ព័ត៍មានទាន់​ហេតុការណ៏
Search

អាកាសចរណ៍​វៀតណាម ពង្រីក​បណ្ដាញ​ហោះហើរ​ទៅកាន់​ប្រទេស​ជប៉ុន ជាមួយនឹង​ផ្លូវ​ហោះហើរ​ទី​៣ ភ្ជាប់​ហាណូយ និង​តូ​ក្យូ

ភ្នំពេញ​ ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ – ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietjet បាន​បើក​ដំណើរការ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាសចរណ៍​ថ្មី ដែល​ត​ភ្ជាប់​រវាង​ទីក្រុង​ហាណូយ និង​ទីក្រុង​តូ​ក្យូ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ហើយ​ផ្លូវ​ហោះហើរ​ទី​៣ រវាង​ប្រទេស​វៀតណាម និង​ជប៉ុន របស់ Vietjet នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នូវ​តម្រូវការ​នៃ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស ព្រមទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​បន្ថែម​លើ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​ហោះហើរ​នេះ នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ ណា​រីតា លោក Do Xuan Quang អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​មានប្រសាសន៍ថា “​យើង​ពិត​ជាមាន​ក្តី​សោមនស្ស រីករាយ​ក្នុង​ការបើក​ឲ្យ​ដំណើរការ​នូវ​ផ្លូវ​ហោះ​ទី​បី​ពី​ប្រទេស​វៀតណាម​ទៅកាន់​ប្រទេស​ជប៉ុន បន្ទាប់ពី​យើង​មាន​ជើងហោះហើរ​ពី ទីក្រុង​ហាណូយ ទៅ​អូ​សា​កា និង​ពី​ហូជីមិញ ទៅ​អូ​សា​កា​។ ការចាប់ផ្តើម​ដំណើរការ​នៃ​ផ្លូវ​ហោះហើរ​ថ្មី​នេះ ជួយផ្ដល់​ជម្រើស​បន្ថែម​ថ្មី​សម្រាប់​អ្នកធ្វើដំណើរ​ពី​ទីក្រុង​តូ​ក្យូ និង​តំបន់ Kanto មក​ទីក្រុង​ហាណូយ ដែលជា​រដ្ឋធានី​នៃ​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាយស្រួល​ក្នុងការ​ទៅលេង​គោលដៅ​ទេសចរណ៍​ល្បីៗ​លំដាប់​ពិភពលោក​ក្នុងប្រទេស​វៀតណាម ដែលមាន​ដូចជា Sapa, Ha Long bay, Trang An និង​រូងភ្នំ Son Doong ជាដើម​។ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​ភ្ញៀវទេសចរ​អន្ដរជាតិ​ក៏​អាច​ឆ្លងកាត់​បាន​យ៉ាង​ងាយស្រួល​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត ឬក៏​គោលដៅ​ផ្សេងទៀត​នៅ​ទូទាំង​តំបន់​អាស៊ី​ខាងជើង តាមរយៈ​បណ្តាញ​ជើងហោះហើរ​យ៉ាងច្រើន និង​ចេះតែ​កើនឡើង​របស់ Vietjet ។ ខ្ញុំ​ជឿជាក់ថា ជាមួយនឹង​គុណភាព​សេវាកម្ម​ដ៏​ល្អ​ឆ្នើម យន្តហោះ​ថ្មីៗ ភាពរួស​រាយ​រាក់ទាក់​របស់​បុគ្គលិក​បម្រើ​លើ​យន្តហោះ អាហារ​ក្ដៅៗ​ឈ្ងុយឆ្ងាញ់ រួមជាមួយ​នឹង​តម្លៃ​សំបុត្រ​ពិសេស ព្រម​ជាមួយនឹង​កម្មវិធី​កម្សាន្ត​អារ​ម្ម​ណ៏​នៅលើ​យន្តហោះ​នោះ មានន័យថា ក្រុមហ៊ុន Vietjet នឹង​ផ្តល់​បទពិសោធន៍​ហោះហើរ​ដ៏​ល្អ​អស្ចារ្យ​សម្រាប់​អ្នកធ្វើដំណើរ​”​។
​តាម​សេចក្តីប្រកាស​ព័ត៌មាន​នោះ ផ្លូវ​ហោះហើរ​ហាណូយ​-​តូ​ក្យូ នឹងធ្វើ​ប្រតិបត្តិការ​ជាប្រចាំ​ថ្ងៃ ជាមួយនឹង​ជើងហោះហើរ​ប្រមាណ​៦​ម៉ោង​ក្នុង​មួយ​លើក ជាមួយនិង​យន្តហោះ​ថ្មីៗ និង​ទំនើបៗ ។ ក្រុមហ៊ុន Vietjet បាន​បើក​ឲ្យ​ដំណើការ​ជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ជប៉ុន ដូចជា​ពី​ទីក្រុង​ហាណូយ​-​អូ​សា​កា កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ពី​ទីក្រុង​ហូជីមិញ​-​ទីក្រុង​អូ​សា​កា កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​។

ជាមួយនឹង​បណ្តាញ​ដែលមាន​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ចំនួន​៣៩ និង​ផ្លូវ​ហោះហើរ​អន្តរជាតិ​ចំនួន ៦៦ ក្រុមហ៊ុន Vietjet ប្រតិបត្តិការ​ជើងហោះហើរ​ប្រកបដោយ​សុវត្ថិភាព ជាមួយនឹង​អត្រា​ភាពជឿជាក់​ផ្នែក​បច្ចេកទេស​រហូតដល់​ទៅ​៩៩,៦៦% ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្នុងនាម​ជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ក្រុមហ៊ុន Vietjet បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ IATA (IOSA) ហើយ​បានទទួល​ចំណាត់ថ្នាក់​ផ្កាយ​៧ ដែលជា​អត្រា​ខ្ពស់បំផុត​របស់​ពិភពលោក​សម្រាប់​សុវត្ថិភាព ដោយ​គេហទំព័រ AirlineRatings.com ។

សូមបញ្ជាក់ថា កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietjet បានប្រកាស​ពី​ការលក់​សំបុត្រ​ចំនួន​១​លាន​សំបុត្រ សម្រាប់​រយៈពេល​៣​ថ្ងៃ ដោយ​តម្លៃ​សំបុត្រ​មាន​ចាប់ពី​០​ដុល្លារ​ឡើងទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114