ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​សា​ធារ​ណៈ

ភ្នំ​ពេ​ញ ៖ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩​ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ភូមិ​ថ្មី ភូមិ​មានជ័យ ភូមិ​មានជ័យ​១ និង​ភូមិ​មានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅក្នុង​ទីធ្លា​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹងមានជ័យ។

គួរ​ឲ្យ​កត់​សម្គាល់​ថា មាន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ឡើង​មាន​ចំណាប់អារម្មណ៍​ពី​បញ្ហា​ភូមិ សង្កាត់​មាន​សុវត្ថិភាព​នៅ​តាម​ភូមិ​ទាំង​៤​ខាងលើ គឺមាន​ភាពល្អ​ប្រសើរ​ឡើង​ច្រើនជាង​មុន បញ្ហា​ក្មេង​ទំនើង បងធំ​បងតូច ល្បែងស៊ីសង ត្រូវ​បាន​លុបបំបាត់​ជា​បន្តបន្ទាប់ ដោយសារតែ​ភាព​សកម្ម​ការងារ​របស់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ពិសេស អាជ្ញាធរ​ខណ្ឌ និង​សង្កាត់​ផ្ទាល់​តែម្តង។

ប៉ុន្តែ​ទោះ​មានការ​វាយតម្លៃ​ជា​រួម​ដូច​ខាងលើ​នេះ​ យ៉ាង​ណា​ក្តី ក៏​នៅ​មាន​បញ្ហា​សេសសល់​មួយចំនួនទៀត ដែល​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផង​ដែរ ដូចជា បញ្ហា​ទឹក​លិច បញ្ហា​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ពេល​ចូល​យក​សំរាម​ម្តងៗ​ប្រជាពលរដ្ឋ​តែងតែ​រត់​តាម​ឡាន​យ៉ាង​ពិបាក​បំផុត ហើយ​ពេលខ្លះ​ចត​ពេញ​ផ្លូវ​ក៏​មាន បញ្ហា​បង្គោល​ភ្លើង​អគ្គិសនី​នៅ​ចំ​កណ្តាលផ្លូវ និង​បញ្ហា​សណ្តាប់ធ្នាប់​ជាដើម​។

ឆ្លើយតប​នឹង​សំណូមពរ​របស់​ពលរដ្ឋ​ខាងលើ​នេះ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​បាន​គូសបញ្ជាក់ថា បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ប្រគល់ជូន​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ស្ទឹង​មានជ័យ​ទី​១ ដោះ​ស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីតាំង​ដែល​ពលរដ្ឋ​លើកឡើង ក្នុង​នោះ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចំពោះ​សណ្តាប់​ធ្នាប់​លក់ដូរ និង​អ្នកលក់​សាំង​ដប​នៅមុខ​វត្ត​ស្ទឹងមានជ័យ និង​នៅមុខ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ។

ចំពោះ​ទី​តាំង​ផ្លូវ២៧១ កែវ​ផ្លូវ​ចូល​ផ្ទះសំណាក់​ស្ទឹង​លាភ ស្នើ​លោក​ចៅសង្កាត់ និង​លោក​មេ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ​ទី​១ សិក្សា​ដាក់​ប៉ុស្តិ៍​ល្បាត​ពួនស្ទាក់​នៅ​ចំណុច​នេះ​២៤​ម៉ោង​លើ​២៤​ម៉ោង។

ចំពោះ​ឡាន​សំរាម​ស៊ីន​ទ្រី ស្នើ​លោកនាយក​រដ្ឋបាល​ខណ្ឌ អញ្ជើញ​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី មក​ប្រជុំពិ​ភាក្សា ដោះស្រាយ​បញ្ហា​ដែល​កើត​មាននៅ​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើរ។

​ចំពោះ​បង្គោល​ភ្លើង ស្មើ​សុំ​លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​១ ចុះ​ពិនិត្យ និង​ធ្វើ​របាយការណ៍​ជូន​សាលាខណ្ឌ។

បញ្ហា​ល្បែងស៊ីសង ស្នើ​លោក​ចៅសង្កាត់ និង​លោក​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់ បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ប្រែង​ជា​បន្ត​ទៀត ដើម្បី​ដោះស្រាយ​ឲ្យ​កាន់តែ​ល្អជា​នេះ​៕