ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ត​ពង្រឹង​ក្នុង​កិច្ច​បង្ការ ការពារ​និង​សង្គ្រោះ​ពិសេស​បង្កើន​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ដោយ​សេចក្តី​ស្មោះត្រង់

ភ្នំពេញ ៖ ជានិច្ចកាល​ដើម្បី​បង្កើន​ភាព​កក់ក្ដៅ​ជូន​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​អ្នកដំណើរ​រួម​នឹង​ភ្ញៀវ​ជាតិ​អន្តរជាតិ​នោះ​កងកម្លាំង​ទាំងអស់​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​ពង្រឹង​ត្រៀម​រៀបចំ​ភារកិច្ច​ក្នុង​ការ​បង្ការ​ការពារ​និង​សង្គ្រោះ​រួចជាស្រេច​ដោយ​ប្រចាំ​បញ្ជា​គ្រប់ពេលវេលា​រយៈពេល​២៤​ម៉ោង​លើ​២៤​ម៉ោង​ តាម​ផែនការ​ថ្នាក់លើ​ប្រគល់​ឲ្យ​ប្រកបដោយ​ភាពស្មោះត្រង់​និង​គុណធម៌​ជាធំ​។

នេះ​ជា​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ខណៈ​ពេល​ដែល​បាន​បន្ត​ពង្រឹង​ត្រៀម​ប្រចាំការ​គ្រប់ពេលវេលា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ព្រលឹម​រសៀល​រហូតដល់​យប់ ថ្ងៃទី​១២​មករា​ឆ្នាំ​២០១៩​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ​តាម​ភូមិសាស្ត្រ​ដូច​សព្វដង​គឺ​បង្ការ ការពារ​និង​សង្គ្រោះ​។

មន្ត្រីជាន់ខ្ពស់​ដដែល​ប​ន្ត​ថា ​ក្រៅពី​ភារកិច្ច​ចំបង​ខាងលើ​នោះ​ជាប្រចាំ​ថ្ងៃ​នោះ​ កម្លាំង​អាវុធហត្ថ​បាន​ក្រោកពីដំណេក​ពី​ព្រលឹម ហាត់ប្រាណ​ដើម្បី​សុខភាព ធ្វើ​អនាម័យ និង​បោស ជូត សំអាត ក្នុង​ទីបញ្ជាការ រួច​ងូតទឹក​ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា​ជាប្រចាំ​ដើម្បី ចេញ​បេសកកម្ម ការពារ សន្តិសុខ សុវត្ថិភាព ហើយ​រួម​ទាំង​ជួយ​សម្រួល​ចរាចរ ជូន​បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ នៅ​តាម​ដងផ្លូវ និង​ភូមិសាស្ត្រ សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ។ សកម្មភាព​ហាត់​តៃ​ក្វាន់​ដូ (WTF) គ្រូ​បង្គោល​ខណ្ឌ ទាំង​១២ នឹង​ក៏​ដូច​ក្នុង​ទីបញ្ជាការ​។

​ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ និង​ការិយាល័យ​ពាក់ព័ន្ធ​នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅលើ​ដងផ្លូវ និង​ទាំង​កំពុង​នៅ​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន នា​ពេល​រាត្រី​ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ក្នុងនាម​ជា​កម្លាំង​ពិសេស​ជា​អ្នកបម្រើ​ដោយ​សេចក្តី​ស្មោះត្រង់​ជូន​ប្រជាពលរដ្ឋ​ជា​កត្តា​សំខាន់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114