ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ រចនា​ម៉ូដ​អាវ​ប្រកួត​រដូវ​កាល​ថ្មី លើសពី​សម្រាប់​ពាក់​ប្រកួត​លើ​ទីលាន​

ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​បានបង្ហាញ​ឯកសណ្ឋាន​ក្នុង​ដី និង ក្រៅ​ដី​ដ៏​ស្រស់​ស្អាត​របស់​ក្រុមហ៊ុន​លក់​សម្ភារៈ​ប្រទេស​ជប៉ុន ACUORE ។ ឯកសណ្ឋាន​ក្នុង​ដី ពណ៌​សលាយ​លឿង​(​ឆ្នូត​លឿង​) ខណៈដែល​ឯកសណ្ឋាន​ក្រៅ​ដី​ពណ៌​ប្រផេះ​(​ឆ្នូត​លឿង​)​។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បាន​បង្ហាញ​ឯកសណ្ឋាន​សម្រាប់​រដូវ​កាល​ថ្មី​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១១ មករា ថ្មីៗ​នេះ​។ ក្រោយ​បង្ហាញ​ដល់​អ្នកគាំទ្រ​ក្លិប និង សាធារណជន លោក Yusuke Shinoda អ្នកចាត់ការ​អង្គ​រថា​យ​ហ្គឺ​រ បាន​បង្ហើប​ឲ្យ​ដឹង​ថា អាវ​ម៉ាក ACUORE មិន​ត្រឹម​ពាក់​សម្រាប់​កីឡាករ​ទេ ប៉ុន្តែ ត្រូវបាន​រចនា​ម៉ូដ​ក្នុង​ផ្នត់គំនិត​សម្រាប់​អ្នកគាំទ្រ​ពាក់​នៅ​ខាងក្រៅ​ទីលាន​ទៀតផង​ដូចជា ការពាក់​ដើរ​កម្សាន្ត​នៅក្នុង​ក្រុង​ជាដើម​។ ប្រភព​បានបញ្ជាក់​ទៀត​ថា ផលិតផល​ម៉ាក ACUORE កំពុង​ផ្សព្វផ្សាយ​ម៉ាក​យីហោ (Brand) របស់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន ពង្រីក​ទីផ្សារ និង ដើម្បី​ឆក់​យក​បេះដូង​ក្លិប​លី​គ​អាជីព​នៅ​ជប៉ុន​។​

គួរ​បញ្ជាក់​ថា អង្គ​រថា​យ​ហ្គឺ​រ ត្រូវបាន​ដឹងថា ​ជា​ក្រុម​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា ដំបូង​គេ​ដែល​បាន​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក NT ខណៈ​ឆ្នាំនេះ​ក្លឹប​បានសម្រេច​មក​ប្រើប្រាស់​ផលិតផល​របស់​ប្រទេស​ជប៉ុន ដែលជា​ប្រទេស​កំណើត​របស់​ម្ចាស់​ក្លឹប​ផ្ទាល់​។

​គួរ​ដឹង​ដែរ ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវបាន​ប្តូរ​ឈ្មោះ​នៅ​ឆ្នាំ ២០១៥ ដែល​មាន​ប្រធាន​ក្លិប​ជនជាតិ​ជប៉ុន Akihiro Kato ខណៈ​ក្លិប​នេះ​បង្កើតឡើង​នៅ​ខែធ្នូ ឆ្នាំ​២០១២ ដែលមាន​ឈ្មោះ​ជា​ត្រាយ​អាស៊ី​។ ក្លិប​នេះ​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប និង ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប​ជាទី​លាន​ប្រកួត ហើយ មួយរយៈ​រដូវ​កាល​២០១៨​កន្លងទៅនេះ ទទួលបាន​ភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ដោយ​ឈ្នះ​ពាន CNCC Award ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ទៀតផង​។

​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោលគឺ អាច​ឡើងដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួលបាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ កន្លង​ធ្វើជា​ទឹកដី​របស់ខ្លួន​រាល់​ការប្រកួត​នានា​។

​ចំណែក​លទ្ធផល​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បានបញ្ចប់​យុទ្ធនាការ​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ក្លិប​ទាំង​១២ ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៧​លើក​និង​បរាជ័យ​៨​លើក​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ក្រោយ ប្រកួត​បរាជ័យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដោយ​ថ្វី​ជើង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​២​ទល់​០៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114