ព័ត៍មានទាន់​ហេតុការណ៏
Search

លេចមុខ​លោក ប្រាក់ សុវណ្ណារ៉ា ចូល​បង្វឹក​កីឡាករ​នៅ​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ជា​គ្រូ​ឧទ្ទេស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត​ខ្ពស់ (AFC Pro License) កាលពីពេល​ថ្មីៗ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅពេល​ត្រូវបាន​គេ​ឃើញ​កំពុងតែ​ដឹកនាំ​ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) សមាជិក​របស់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​ប្រភព​មកពី​ក្លិប​ប៉ូលីស បាន​ឲ្យ​ដឹង​ថា ​ក្លិប​មួយ​នេះ​តែលតោល​ក្រោយ​ការ​ចាកចេញ​របស់​លោក អ៊ុង កង​យ៉ា​និ​ត ខណៈ​លោក ពាស សុធី ដែល​ចូល​មក​ដឹកនាំ​ជំនួស​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ពិន័យ ហើយ​ការ​ចាកចេញ​របស់លោក នុត សូ​នី ក៏​ជា​ចំណុច​អវិជ្ជមាន​មួយ​សម្រាប់​ក្រុម​ដែលជា​បន្ទុក​នេះ​ធ្លាក់​មកលើ​លោក សារ៉េត ស៊ីដន ជា​គ្រូ​ជំនួយ​ប្រចាំ​ក្រុម​។ យ៉ាង​ណា​ក្តី​អ្វីៗ​នៅក្នុង​អាថ៌កំបាំង​នៅឡើយ ដោយ​រង់ចាំ​ការប្រកាស​ជា​ផ្លូវការ​រវាង​ភាគី​ទាំង​២​ប៉ុណ្ណោះ​។

​មែនទែន​ទៅ​លោក ប្រាក់ សុវណ្ណារ៉ា ក្នុងនាម​ជា​គ្រូ​ឧទ្ទេស​លោក​ធ្លាប់​ចេញទៅ​បង្ហាត់​វគ្គ​គ្រូបង្វឹក​បាល់ទាត់​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដែល​ស្ថិត​ក្រោយ​ដំបូល​របស់ AFC ដូចជា​មី​យ៉ាន់​ម៉ា វៀតណាម ថៃ ម៉ុង​ហ្គោ​លី ឡាវ ហ្វីលីពីន ជាដើម​។ ថ្មីៗ​នេះ​លោក​បានធ្វើ​ដំណើរ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ក្នុង​សន្និសីទ​បាល់ទាត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA Football Conference) នៅ​ទីក្រុង​ឡុង​ដុង ប្រទេស​អង់គ្លេស​ផងដែរ​។

សូម​រំលឹក​ថា ​លោក ប្រាក់ សុវណ្ណារ៉ា ក្នុង​វ័យ​៤៥​ឆ្នាំ​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពី​លើកដំបូង​លោក​ដឹកនាំ​ចាប់ពី​ខែសីហា ឆ្នាំ​២០០៨ ដល់​ខែឧសភា ឆ្នាំ​២០០៩ ហើយ​លើក​ទី​២​ដឹកនាំ​ពី​ខែធ្នូ ឆ្នាំ​២០១២ ដល់​ខែកញ្ញា ឆ្នាំ​២០១៣ និង​លើក​ទី​៣​ដឹកនាំ​ក្រុម​បណ្តោះអាសន្ន​នៅ​ចុងឆ្នាំ​២០១៧ កន្លងទៅ​។ ក្រៅពី​ក្រុម​ជម្រើសជាតិ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​អាជីព​នៅ​កម្ពុជា ផងដែរ​ដូចជា ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​២០០៩ ហើយ​ដឹកនាំ​ហ្គា​វើ​ល ២០១៣-២០១៤ គីរីវង់​សុខ​សែន​ជ័យ នៅ​ចុងឆ្នាំ​២០១៤ និង​បឹងកេត​អែ​ហ្វ​ស៊ី ពី​ឆ្នាំ​២០១៥​ដល់​២០១៧៕