ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា គឺជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ច្រើនជាងគេ លំដាប់​ទី​៣

ភ្នំពេញ​ ៖ ក្នុងចំណោម​ប្រទេស​ទាំង​១០​នៅ​អាស៊ាន ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ច្រើន​ជាង​គេ លំដាប់​ទី​៣ នេះ​បើ តាម​ការបញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP Cambodia) ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​។

UNDP បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦ មក ប្រទេស​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ចំនួន​៥៧៨៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​២៧៧​នាក់​។ បច្ចុប្បន្ន​នេះ នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​អា​ហ្រិ​ក​កណ្តាល ប្រទេស​លី​បង់ កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ប្រមាណ​១០០០​នាក់​កំពុង​បំពេញបេសកកម្ម​ក្នុង​ប្រទេស​ចំនួន៤។ ចំណែក​នៅ​ចុង​ខែមករា​នេះ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​បន្ថែម​របស់​ខ្លួន​ចំនួន​១៨៤ នាក់​រួមមាន​ស្ត្រី​១៣ នាក់​ទៅកាន់​ប្រទេស​លី​បង់​។

ទាក់ទង​បញ្ហា​នេះ លោកស្រី Paulin Tamesis អ្នកសម្របសម្រួល អ​.​ស​.​ប ប្រចាំ​កម្ពុជា ធ្លាប់បាន​ថ្លែង​កាលពី​ថ្មីៗ​នេះ​ថា កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ​ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល ដែលជា​ភារកិច្ច​ដ៏​សំខាន់បំផុត និង​ជា​សក្ខីភាព​ជាក់ស្តែង​ផងដែរ​។ ជាងនេះទៀត តាមរយៈ​ព័ត៌មាន​ដែល​លោកស្រី​ទទួលបាន​ក្នុង​ចំណាត់ថ្នាក់​នៃ​ការបរិច្ចាគ​កងកម្លាំង ដែល​វាយតម្លៃ​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ខែសីហា ឆ្នាំ​២០១៨​នេះ គឺ​កម្ពុជា​ស្ថិតក្នុង​លេខ​រៀង​ទី​២៩ លើ​១២២​ប្រទេស​បរិច្ចាគ​កងក​ម្លាំ​ង ដែល​បាន​បរិច្ចាគ​កងកម្លាំង​ច្រើនជាងគេ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ហើយ​លោកស្រី​ក៏បាន​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ផងដែរ​។

តាម​លោកស្រី Paulin Tamesis ប្រការ​ដែល​គួរ​ឲ្យ​សរសើរ​ទៀត​នោះ បច្ចុប្បន្ន​កម្លាំង​កម្ពុជា​ចំនួន​៨១១​នាក់ ដែល​ក្នុង​នោះ​មាន​នារី​ចំនួន​៦៦​នាក់ កំពុង​បំពេញបេសកកម្ម​ក្នុង​បណ្ដា​ប្រទេស​នានា ក្នុង​ទ្វីបអាហ្វ្រិក និង​មជ្ឈិមបូព៌ា​។​លោកស្រី​អ្នកសម្របសម្រួល អ​.​ស​.​ប ប្រចាំ​កម្ពុជា​រូប​នេះ បានធ្វើការ​កត់សម្គាល់​ពី​ការបញ្ជូន​កម្លាំង​ជា​នារី​របស់​កម្ពុជា​កាន់​តែមាន​ចំនួន​ច្រើន​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ទៅកាន់​បណ្ដា​ប្រទេស​នានា​របស់​អង្គការសហប្រជាជាតិ​។

​លោកស្រី Paulin Tamesis បញ្ជាក់ថា នារី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ជម្លោះ ព្រមទាំង​រក្សា​សន្តិភាព​ដោយ​ស្មើភាព​ដូច​បុរស​ដែរ​។ ក្នុងករណី​ជាច្រើន នារី​អាច​អនុវត្តន៍​ការ​ងារ​រក្សា​សន្តិភាព​សំខាន់ៗ​រួមមាន ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវភេទ ធ្វើការ​ជាមួយ​នារី​ដែល​ជាប់ពន្ធនាគារ ផ្ដល់​ជំនួយ​ដល់​ស្ត្រី​ដែលជា​អតីត​អ្នក​ប្រយុទ្ធ​អំឡុង​ពេល​ដំណើរការ​កាត់​រំសាយទ័ព និង​ការ​ធ្វើ​សមាហរណកម្ម និង​ជួយ​បង្ហាត់​ដល់​និស្សិត​ដែល​ជា​យោធិន​នារី និង​នគរបាល​ផងដែរ​។ ម្យ៉ាងទៀត​ការ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ គឺជា​អាទិភាព​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres នៅពេល​លោក​ចូលកាន់​តំណែង​ជា​លើកដំបូង ហើយ​ក៏បាន​បញ្ចូល​អាទិភាព​នេះ​នៅ​ពាសពេញ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​របស់ អង្គការសហប្រជាជាតិ​។

បើ​តាម​នាយ​ឧត្ដម​សេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ច​ការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​បាន​បញ្ជាក់​ថា ក្នុង​វិស័យ​រក្សា​សន្ដិភាព​លើ​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ពី​ចក្ខុវិស័យ​ក្នុង​គោលដៅ​ធានា និរន្ដរភាព​នៃ​ការ​បញ្ជូន​កងកម្លាំង​រក្សា សន្ដិភាព​ដោយ​ប្ដេជ្ញា​យ៉ាង​មុតមាំ​បន្ដ​វិភាគទាន ចូលរួម​បំពេញបេសកកម្ម​របស់​អង្គការ សហប្រជាជាតិ​ដើម្បី​រួមចំណែក​ជាមួយ​សហគមន៍​អន្ដរជាតិ ក្នុង​កិច្ចប្រឹងប្រែង​រក​សន្ដិភាព​ជូន​ប្រទេស​ដទៃ​នៅលើ​ពិភពលោក​តាម​សំណូមពរ ជាក់ស្ដែង​របស់​អង្គការសហប្រជាជាតិ​។​

បាយ​ការណ៍​របស់​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​នៃ​កម្ពុជា​បានបង្ហាញ​ដែរ​ថា បច្ចុប្បន្ន​កងកម្លាំង​ក​ម្ពុ​ជា​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ស៊ូដង់ លី​បង់ អាហ្វ្រិក​កណ្តាល និង​ម៉ាលី​។ ចាប់ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​សរុប​ចំនួន​៥៥៧៩​នាក់ ក្នុង​នោះ​មាន​នារី​ចំនួន ២៦៧​នាក់ លើ​ជំនាញ​បោសសំអាត​មីន វិស្វកម្ម​សំណង់​ផ្តេក បញ្ឈរ តម្រួត​សណ្តាប់ធ្នាប់ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​ព្រលានយន្តហោះ និង​កំទេច​គ្រាប់​មិនទាន់​ផ្ទុះ ទៅកាន់​បេសកកម្ម​ចំនួន ១០ ក្នុងប្រទេស​ចំនួន​៨ មាន​ជាអាទិ៍ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាត ស៊ី​រី សាយ​ប្រឺស អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​៕


TAG