ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវដែក​លើ​អាកាស​លើកដំបូង​នៅ​កម្ពុជា នឹង​ត្រូវ បង្ហាញ​វត្តមាន​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​

ភ្នំពេញ​ ៖​ លោក LUO LINQUAN បាន​និយាយថា ក្រុមហ៊ុន Chongqing Monorail Transit Engineering ដែល​មាន​ឯកទេស​ខាង​វិស្វកម្ម ព្រមទាំង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​តំបន់ជីវ​ឡុង​ប៉ នៃ​ខេត្ត​ឆុង​ឈី​ង គ្រោង​វិនិយោគ​សាងសង់​ផ្លូវដែក​លើ​អាកាស លើកដំបូង​នៅ​កម្ពុជា ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន ទេសចរណ៍ និង​ពាណិជ្ជកម្ម​។

ការ​ថ្លែង របស់លោក លោក LUO LINQUAN សមាជិក​គណៈកម្មាធិកា​រ CPC នៃ​តំបន់ជីវ​ឡុង​ប៉ បានធ្វើ​ឡើង​ក្នុង ជំនួប​ពិភាក្សា​ទ្វេភាគី រវាង លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​គណៈប្រតិភូ​ចិន​ខេត្ត​ឆុង​ឈី នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩។

នៅក្នុង​ជំនួប​ពិភាក្សា នោះ លោក LUO LINQUAN បាន​ជម្រាបជូន លោក ឈួន ដា​រ៉ា អំពី​សក្តានុពល​ខេត្ត​ឆុង​ឈី​ង និង​ការសាងសង់​ផ្លូវដែក​លើ​អាកាស ដោយ​ក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមាន​ឯកទេស​ខាង​វិស្វកម្ម ព្រមទាំង​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​តំបន់​ជីវ​ឡុង​ប៉ នៃ​ខេត្ត​ឆុង​ឈី​ង​។ ជា​ការ​ឆ្លើយតប លោក ឈួន ដា​រ៉ា បាន​សម្តែង​ការ​ស្វាគមន៍ ចំពោះ​ប្រតិភូ​ខេត្ត​ឆុង​ឈី​ង ដែល​មាន​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​ផ្លូវដែក​លើ​អាកាស ក៏ដូចជា​វិស័យ​សក្តានុពល​សំខាន់ៗ​មួយចំនួនទៀត​។ លោក បាន​ជម្រាបជូន​ភាគី​ចិន អំពី​វឌ្ឍនភាព​របស់​កម្ពុជា ជាពិសេស​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និង​ទេសចរណ៍​។

ពាក់ព័ន្ធ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​តំបន់​ជីវ​ឡុង​ប៉ លោក ឈួន ដា​រ៉ា បាន​លើក​ឡើង​ពី​ភាព​ជោគជ័យ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ទីក្រុង​ស៊ី​អាន ក្វាង​ចូ​វ និង​ហាយ​នី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បាន​សន្យា​ជួយ​សម្របសម្រួល​ប្រតិភូ​ខេត្ត​ឆុង​ឈី​ង បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម បាន​ទទួល​លិខិត​ស្នើសុំ​ជា​ផ្លូវការ ពី​រដ្ឋបាលខេត្ត​ឆុង​ឈី​ង និង​មន្ទីរ​ពាណិជ្ជកម្ម​របស់​ចិន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114