ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Cambodia All Stars ត្រៀម​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​ប្រកួត​ផ្លូវការ​មកដល់​

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់​ថ្មីៗ​ថា​នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​មួយ​រវាង​ក្រុម Cambodia All Stars ជាមួយ​ក្រុមបាល់ទាត់ Muangthong United សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ថៃ ខណៈ​ក្រុម​ទាំង​២​ធ្លាប់បាន​ជួបគ្នា​ម្តង​ហើយ​កាលពី​ឆ្នាំ២០១៧ កន្លងទៅ​។

ក្រុម Cambodia All Stars លើក​នេះ​ដឹកនាំ​ដោយ​លោក ភា សុភ​ត្រា គ្រូបង្វឹក​របស់​ក្រុម​ក្រសួងការពារជាតិ ខណៈ​ថ្នាក់ដឹកនាំ​ក្រុម​ផ្សេងទៀត​មាន​លោក ឈូក ពិសិដ្ឋ តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ លោក អ៊ុំ សាវង្ស គ្រូ​ជំនួយ លោក ហោ សុខ​ហេង គ្រូ​ជំនួយ លោក យឿ​ម សារ៉ាន់ គ្រូ​ជំនួយ លោក ស៊ឹម ម៉េង​ហៃ គ្រប់គ្រង​សម្ភារៈ និង​លោក នី លក្ខណា គ្រប់គ្រង​សម្ភារៈ​។

ក្រុម Cambodia All Stars គឺជា​ការ​ប្រមូលផ្ដុំ​កីឡាករ​ល្អៗ​នៅក្នុង​លី​គ​កំពូល​កម្ពុជា ទាំង​កីឡាករ​ខ្មែរ​និង​បរទេស ខណៈ​ក្រុម​នេះ​ធ្លាប់​បាន​ប្រកួត​មិត្តភាព​៥​លើក​រួច​មក​ហើយ​។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុង​រចនា ក៏​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​មួយ​នេះដែរ ​ខណៈ​ចុងក្រោយ​លោក Leonardo Vitorino គឺជា​គ្រូបង្វឹក​ម្តង​។ ក្រុម Cambodia All Stars ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៥ មកម្ល៉េះ​។

សម្រាប់​ក្រុម Cambodia All Stars លើក​នេះ​ត្រូវ​បាន​លោក ភា សុភ​ត្រា ជ្រើសរើស​កីឡាករ​ដាក់​បញ្ជី​បញ្ជូន​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រួចមក​ហើយដោយ​ក្នុង​នោះ​រង់ចាំ​តែ​ថ្ងៃ​ប្រកាស​ផ្លូវការ​តែប៉ុណ្ណោះ​។ ចំណែក​គម្រោង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​របស់​ក្រុម Cambodia All Stars លើក​នេះ​គឺ​ត្រូវ​ប៉ះ​ក្រុម African All Stars (​បណ្តុំ​កីឡាករ​មកពី​ទ្វីបអាហ្វ្រិក​ដែល​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា​)​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ​។

​តាម​គម្រោង​ក្រុម Muangthong United របស់​ថៃ​នឹង​ប្រកួត​ជាមួយ​ក្រុម Cambodia All Stars នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ ខណៈ​កាលពី​ប៉ះ​គ្នា​លើក​ទី​២​ក្រុម Muangthong United បាន​យកឈ្នះ​លើ​ក្រុម Cambodia All Stars ដោយ​លទ្ធផល ៤​ទល់​០ ក្នុង​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ គ្រាប់​បាល់​ទាំង​៤​គ្រាប់​របស់​ក្រុម Muangthong United រកបាន​ដោយ​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Leandro Assumpcao រក​គ្រាប់​បាល់​៣​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​ក្នុង​នាទី​ទី​៨, ១៤, ៨១ ខណៈ​មិត្ត​រួម​ក្រុម​ជនជាតិ​ថៃ Ratchapol Nawanno ជា​អ្នករក​គ្រាប់​បាល់​១​គ្រាប់​ទៀត​ក្នុង​នាទី​២៥​។

គោលដៅ​នៃ​ការប្រកួត​រវាង​ក្រុម Muangthong United និង​ក្រុម Cambodia All Stars កាលពី​លើក​ទី​១​គឺ​ដើម្បី​ដកស្រង់​បទពិសោធន៍ រវាង​ក្រុម​ទាំង​២​ក៏ដូចជា​រឹត​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង ជាពិសេស​គឺ​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​សកម្មភាព​ពង្រឹងសមត្ថភាព​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ២០២៣ ដែល​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់​ផ្ទះ​៕