ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ទៅ​សហគម​អឺរ៉ុប​កុំ​ឲ្យ​ធ្វើ​កំហុស​ជា​លើក​ទី​៣ មកលើ​កម្ពុជា​

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​សមាជិកសភា​នៃ ប្រទេស​អៀក​ឡង់​ដែលជា​ប្រទេស​មួយ​នៅក្នុង​សហគមន៍​អឺរ៉ុប​ថា​ សហគមន៍​អឺរ៉ុប​មិនគួរ​បន្ត​ប្រព្រឹត្ត​កំហុស​ជា​លើក​ទី​៣ ចំពោះ​កម្ពុជា​ទេ​ព្រោះ​ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​២​ដង​រួច​មក​ហើយ​ មក​លើ​កម្ពុជា ,​កំហុស ទី​១.​គឺ​គាំទ្រ​ការ​ផ្តួលរំលំ អតីតព្រះមហាក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​នរោត្តម សីហនុ ដែលជា​អតីត​រដ្ឋាភិបាល​ស្របច្បាប់​នៃ​កម្ពុជា។ ទី​២.​គឺ ការ​គាំទ្រ​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ​ជាង​១២ឆ្នាំ នៅ​ពេលដែល​ខ្មែរក្រហម​បាន កាប់សម្លាប់​ប្រជាជន​ខ្មែរ​អស់​រាប់​លាន​នាក់​និង​ទី​៣. គឺ​ការប្រើប្រាស់ EBA​មក​គំរាម​កំហែង​និង​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុ​ជា​តាមរយៈ​ការ​គំរាម ដក EBA ពី​កម្ពុជា​និង​យក​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ១៦​លាន​នាក់​ជា​ចំណាប់ខ្មាំង​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជូន​សារ​នេះ​តាម​លោក Enda Patrick Kenny សមាជិកសភា​នៃ​សាធារណរដ្ឋ​អៀក​ឡង់ ដើម្បី​ជម្រាប​និង​ពន្យល់​ដល់​សហភាព​អឺរ៉ុប​ឲ្យ​បាន​យល់​អំពី​សភាព​ការពិត​នៅ​កម្ពុជា​ដែល​មាន​ចំណុច​ខ្លះ​អាច​និយាយ​គ្នា​បាន ចំណុច​ខ្លះ​អាច សម្រួល​គ្នា​បាន និង ចំណុច​ខ្លះ​មិនអាច​ធ្វើបាន។ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​សហគមន៍​អឺរ៉ុប​មក​ទល់​ពេល​នេះ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​ការ​អភិវឌ្ឍ​កម្ពុជា​មិនអាច​កាត់​ផ្តាច់​ពី​ការចូលរួម​របស់​សហគមន៍​អឺរ៉ុប​បាន​ឡើយ​។

គួរ​បញ្ជាក់​ជូន​ថា​ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ លោក Enda Patrick Kenny សមាជិកសភា នៃ​សាធារណរដ្ឋ​អៀក​ឡង់​។

​បើ​យោង​តាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា នៅក្នុង​ជំនួប​នោះ លោក Enda បាន​កោត​សរសើរ ​និង ​ពេញចិត្ត​ចំពោះ​ស្ថិរភាព​នយោបាយ​និង​ការ​រីកចម្រើន​របស់​ក​ម្ពុ​ជា​បច្ចុប្បន្ន​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ក្នុង​រង្វង់ ៧.៧% នៅ​ក្រោម​ការដឹកនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន។ ទន្ទឹម​នេះ លោក Enda បាន​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្រិត​សកលវិទ្យាល័យ​ដល់​យុវជន​វ័យក្មេង​ឲ្យ​បាន​ច្រើន​ប្រកបដោយ​គុណភាព​ដែល​ពួកគេ​ជា​អនាគត​ពិតប្រាកដ​រប​ស់​ប្រទេសជាតិ​។

លោក Enda បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ គឺ​ឆ្លើយ​តប​ទៅ​នឹង​ការអញ្ជើញ​របស់លោក Dr.Haruhisa Handa ដែល​បាន​អញ្ជើញ​រូបលោក​មក​ចូលរួម​ក្នុង​គម្រោង​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ និង វិស័យ ដទៃទៀត​នៅ​កម្ពុជា​។ នៅក្នុង​ឱកាស​នេះ លោក Enda ក៏បាន​គោរព​ស្នើសុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ស្វែងយល់​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង សហគមន៍​អឺរ៉ុប​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក Enda និង​ជូនពរ​លោក​ទទួលបាន​ជោគជ័យ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយ​សង្ឃឹមថា​នៅ​ថ្ងៃ​ណាមួយ​ក្នុងពេលដែល​សម្តេច​អញ្ជើញ​ទៅលេង​ចៅ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អង់គ្លេស​សម្តេច​នឹង​ឆ្លៀតឱកាស​ទៅលេង ប្រទេស​អៀក​ឡង់​ជាមិនខាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114