ព័ត៍មានទាន់​ហេតុការណ៏
Search

លោក កុក ស ដែល​លោក សម រង្ស៊ី បាន​សន្យា​កាត់​ទឹកដី​៤​ខេត្ត​ឲ្យ​គ្រប់គ្រង​នោះ ទទួលមរណភាព​ហើយ

ភ្នំពេញ​ ៖ ឈ្មោះ កុក ស ដែលជា​មេដឹកនាំ​ជនជាតិភាគតិច​យួន​សេរី (​ដើម​ភាគតិច Degar ) និង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ហើយ​ជា​មនុស្ស​ម្នាក់​ដែល​លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្សប្រឆាំង​នៅ​កម្ពុជា សន្យា​កាត់​ខេត្ត​ចំនួន​៤ ឲ្យ​គ្រប់គ្រង​នោះ បានទទួល​មរណភាព​ហើយ នៅ​រដ្ឋ​ខា​រ៉ូ​ឡាញ​ណា (North Carolina) សហរដ្ឋអាមេរិក (USA) កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែមករា ឆ្នាំ​២០១៩ នេះ​បើតាម​ប្រភពព័ត៌មាន ដែល​ការិយាល័យ​យើង​ទទួលបាន​។

កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៨ លោក សម រង្ស៊ី ត្រូវ​បាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែល​គេ​ដឹងថា ជា​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឈ្មោះថា “Rithy Erng” បាន​ទម្លាយ​នូវ​ឯកសារ និង VIDEO ខ្លី​ប​មួយ គឺ​ការចុះ​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី ជាមួយ​លោក កុក ស ជា​មេដឹកនាំ​ជនជាតិដើម​ភាគតិច Degar (​យួន​) កាលពី​ឆ្នាំ​២០១៣​។

តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rithy Erng នោះ បាន​លើក​ឡើង​ថា “​ឯកសារ​ដែល​ខ្ញុំ​សូម​បង្ហាញជូន​បងប្អូន​ខ្មែរ​យើង​ទាំង​ក្នុង និង​នៅក្រៅ​ប្រទេស​ឲ្យ​បាន​ដឹង​ពី​ការពិត​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ជនជាតិ​ដើម​ភាគតិច Degar ( ជា​ជនជាតិ​យួន​) ដោយ​លោក សម រង្ស៊ី​។

ឯកសារ​ទាំងអស់​នោះ​មាន​ដូច​ជា កិច្ចព្រមព្រៀង​រវាង សម រង្ស៊ី និង​លោក កុក ស មេដឹកនាំ​យួន​ជា​ជនជាតិដើម​ភាគតិច Degar កាលពី​ខែកុម្ភៈ និង​ខែមេសា ឆ្នាំ​២០១៣ ( ជា​២​ភាសា ខ្មែរ និង​អង់គ្លេស​), មាន​ទាំង​វីដេអូ​ទៀតផង​នៅពេល​ចុះហត្ថលេខា​។ ខ្ញុំ​បាន​អាន​កិច្ចព្រមព្រៀង​នោះ គឺ​បញ្ជាក់​ច្បាស់​ណាស់​ថា ជនជាតិដើម​ភាគតិច ដែលជា​យួន Degar មាន​សិទ្ធិ​ស្វ័យភាព​របស់​ពួកគេ គឺមាន​សិទ្ធិ​ធ្វើ និង​អនុវត្ត​សេចក្តីសម្រេច​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃក្នុង និង​តំបន់​របស់​ពួកគេ​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ជនជាតិ​យួន​ដែលជា​ជនជាតិដើម​ភាគតិច Degar នឹងមាន​សិទ្ធិ​ពេញលេញ ប្រសិនបើ​ពួកគេ​ចូលរួម​ក្នុង​ជីវិត​នយោបាយ ( គឺ​ក្នុងន័យ​ថា បើ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​)“​។

ម្យ៉ាងវិញទៀត​ក្នុង​វីដេអូ លោក សម រង្ស៊ី ក៏បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា គាត់​នឹង​កាត់​ខេត្តរតនគិរី មណ្ឌល​គី​រី ស្ទឹងត្រែង ក្រចេះ ឲ្យ​យួន​ជនជាតិភាគតិច Degar ដើម្បី​គ្រប់គ្រង​ខេត្ត​ទាំង​បួន​នោះ​ដោយ​ស្វ័យភាព​”​។

សូម​បញ្ជាក់​ថា ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​បានដឹង​ពី​ល្បិច​ក្បត់ជាតិ​របស់​ទណ្ឌិត​រូប​នេះ ដោយ​មិនអាច​ប្រកែក​បាន សម រង្ស៊ី បែរជា​ឆ្លើយ​ថា លោក​ចង់​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​សិទ្ធិ​ស្របច្បាប់​របស់​ជនជាតិ​ភាគតិច​ជាច្រើន​ក្រុម​ដែល​គេ​ហៅថា ម៉ុង​តា​ញ៉ា ដែល​រស់នៅក្នុង​ផ្នែក​ឦសាន​នៃ​ប្រទេស ហើយ​ជនជាតិភាគតិច​ទាំងនោះ ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​។ សិទ្ធិមនុស្ស​របស់​ពួកគេ​ត្រូវ​បាន​គេ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​។ ចំពោះ​ពាក្យ “​ជនជាតិដើម​មាន​សិទ្ធិ​ស្វ័យភាព​”​។ ត្រង់​ចំណុច​នេះ​លោក សម រង្ស៊ី បកស្រាយ​ថា វា​គ្រាន់តែ​ជាការ​អនុវត្ត​ជាក់ស្តែង​នៃ​វិមជ្ឈការ​ដែល​ស្របទៅនឹង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។

លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ធ្លាប់បាន​លើក​ឡើង​ថា ទង្វើ​ក្បត់ជាតិ​របស់លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុជា​បែបនេះ ប្រឈម​នឹង​ជាប់គុក​អស់​មួយជីវិត​។ លោក​បញ្ជាក់​ថា សកម្មភាព​នេះ គឺជា​អំពើ​ក្បត់ជាតិ ដែល​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត យោង​តាម​មាត្រា ៤៤០ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114