ព័ត៍មានទាន់​ហេតុការណ៏
Search

បង្កើត​យុទ្ធនា​ការ​ពង្រឹង​ឯករាជ្យ​ភាព​ខាង​សេដ្ឋកិច្ច ​៖ សម្តេច​តេ​ជោ​ប្រកាស ដកចេញ​ឲ្យ​អស់ ទាំង​កាំកុងត្រូល ទាំង​ស្អី ព្រោះ​អាហ្នឹង វា​កើត​ទៅជា​ឧបសគ្គ​រារាំង​ការធ្វើ​ពាណិជ្ជកម្ម នៅ​តាម​ព្រំដែន​

ភ្នំពេញ ៖​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​នៅក្នុង​ជំនួប​ជាមួយ​អ្នកកាសែត​ជាង​៤៥០០​នាក់ ​នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​យប់​ថ្ងៃទី​១១ ខែមករា​នេះ ថា​កម្ពុជា​កំពុង​បង្កើត​យុទ្ធនាការ​មួយ​ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​ត្រៀម​ទប់​ទល់នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​និង​អាមេរិក។ ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី គឺ​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​រូប ទើប​ស្នើ​សេចក្តី​ព្រាងច្បាប់​ថ្មី​មួយ​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាល​អាមេរិក ពិចារណា ឡើងវិញ​នូវ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ GSP​ដល់​កម្ពុជា និង ខណៈ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។

ជា​វិធានការ​ដំបូង​និង​ក្តៅៗ​ ដើម្បី​ឈាន​ទៅ​ពង្រឹង​ឯករាជ្យភាព​នៃ​សេដ្ឋកិច្ច​របស់​កម្ពុ​ជា សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា សម្តេច បាន​បញ្ជា​ឲ្យ​ដក​កងកម្លាំង​និង​ស្ថាប័ន​ផ្សេងៗ​ចេញពី​គ្រប់​ច្រកព្រំដែន​ទាំងអស់​ ដោយ​ទុក​ឲ្យ​មានតែ​ស្ថាប័ន​អន្តោប្រវេសន៍​និង​គយ​តែប៉ុណ្ណោះ​។ ចំណែកឯ​ស្ថាប័ន​ផ្សេងៗ​ទៀត​នឹង​ត្រូវ​ជម្រុះ​ចោល​ទាំងអស់​។​ នេះ​គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ផ្សេងៗ​ទៀត​ ដែល​សម្តេច​តេ​ជោ​បាន​អះអាងថា ជា​យុទ្ធនា​ការ​ពង្រឹង​ឯករាជ្យ​ភាព​ សេដ្ឋកិច្ច​របស់​កម្ពុជា បើ​ទោះ​បី​ជា​គេ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ក៏ដោយ​ក៏​កម្ពុជា​នៅតែ​អាច​រស់​បាន​ដោយ​ខ្លួនឯង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា សម្តេច​បាន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជា​អ្នក​អនុវត្ត​យុទ្ធនាការ​នេះ ដោយ​ជាបឋម​ត្រូវ​ដកចេញ​នូវ​ស្ថាប័ន​នានា​ដែល​ជា​ឧបសគ្គ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ច្រក​ព្រំដែន​។

បន្ថែម​លើ​នេះ នៅក្នុង​ក្របខណ្ឌ នៃ​គោលនយោបាយ​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួនទៀត​ដូចជា​ការ​លុបបំបាត់ចោល​លុយ​ក្រោម​តុ ការកាត់បន្ថយ​តម្លៃ​ស្កេ​ន និង​រួម​ទាំង​ការកាត់បន្ថយ​តម្លៃ​ចំណាយ​ក្រៅផ្លូវការ​ផ្សេងៗ​ទៀត។ អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​នៅពេលនេះ គឺ​ដើម្បី​ធានា​ឲ្យ​អ្នក​រកស៊ី​នៅ​កម្ពុជា​រក្សាបាន​នូវ​ផលចំណេញ​របស់ខ្លួន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា «​យុទ្ធនា​ការពង្រឹង​ឯករាជ្យ​របស់​កម្ពុ​ជាមាន​ចំណុច​មួយចំនួន​អាច​នឹង​ជួយ​ឲ្យ​វិស័យ​ធុរកិច្ច​របស់​យើង បើទោះបីជា​គ្មាន​ភាពអនុគ្រោះ​ក៏​កម្ពុជា​នៅតែ​រស់​។ ឧទាហរណ៍ ខ្ញុំ​បានសម្រេច នៅ​តាម​មាត់ច្រក​តាម​ព្រំដែន ក្នុង​ការ​នាំចេញ​នាំចូល អត់​មាន​តម្រូវការ​ឲ្យ​មាន​ស្ថាប័ន​ណា​ក្រៅពី​អន្តោប្រវេសន៍ និង​គយ​ទេ​។ ឲ្យ​តែ​ពីរ​ហ្នឹង​ទេ​! ក្រៅពីនោះ ដកចេញ​ឲ្យ​អស់ ទាំង​កាំកុងត្រូល ទាំង​ស្អី ដកចេញ​ឲ្យ​អស់ ព្រោះ​អាហ្នឹង វា​កើត​ទៅជា​ឧបសគ្គ​នៃ​ការរារាំង​ការធ្វើ​ពាណិជ្ជកម្ម​ទៅវិញ​ទេ​»​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដូចជា​អង្គភាព​កាំកុងត្រូល​ជាដើម​គឺ​នឹង​មិនមាន​សមត្ថកិច្ច​នៅតាម​ច្រក​នាំចេញ​នាំចូល​ទៀត​ទេ។ ​ចំពោះ​វិធានការ​ថ្មី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បញ្ជាក់​ដែរ​ថា ដើម្បី​ជំរុញ​ការនាំចេញ​របស់​កម្ពុជា និង​ដោះស្រាយ​ការកាត់បន្ថយ​តម្លៃ​ដើម​ចំពោះ​ការនាំចេញ ដោយ​មិន​ចាំ​បាច់​ពឹងផ្អែក​ទាំងស្រុង​ចំពោះ​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប ឬ ក៏​សហរដ្ឋអាមេរិក​នោះ​ពោល​បើ​គ្មាន​ការ​អនុគ្រោះ​ពន្ធ​ក៏​កម្ពុជា នៅតែ​គ្មាន​បញ្ហា​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម។

