ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​បញ្ជូន​ទៅ​តុលាការ​ករណី​ឆក់​ទ្រព្យសម្បត្តិ

ភ្នំពេញ ៖ ជនសង្ស័យ ២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ករណី​ឆក់​ទ្រព្យសម្បត្តិ។

មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង១៦​នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ល្បាត​ពួនស្ទាក់​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​យួរដៃ​ម៉ាក​PRADA ពណ៌ ខ្មៅ )។

ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨១ ផ្លូវ​លេខ​២៤៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចាប់​យក​វត្ថុ​តាង​មធ្យោបាយ​ធ្វើ​សកម្មភាព​ម៉ូតូ ១​គ្រឿង និង​ភស្តុតាង​ជា​របស់​ជនរងគ្រោះ បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ។

ជនសង្ស័យ​ទាំង២​នាក់ ១-​ឈ្មោះ សួស ឡុង ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​មិន​ចាំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ​២-ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣៧១ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ វត្ថុ​តាង​ចាប់​យក ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​១HF-៩៦៨១ កាបូប​យួរដៃ​ម៉ាក PRADA ពណ៌ ខ្មៅ ចំនួន ០១ ,​ទូរស័ព្ទ​ដៃ ចំនួន​០២​គ្រឿង ម៉ាក IPhone 6Plus ពណ៌ ទឹកប្រាក់ ស៊ីម​កាត​លេខ ០៩៦ ៩ ៥៦៥ ៦១០ និង ម៉ាក​NOKIA ពណ៌ ខៀវ ស៊ីម​កាត លេខ ០៩៥ ៣៣៣ ៥៦២, ប្រាក់​ដុល្លារ​ចំនួន ១៩ ដុល្លារ​អាមេរិក ,​ប្រាក់​រៀល​ចំនួន ១៥,០០០​រៀល ,​គ្រឿង​អលង្កា​ធ្វើ​ពី​លោហធាតុ ពណ៌លឿង​ស្លេក (​កាឡៃ​) មួយចំនួន មាន​ចិញ្ចៀន​,​ខ្សែក​,​ខ្សែដៃ​មាន​ដាំ​ត្បូង ចំរុះ​ពណ៌។

ចំណែក​ជនរងគ្រោះ នៅ​ក្នុង​ករណីនេះ ​ឈ្មោះ លឹម អេង ភេទ ស្រី អាយុ​៥៧ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៩៥ ផ្លូវ​លេខ​៣២០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​មុខរបរ លក់ដូរ៕