ព័ត៍មានទាន់​ហេតុការណ៏
Search

មិត្តភាព​ ៖​ ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ​លើ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ច្រើន​លើសលប់​ដោយ​លទ្ធផល​៩-៣

ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានធ្វើ​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ក្នុងស្រុក​ឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​ក្រុម​នៅក្នុង​លី​គ​កំពូល​កម្ពុជា​ដូចគ្នា ដោយ​លទ្ធផល​៩​ទល់​៣ នៅ​ល្ងាច​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​លើ​ទីលាន​កីឡដ្ឋាន AUPP ក្នុង​រាជធានី​ភ្នំពេញ​។

លោក Conor Nestor​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បានដាក់​កីឡាករ​ចាស់​ថ្មី​ក្មេង​ចាស់​មិន​ថា​ខ្មែរ​ឬ​បរទេស ឲ្យ​ចូល​ក្នុង​ប្រកួត​នេះ​ដើម្បី​ស្វែងរក​កីឡាករ​ឆ្នើម​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​លើក​ទី​៥​ក្នុងអំឡុងពេល​សម្រាក​រដូវ​កាល (Pre-season) ខណៈ​ប្រកួត​កន្លងមក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ Japan All Stars ៧​ទល់​០, ចាញ់ វិសាខា ២​ទល់​០,​ឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​៣​ទល់​១ និង​ស្មើគ្នា​ជាមួយ​ក្រុម​ISI Group United ៣​ទល់​៣​។

 

សូមបញ្ជាក់​ថា ​ក្រុម​ដែលជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានចាប់ផ្តើម​ប្រមូលផ្តុំ​កីឡាករ​ឡើងវិញ​ក្រោយ​សម្រាក​មួយរយៈ​បន្ទាប់ពី​បញ្ចប់​បេសកម្ម​ក្នុង​រដូវ​កាល​ចាស់ ហើយ​នេះ​ជា​ដំណាក់​កាលដែល​ក្រុម​ទាំងអស់​ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ​សមត្ថភាព​កូនក្រុម​រប​ស់​ខ្លួន​ឡើងវិញ​ទាំង​សមាជិក​ចាស់ និង​សមាជិក​ថ្មីៗ​ទាំង​ខ្មែរ​និង​បរទេស ឬ​កីឡាករ​ខ្លះ​ទើបតែ​ជ្រើសរើស​ចេញពី​ក្រុម​ថ្នាល​យុវជន ព្រមទាំង​កីឡាករ​មួយចំនួន​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ធ្វើតេស្ត​សាកល្បង​មុននឹង​សម្រេច​បញ្ចូល​ពួកគេ​ទៅក្នុង​ក្រុម​ឈុត​ធំ​ឬ​យ៉ាងណា​នោះ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​។

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បានល្អ​នោះទេ​ ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំកន្លងមក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺរ៕