ព័ត៍មានទាន់​ហេតុការណ៏
Search

ស្នើ​ឲ្យ អនុ​ប្រធានសភា​ម៉ាឡេស៊ី​បន្ដ​ជួយ​ដល់​សហគមន៍​ខ្មែរឥស្លាម​ក្នុង​បេសកកម្ម​មនុស្សធម៌ លើ​គ្រប់​វិស័យ

សៀមរាប ៖ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើ​ឲ្យ អនុ​ប្រធាន​សភា​ម៉ាឡេស៊ី បន្ដ​ជួយ​ដល់​សហគមន៍​ខ្មែរឥស្លាម ក្នុង​បេសកកម្ម មនុស្សធម៌ លើ​គ្រប់​វិស័យ។ ​លោក​បាន​ស្នើសុំ​បែបនេះ ខណៈ ទទួល​ជួបពិភាក្សា​ការងារ និង​សម្តែង​ការគួរសម ជាមួយ លោក Dato’ Haji Mohd.Rashid Bin Hasnon អនុប្រធានរដ្ឋសភា​ម៉ាឡេស៊ី នៅឯ​សណ្ឋាគារ​សុខា​អង្គរ សៀមរាប កាលពី​ថ្ងៃ​ចន្ទ​៩​កើត ខែបុស្ស ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១៤ មករា ឆ្នាំ​២០១៩ ក្នុងឱកាស នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​សភា​អាស៊ី​ប៉ា​ស៊ី ហ្វិ​ក (APPF) និង កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

ថ្លែង​ទៅកាន់​អនុប្រធាន​រដ្ឋសភា​ម៉ាឡេស៊ី ដែលជា​មិត្តភក្តិ​ជាង​១០​ឆ្នាំ​មកហើយ លោក​​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​កោតសរសើរ​ដល់​ភាគី​ម៉ាឡេស៊ី ដែលជា​ភាគី​ដៃគូ​ជា​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា តែងតែ​ដើរ​នាំ​មុខ​គេ ក្នុង​ការ​ជួយជ្រោមជ្រែង ដល់​សហគមន៍​ខ្មែរឥស្លាម ក្នុង​បេសកកម្ម មនុស្សធម៌​លើ​គ្រប់​វិស័យ។ សកម្មភាព​នេះ លោក បាន​ចាត់ទុកថា ម៉ាឡេស៊ី​គឺជា​ដៃគូ​ដើរ​លំដាប់​លេខ​មួយ បើ​ប្រៀបធៀប​នឹង បណ្តា​ប្រទេស​ផ្សេងៗ ដែល​កំពុង ចូលរួម​អភិវឌ្ឍន៍ លើក​កំពស់​លើ​គ្រប់​វិស័យ ជូន​ដល់​សហគមន៍​ខ្មែរឥស្លាម​។

លោក Dato’ Haji Mohd.Rashid Bin Hasnon អនុ​ប្រធានសភា​ម៉ាឡេស៊ី ក៏បាន​ថ្លែង​ការ ទទួល​សំណើ​រាល់​សំណូមពរ​និង​បាន​កោត សរសើរ ដល់​ការដឹកនាំ ដ៏​ល្អ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានធ្វើការ ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែល មានការ​រីកចម្រើន លើ​គ្រប់​វិស័យ ស្ទើរតែ​មិនអាច​ជឿ​ពី​ភាព​ជឿនលឿន​គ្រប់បែបយ៉ាង​មកដល់​បច្ចុប្បន្ន នេះ​ជាពិសេស​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ក្នុង​តំបន់ និង​អន្តរជាតិ​ជា​ប្រទេស​គំរូ ដែល​រក្សាបាន​នូវ សុខសន្តិភាព និង​សុខដុម​ប​នីយកម្ម៕