ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក ត្រៀម​រៀបចំ​ទិវា​បាល់ទាត់​សម្រាប់​កុមារ​ក្រោម​អាយុ​១៣​ឆ្នាំ​នៅ​សប្ដាហ៍​ក្រោយ​

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នឹង​បង្កើត​ប្រកួត​ទិវា​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ ឬ​ហៅថា​U-13 Football Festival 2018 នៅ​សប្ដាហ៍​ក្រោយ​ដោយមាន​ក្រុម​ចំនួន​២៣​ចូលរួម​ប្រកួតប្រជែង ខណៈ​គណៈកម្មការ​នឹង​ប្រើប្រាស់​ពេល​ចំនួន​៣​ថ្ងៃ​ដើម្បី​កំណត់ពេល​វេលា​ឲ្យ​ក្រុម​ទាំងអស់​ប្រកួតប្រជែង​ស្វែងរក​ម្ចាស់​ជើងឯក​។

​ប្រភព​មកពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​គម្រោង​សម្រាប់​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​ គឺ​ធ្វើឡើង​ពីថ្ងៃ​ទី​១៤ រហូតដល់​ថ្ងៃទី​១៦ ខែ មករា សប្ដាហ៍​ក្រោយនេះ​។ ចំណែក​ក្រុម​ដែល​ចូលរួម​វិញ​គឺមាន​សមាសភាព​ចំនួន​២៣ មកពី​២០ រាជធានី​ខេត្ត ហើយ​ក្រុម​ភាគច្រើន​តំណាង​ឲ្យ​មន្ទីរអប់រំ​ខេត្ត រៀងៗ​ខ្លួន ខណៈ​ក្នុង​នោះ​បូក​ទាំង​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ក៏ដូចជា​ក្រុមយុវជន​ថ្នាល​របស់ លោក ប្រាក់ សុវណ្ណារ៉ា ក៏មាន​ឈ្មោះ​ក្នុង​ការប្រកួត​ពានរង្វាន់​ខាងលើនេះ​ផងដែរ​។

​កម្មវិធី​ប្រកួត​សម្រាប់តែ​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំនេះ នឹងធ្វើ​ឡើងលើ​ទីលាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ​។ ស​.​ប​.​ក តែង​តែង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បែបនេះ​រៀងរាល់ឆ្នាំ ស្រប​ពេល​ដែល​កម្មវិធី​ប្រកួត​រាល់​លើក​គឺ​ជ្រើសរើស​កីឡាករ​យុវជន​ថ្នាល​ដាក់​ក្នុង​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​គោលដៅ​ពង្រឹង​យុវជន​ថ្នាល​ត្រៀម​ពេល​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​។

​សូម​បញ្ជាក់​ថា ​សម្រាប់​គ​ម្រោ​ង​ប្រកួត​កម្រិត​ថ្នាល​យុវជន​កម្រិត U13 នេះ ស​.​ប​.​ក កំពុងតែ​ដំណើរការ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជើងឯក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ (U17) និង​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ (U15) និង​បាល់ទាត់​នារី ចំនួន​២​កម្រិត ប្រចាំឆ្នាំ​២០១៨-១៩ ខណៈ​កម្មវិធី​បើក​ធ្វើឡើង​នៅ​ខេត្តព្រះវិហារ កាលពី​ខែធ្នូ កន្លងទៅ​៕