ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុងជំនួប​លើក​ទី​៣ ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​ដាក់ចេញ​សំណូមពរ​ចំនួន ៨ ចំណុច

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​សំណូមពរ​ចំនួន​៨​ចំណុច​ទៅកាន់​អ្នកសារព័ត៌មាន​ឲ្យ​យកចិត្តទុកដាក់​កែលំអ​បន្ថែមទៀត​ក្នុង​បំណង​លើកកម្ពស់​គុណ​ភាព​ព័ត៌មាន​ឲ្យ​កាន់​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​។

សំណូមពរ​ទាំង ៨ ចំណុច​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​វេទិកា​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ជាមួយនឹង សារព័ត៌មាន​លើក​ទី​៣ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី ១១ ខែ មករា ២០១៩ នៅ​កោះ​ពេជ្រ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជិត ៥០០០ នាក់​។

សំណូមពរ​ទាំង​៨​ចំណុច​នោះ​រួមមាន​៖
​ ​ទី​១. ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ​និង​ឯកជន​ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមជាតិ​ពិតប្រាកដ និង​កុំ​ធ្វើជា​កញ្ចក់​បែក​ធ្លុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​សង្គម​។​
​ ​ទី​២.​ស្ថាប័ន​ព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដោយមាន​ការពន្យល់​ច្បាស់លាស់​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ជ្រួតជ្រាប​អំពី​ទិសដៅ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​នាំយក​នូវ​អ្វីដែល​ជាការ​ពិត​ពី​ប្រជាពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​វិញ គឺ​ទាំង​ក្នុង​កម្រិត​តាក់តែង និង​កម្រិត​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​។

​ទី​៣.​ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួម​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែន​ការដែល​បានដាក់​ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែលំអ ហើយក៏​មិនមែន​រិះគន់ ដើម្បី​តែ​ជាន់ពន្លិច​នោះទេ​។​

​ ​ទី​៤.​សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួម​សិក្សា​វិភា​គជា​លក្ខណៈ​អន្តរជាតិ ដើម្បី​បានដឹង​អំពី​រឿងរ៉ាវ​ទាំងឡាយ​ដែល​កើតមានឡើង​នៅ​លើ​ពិភពលោក ហើយក៏​ចង់​ឲ្យ​អ្នកសារព័ត៌មាន​ក្លាយទៅជា​អ្នកវិភាគ​ផង​ដែរ ​ចំពោះ​ព្រឹត្តិការណ៍​ក្រៅប្រទេស ពីព្រោះ​កន្លងមក​មាន​បរទេស​គេ​វិភាគ និង​ផ្សាយ​ពី​កម្ពុជា​។ ដូច្នេះ​កម្ពុជា​ត្រូវ​ចេះ​សិក្សា​បកស្រាយ និង​វិភាគ​ពី​គេ​វិញ​ផងដែរ​។

ទី​៥.​សំណូមពរ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​ឲ្យ​បាន​ត្រឹមត្រូវ មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​។ ពិសេស​សម្តេច​តេ​ជោ​បាន​សំណូមពរ ដល់​អ្នក​ប្រ​ប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook) សូមកុំ​ឲ្យ​មានការ​ជេរប្រមាថ ហែក​កេរ​ខ្មាស​គ្នា ដែល​នាំ​ឲ្យ​មានរឿង​ប្តឹងផ្តល់ និង​ឡើង​តុលាការ​ជាដើម​។ សម្តេច​ឲ្យ​អ្នកលេង Facebook រក្សា​តំលៃ​របស់ខ្លួន ពិសេស​អ្នកសារព័ត៌មាន​ត្រូវធ្វើ​ព័ត៌មាន​ដែល​ច្បាស់​ពិត កុំ​ស្មានៗ ហើយក៏​មិនត្រូវ​ដើរតួ​ជា​តុលាការ​កាត់ក្តី​ឡើយ​។

ទី​៦.​ត្រូវ​ចូលរួម​លុបបំបាត់​អ្នកសារព័ត៌មាន​ជម្រិត​ទារប្រាក់​គឺ​កុំ​ធ្វើជា​អ្នកសារព័ត៌មាន​សម្រាប់​តែ​ជម្រិត​ទា​លុយ​ពី​គេ​ឬ​មាន​លក្ខណៈ​ជា​ក្រុម​ព័ត៌មាន «​ម៉ាហ្វីយ៉ា​»​។

ទី​៧.​កុំ​ផលិត​និង​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​មិនបាន​ផ្តល់​ប្រយោជន៍​ដល់​សង្គម​។ ម្យ៉ាងវិញទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​គឺ​អ្នកសារព័ត៌មាន​ត្រូវ​បញ្ចេញ​ព័ត៌មាន​ពិតប្រាកដ​ចេញមក​បកស្រាយ​ដើម្បី​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​។

ទី​៨.​ត្រូវខិតខំ​លើកកម្ពស់​សមត្ថ​ភា​ពបុ​គ្គ​លិកសារ​ព័ត៌មាន​និង​ធ្វើការ​បណ្តុះ​បណ្តា​ធនធានមនុស្ស និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ជាពិសេស​ត្រូវ​ទំនាក់ទំនង​ជាមួយ​បណ្តា​សមាគម ស្ថាប័ន​ជំនាញ សកលវិទ្យា​ល័យ និង​ក្រសួង​ព័ត៌មាន​ជាដើម​ដើម្បី​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​នូវ​ជំនាញ​សារព័ត៌មាន​បន្ថែមទៀត​។

