ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​សិល្បៈ​ល្បីៗ ​រួមគ្នា​ធ្វើ​ឲ្យ​កក្រើក​បរិយាកាស ​ក្នុង​កម្មវិធី​សប្បុរសធម៌​ លើក​ទី​១០​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

​ភ្នំពេញ ​៖ ​វត្តមាន​របស់​សិល្បក​រ​-​សិល្បការិនី​ល្បីៗ​ប្រមាណ​ជា​៣០​រូប ​បាន​រួមដៃគ្នា​បង្ក​ឲ្យ​មានការ​សប្បាយរីករាយ​យ៉ាង​កក្រើក​នៅក្នុង​កម្មវិធី​សប្បុរសធម៌​ លើក​ទី​១០​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១២​ ខែមករា ឆ្នាំ​២០១៩​កន្លងមកនេះ​។​

ពិធី​នេះ​បានរៀបចំ​ធ្វើឡើង​ក្រោយ​វត្តមាន​អញ្ជើញ​ចូលរួម​របស់ លោក ហង់ ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​,​លោក ពិន ចំណាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា​,​លោក ហ៊ុន ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​,​លោក​ ជេ​ត ជាលី សកល​វិទ្យា​ធិការ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រួមទាំង​លោកគ្រូ​ និង​អ្នកគ្រូ​ជាច្រើន ​ព្រមទាំង​សិស្ស​និស្សិត​រាប់ពាន់នាក់​ផងដែរ​។​

ជាមួយគ្នា​ នៃ​ការប្រកាស​បើក​កម្មវិធី​សប្បុរសធម៌​លើក​ទី​១០​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ​ដែរ ​ក្នុងនោះ​ ក៏មាន​ការ​ប្រគំ​តន្ត្រី​បង្ក​បរិយាកាស​សប្បាយរីករាយ ​ដោយមាន​ការចូលរួម​ពី​សំណាក់​តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​ដួង​។ មិនតែប៉ុណ្ណោះ​ក៏មាន​ការផ្តល់ជូន​នៅ​លិខិត​សរសើរ​ និង​ថ្លែង​អំណរគុណ​ចំពោះ​តារា​សិល្បៈ​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ច្រៀង​ និង​រាំ​កម្សាន្ត​នៅក្នុង​កម្មវិធី​ទាំងមូល​ទៀតផង​។​

តាម​ការកត់សម្គាល់​តា​រា​ចម្រៀង​ប្រុស​-​ស្រី​ល្បីៗ​ដែល​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សប្បុរសធម៌​នោះ​រួមមាន ​៖ ​កំពូល​តារា​ចម្រៀង ​កញ្ញា ឱក សុគន្ធ​កញ្ញា ,​លោក ឆន សុវណ្ណ​រាជ , អ្នកនាង ទូច ស្រី​ល័​ក្ខ ,​លោក ហ្សូ​ណូ ,​លោក ដួង វីរៈ​សិទ្ធ ,​កញ្ញា វីរៈ និច្ច ,​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា ,​កញ្ញា ឌី សូ​នី​តា ,​លោក ឆាយ វីរៈ​យុទ្ធ ,​កុមារា ឆេង ប្រសិទ្ធ​រួមទាំង​តារា​សិល្បៈ​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើនរូប​ទៀតផង​ដែរ​។​

សូមបញ្ជាក់ថា ​កម្មវិធី​សប្បុរសធម៌​នេះ​ បានរៀបចំ​ធ្វើឡើង​នៅក្នុង​បរិវេន​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រយៈពេល​ពេញ​១​ថ្ងៃ​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ថវិការ​ដែល​ប្រមូលបាន​ពី​សប្បុរសជន​តាមរយៈ​ការ​ប្រគំ​តន្ត្រី​មនុស្សធម៌​មួយ​នេះ​យកទៅ​ចែករំលែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត កុមារ​កំព្រា ចាស់ជរា និស្សិត​ជួប​ការខ្វះខាត ​និង​អ្នកសិល្បៈ​ចាស់ជរា មាន​ជំងឺ​បាត់បង់​សមត្ថភាព​ជាដើម​៕