វិធានការ​នេះ គឺជា​ការកែទម្រង់​មួយ​ដើម្បី​បង្កើន​ភាព​ប្រជែង​ឈ្នះ​របស់​កម្ពុជា​និង​ដើម្បី​កាត់បន្ថយ​ការ​ពឹង​ពាក់​លើ​សម្បទាន​ពាណិជ្ជកម្ម​ពី​អឺរ៉ុប​និង​អាមេរិក។ ប៉ុន្តែ​នៅ​មាន​ការងារ​ច្រើន​ថែមទៀត ដែល​កម្ពុជា​ត្រូវធ្វើ​ដើម្បី​ជំរុញ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​មួយ​មាន​សមត្ថភាព​ប្រកួតប្រជែង​ដោយ​ពេញលេញ​នៅលើ​ឆាក​អន្តរជាតិ។

គួរ​កត់សំគាល់ថា ប​ច្ចុ​ប្បន្ន​នៅតាម​មាត់​ច្រក់ព្រំដែន​អន្តរជាតិ​នីមួយៗ​មាន​សម​ត្ថ​កិច្ច​ច្រើន​ធ្វើការ​នៅ​ទីនោះ ដែល​គេ​សង្កេតឃើញ​មាន​គយ ប៉ូលីស អន្តោប្រវេសន៍ ប៉ូលិស​សេដ្ឋកិច្ច កាំកុងត្រូល ច​ត្តា​ឡី​ស័​ក្តី និង សម​ត្ថ​កិច្ច​ផ្សេងៗ​មួយចំនួនទៀត។ ​ទី​១- ប្រធាន​ទីស្នាក់ការ (​ជាម​ន្ដ្រី​របស់​សាលា​ខេត្ដ​) ជា​ប្រធាន ​ទី​២- មន្ត្រី​នគរបាល​អន្ដោប្រវេសន៍ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ជា​អនុប្រធាន ​ទី​៣- មន្ត្រី​គយ និង​រដ្ឋាករ ​ទី​៤-​មន្ត្រី​កាំកុងត្រូល នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម​ ​ទី​៥-​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំដែន នៃ​អគ្គបញ្ជាការ ​ទី​៦-​មន្ដ្រី​ច​តា​ឡី​ស័ក (​មន្ដ្រី​ពិនិត្យ​លើ​ជំងឺឆ្លង​) របស់​មន្ទីរ​សុខាភិបាល​ខេត្ត នៃ​ក្រសួងសុខាភិបាល ​ទី​៧-​មន្ត្រី​នគរបាល​បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន BLO ជាដើម​។

​ជាទូទៅ​អ្នកជំនួញ​តែង​ត្អូញត្អែរ​ថា សមត្ថកិច្ច​នៅតាម​មាត់ច្រក​ព្រំដែន​គឺ​អង្គុយចាំតែ​រាប់ឡាន​យកលុយ ឬ រាប់​បាវ​យក​លុយ​តែប៉ុណ្ណោះ ពិសេស​សមត្ថកិច្ច​កាំកុងត្រូល​តែម្តង មិនដែល​ពិនិត្យ​រកឃើញ​របស់​ខូចគុណភាព ឬ វត្ថុ​ធាតុគីមី​អ្វី​នោះទេ ឲ្យ​តែ​ឲ្យ​លុយ​គ្រប់​គឺ​ចង់​ដឹក​សារធាតុ​គីមី​មកដល់​ក្នុងប្រទេស​ក៏​ដឹក​ទៅ ។ រឿងហេតុ​តែង​កើតមាន​ជារឿយៗ ហើយ​លុយ​ដែល​ចូលទៅក្នុង​សមត្ថ កិច្ច​កាំកុងត្រូល​នេះ​ភាគច្រើន​មិនបាន​ចូលទៅក្នុង​ថវិកាជាតិ​ទេ គឺ​ចូល​តែ​នៅក្នុង​ហោ​ប៉ាវ​បុគ្គល​ច្រើនជាង​។

គួរ​ជម្រាប​ជូន​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប គឺ​លោក ថិ​ត គ្រូ​ស (TED Cruz) មកពី​គណបក្ស​សាធារណរដ្ឋ​និង​សមាជិក​ព្រឹទ្ធសភា​ម្នាក់ទៀត លោក គ្រី​ស ខូ​នស៍ (Chris Coons) មកពី​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី ០៩ មករា ទើបបាន​ស្នើ​សេចក្តី​ព្រាងច្បាប់​ថ្មី​មួយ​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ ដើម្បី​ឲ្យ​រដ្ឋបាល​អាមេរិក ពិចារណា​ឡើងវិញ​នូវ​ការអនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា និង​ស្រប​ពេលដែល​សហភាព​អឺរ៉ុប​កំពុង​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា៕