​នៅ​ចម្ងាយ​១,៦០៩​គីឡូម៉ែត្រ​នា​ចុង​សប្តាហ៍​ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ដឹកជញ្ជូន​នៅ​កណ្តាល​ប្រទេស​។​

ប្រព័ន្ធ​នេះ​បានចាប់ផ្តើម​ជា​ភ្លៀង​ធ្លាក់​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ហើយ​បាន​ប្រែ​ទៅជា​ព្រិល​នៅពេល​វា​ជួបនឹង​ខ្យល់​ត្រជាក់​។ យោងតាម​សេវា​អាកាសធាតុ​ជាតិ​បាន​ឲ្យ​ដឹងថា ព្រិល​កម្ពស់​៤៥​សង់ទីម៉ែត្រ​ត្រូវបាន​គេ​រំពឹងទុក​នៅ​តំបន់ភ្នំ Sangre de Cristo ភាគខាងត្បូង​ទីក្រុង Denver ។​

នៅពេល​ព្យុះ​នេះ​បក់​ឆ្ពោះទៅ​ទិសខាងកើត ព្រិល​កម្ពស់​រហូតដល់​ទៅ​៤១​សង់ទីម៉ែត្រ​ទំនងជា មាននៅ​ភាគ​ខាងលិច​រដ្ឋ Missouri និង​ទីក្រុង St. Louis ។​

បើ​យោងតាម AccuWeather បាន​ឲ្យ​ដឹងថា តំបន់​នៅ​ប៉ែក​ខាងកើត​អាចមាន​ព្រិល​កម្ពស់​ប្រហែល​១៥​សង់ទីម៉ែត្រ​ហើយ​ទឹកកក​កំពុង​កើនឡើង​នៅ​រដ្ឋ Kansas និង​រដ្ឋ Arkansas ហើយ​មាន​ព្រិល​ដល់​ទៅ​១០​សង់ទីម៉ែត្រ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី​មុនពេល​ប្រព័ន្ធ​នេះ​ចាកចេញ​ឆ្ពោះទៅកាន់​សមុទ្រ​នៅ​ថ្ងៃអាទិត្យ​។​

លោក Randy Adkins អ្នក​ព្យាករណ៍​អាកាសធាតុ​នៅ AccuWeather បាន​និយាយថា “​ព្យុះ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្កើត​ការបំផ្លិចបំផ្លាញ​នៅ​ផ្នែក​កណ្តាល​នៃ​ប្រទេស​ហើយ​បន្ទាប់មក​នឹង​ពង្រីក​ទៅ​ភាគ​ខាងកើត​ចូលក្នុង​រដ្ឋ​នៃ​តំបន់​អា​ត្ល​ង់​ទិ​ក​”​។​

វេ​ប​សាយ​តាមដាន​ជើងហោះហើរ FlightAware.com បាន​រាយការណ៍​ពី​ការលុបចោល​ជើងហោះហើរ​ចំនួន​១,៤៣១​កាលពី​ថ្ងៃ​សុក្រ​និង​ការពន្យារពេល​ចំនួន​១២,៤៦៥​ដែលមាន​បញ្ហា​ដោយសារ​អាកាសយានដ្ឋាន​ត្រូវ​រង​ការវាយប្រហារ​ដោយ​ព្រិល​ធ្លាក់​ដូចជា​នៅ​ទីក្រុង Denver ជាដើម​។​

ព្យុះ​នេះ​នឹង​ចៀសផុត​តំបន់​ភាគ​ឦសាន​ដែលមាន​ប្រជាជន​ច្រើន​។ វា​ទំនងជា​នឹង​រំខាន​ការធ្វើដំណើរ​តាម​អាកាស​និង​រថយន្ត​ពី​ទីក្រុង Kansas ទៅ Indianapolis ហើយនឹង​នាំមក​នូវ​ព្រិល​ធ្លាក់​ខ្លាំង​បំផុត​នៅ​ទីក្រុង Cincinnati និង​តំបន់ Ohio River Valley​។​

អ្នកនាំពាក្យ​ម្នាក់​ឈ្មោះ Tracy Panus បាន​និយាយថា មន្ត្រី​គ្រប់គ្រង​គ្រាអាសន្ន​ទីក្រុង St. Louis កំពុង​ត្រៀមខ្លួន​សម្រាប់​ការរំខាន​យានយន្ត​និង​ការ​ដាច់​ចរន្តអគ្គិសនី​ដែល​អាច​កើតមាន​៕ REUTERS