ក្រៅពី​សំណូមពរ​ទាំង​៨​ចំណុច​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​គាំទ្រ​និង​ជំរុញ​ឲ្យ​មាន​ការ​រៀប​ចំ​យុទ្ធនាការ​ប្រកួតប្រជែង​អំពី “​ការផលិត​ព័ត៌មាន​ពិត​ហើយ​លឿន​បើ​អាច​ធ្វើ​ច្រើន​ភាសា គឺ​រឹត​តែ​ល្អ”។​ សម្តេច​តេ​ជោ​ក៏បាន​គាំទ្រ​និង​ជំរុញ​ឲ្យ​មាន​ប្រ​ព័​ន្ធ​ផ្សព្វ​ផ្សាយ​អន​ឡាញ​(online)​ឲ្យ​បាន​ច្រើន ព្រោះ​សព្វថ្ងៃ​នេះ​ អ្នក​តាមដាន​ព័ត៌មាន​មិនសូវ​មើល​តាម​ទូរទស្សន៍​ទេ​។

សម្ដេច​បន្ដទៀត​ថា អ្នកសារព័ត៌មាន​មិនមែនជា​នគរបាល​យុត្តិធម៌​ឡើយ​ប៉ុន្ដែ​នាពេល​កន្លងមក​ក៏មាន​សារព័ត៌មាន​មួយចំនួន​តូច​បាន​បង្កបញ្ហា​ទាំងនេះ​ផងដែរ​។ សម្ដេច​បានលើកឡើង​ថា​មាន​ប្រភេទ​សារព័ត៌មាន​គេ​ឲ្យ​លុយ​កុំ​ឲ្យ​ផ្សាយ​ព័ត៌មាន​ដូច្នេះ​បញ្ហា​ទាំងនេះ​គឺ​ខុស​ទៅ​ច្បាប់​។ ជាង​នេះ​ទៅ​ទៀត​ សម្តេចនាយក​រដ្ឋមន្ដ្រី​សង្ឃឹមថា “​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ខណៈ​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុ​ជាមាន​ច្រើនណាស់​”​។ នាយករដ្ឋមន្ដ្រី​ពន្យល់​ថា ដើម្បី​ចូលរួមចំណែក​ក្នុងការ​បំផ្លាញចោល​នូវ​ព័ត៌មាន​ក្លែងក្លាយ​អ្នកសារព័ត៌មាន​ត្រូវ​ផ្សាយ​ព័ត៌មាន​ពិត​ចេញមក​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ គឺ​បាត់​ដោយ​ឯកឯង និង​ងាយស្រួល​បំផុត​។

បញ្ហា​ទាំងនេះ សម្ដេច​បញ្ជាក់ថា នៅ​កម្ពុជា ក្រសួង​ព័ត៌មាន គួរ​តែ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​សរសេរ​សារព័ត៌មាន​ដើម្បី​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា​និង​ធ្វើ​ឲ្យ​ធនធាន​ចេះ​សរសេរ​ព័ត៌មាន​គ្រប់គ្រាន់​ផង​ដែរ ហើយ​ការងារ​បណ្ដុះបណ្ដាល​នេះ​គឺជា​អាទិភាព​មុនគេ​។ ប៉ុន្តែ​សម្ដេច​តេ​ជោ​ចង់​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា នៅតែ​ជា​ប្រទេស​ដែលមាន​សេរីភាព​សារព័ត៌មាន ខណៈ​ការ​សរសេរ​ព័ត៌មាន​មួយ មិនអាច​តម្រូវ​ចិត្ត​មនុស្ស​ទាំង​គ្នា​ឡើយ​។

​ដោយឡែក​ឆ្លើយតប​ទៅ​នឹង​គម្រោង​របស់​ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​៣ ឬ​៤​ថ្មី​បន្ថែម​នោះ​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បដិសេធ​មិន​ឲ្យ​បង្កើត​នោះទេ​។ សម្ដេចនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា “​រួច​ទៅ​ទារ​បង្កើត​ទូរទស្សន៍​ពីរ​ឬ​បី​អី​ណា​ទៀត​អត់​ទេ ខ្ញុំ​អត់​លេង​ចូល​ទេ​អាហ្នឹង បង្កើត​នាំ​តែ​អស់​លុយ​”។

​ជំនួប​លើក​ទី​៣ រវាង​ប្រមុខ​រដ្ឋាភិបាល​និង​អ្នកសារព័ត៌មាន​នេះ​មាន​សារៈសំខាន់ ដោយ​ផ្តល់​ឱកាស​ដល់​អ្នកសារព័ត៌មាន​បង្កើត​ទំនាក់ទំនង​និង​ភាព​ស្និទ្ធស្នាល​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​។

​យោង​តាម​ក្រសួង​ព័ត៌មាន អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្រសួង​ព័ត៌មាន​បានផ្តល់​កាត​សរុប​កាលពី​ថ្ងៃ​ម្សិលមិញ ចំនួន ៤ ៥៧៩​នាក់ ដល់​បណ្តា​ក្រសួង​-​ស្ថាប័ន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន ដើម្បី​ចូលរួម​ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក​ទី​៣​។

​អ្នកចូលរួម​ក្នុងជំនួប​លើក​ទី​៣​នេះ​រួមមាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ពផ្សាយ ក្រុមការងារ​ពត៌មាន Facebook គេហទំព័រ និង TV Online និង អ្នកនាំពាក្យ​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត និង​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ជាដើម​៕