ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដក​ឧបករណ៍​ចេញពី​ប្រទេស​ស៊ី​រី​ប៉ុន្តែ​មិនមែន​កងទ័ព​ទេ​

ក្រុមមន្ត្រី​ការពារជាតិ​បាន​និយាយថា យោធា​អាមេរិក​បានចាប់ផ្តើម​បញ្ជូន​គ្រឿង​សម្ភារៈ​មិន​សំខាន់​ចេញពី​ប្រទេស​ស៊ី​រី​ហើយ​ប៉ុន្តែ​មិនមែន​ដកទ័ព​ទេ​នាពេល​បច្ចុប្បន្ននេះ​ស្របពេល​ដែលមាន​ភាពមិន​ច្បាស់លាស់​ជុំវិញ​ការចាកចេញ​តាម​ការគ្រោងទុក​របស់​អាមេរិក​ពី​ប្រទេស​នេះ​។​

កាលពី​ខែ​មុន លោក​ប្រធានាធិបតី Donald Trump បាន​អះអាងថា ក្រុម​រដ្ឋ​ឥស្លាម​បាន​រង​បរាជ័យ​ក្នុងប្រទេស​ស៊ី​រី​ហើយ​និយាយថា ពេលនេះ​ទាហាន​អាមេរិក​ទាំងអស់​កំពុង​ត្រលប់​មកវិញ​។​

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចាប់តាំងពី​លោក​បាន​បញ្ជា​ហើយ​មន្ទីរ​បញ្ច​កោណ​បានចាប់ផ្តើម​អនុវត្ត​វា​នោះ លោក Trump ខ្លួនឯង​និង​សមាជិក​រដ្ឋបាល​របស់​គាត់​បានចេញ​សារ​ផ្សេងៗ​គ្នា​អំពី​ថា​តើ​នៅពេលណា​ទើប​ការដក​ទ័ព​អាច​កើតឡើង​ពិតប្រាកដ​។​

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក Trump គឺ​លោក John Bolton កាលពី​ថ្ងៃអាទិត្យ​មុន​បានប្រកាស​ពី​លក្ខខណ្ឌ​នៃ​ការដក​ទ័ព​ដែល​ហាក់ដូចជា​ពន្យារពេល​ឥត​កំណត់​។​

បន្ថែម​លើ​ការយល់ច្រឡំ អ្នកនាំពាក្យ​យោធា​ម្នាក់​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដំណើរការ​នៃ​ការ​ដកទ័ព​ដោយ​ចេតនា​ចេញពី​ប្រទេស​ស៊ី​រី​រួចទៅហើយ​។​

មន្ត្រី​ការពារជាតិ​អាមេរិក​និយាយថា ការដក​នេះ​គឺ​មានតែ​ប្រភេទ​មួយចំនួន​ប៉ុណ្ណោះ​ហើយ​មិនមែន​កងទ័ព​ទេ​។​

មន្ត្រី​ការពារជាតិ​អាមេរិក​មួយរូប​បាន​និយាយថា “​យើង​មិន​ដក​កងទ័ព​ចេញ​នៅ​ដំណាក់កាល​នេះ​ទេ​”​។ មន្ត្រី​យោធា​អាមេរិក​ទី​២​បាន​ប្រាប់ AFP ថា យោធា​បានធ្វើ​ការរៀបចំ​មួយចំនួន​សម្រាប់​ការដក​ដោយ​ចេតនា​។​

មន្ត្រី​រូបនេះ​បាន​និយាយថា “​នោះ​រួមបញ្ចូល​ទាំង​ការរៀបចំ​សម្រាប់​ការផ្លាស់​ទី​មនុស្ស​និង​គ្រឿង​បរិក្ខារ​ព្រមទាំង​ការត្រៀម​កន្លែង​ដើម្បី​ទទួលយក​គ្រឿង​បរិក្ខារ​ដែល​បាន​ដកចេញ​ផងដែរ​”​។ មន្ត្រី​បាន​កត់សម្គាល់ថា គ្មាន​កងទ័ព​ណា​ម្នាក់​ត្រូវបាន​ដកចេញ​ឡើយ​។​

ក្រុម​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ស៊ី​រី​បាន​រាយការណ៍​មុននេះ​ថា ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ប្រទេស​ស៊ី​រី​បានចាប់ផ្តើម​កាត់បន្ថយ​វត្តមាន​របស់ខ្លួន​នៅ​ព្រលានយន្តហោះ Rmeilan ក្នុង​ខេត្ត Hasakeh ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។​

ប៉ុន្តែ​មន្ត្រី​ការពារជាតិ​ទីមួយ​បាន​និយាយថា នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ចលនា​ទ័ព​ធម្មតា​ប៉ុណ្ណោះ​៕ AFP