ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកបើកបរ​សា​ឡង់​ដឹក​ខ្សាច់ ​ត្រូវ​បាន​ដោះលែង​ក្រោយ​សង​សំណង ​ខ​ណៈ​សាកសព​ក្មេងប្រុស​ម្នាក់​មិនទាន់​រកឃើញ

កណ្តាល​ ៖​ អ្នកបើកបរ​សា​ឡង់​ដឹក​ខ្សាច់​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​លិចលង់ ​តែ​ត្រូវ​បាន​ជួ​យ​សង្គ្រោះ​៣​នាក់​ ឯ​ម្នាក់ទៀត​បាត់​ខ្លួន​រហូតមកដល់​ល្ងាច​ថ្ងៃទី​១៤​មករា​ ឆ្នាំ​២០១៩​នេះ​ មិនទាន់​រក​ឃើញ​សាកសព​ គឺ​ពុំ​ត្រូវ​បាន​ជាប់ចោទ​និង​ឃុំខ្លួន​ឡើយ​ក្រោយពី​បាន​សុំ​សង​សំណង​។

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក រវាង​សា​ឡង់​បូម​ខ្សាច់​បើក​បុក​ទូក​នេសាទ​បាន​កើត​ឡើង​នា​វេលា​ទៀបភ្លឺ ថ្ងៃអាទិត្យ ៨​កើត ខែបុស្ស ឆ្នាំច ព​.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំណុច​ភូមិ​ព្រែក​ថោង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្តាល។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​សាឡង់​ដឹក​ខ្សាច់ ពណ៌បៃតងចាស់ បើកបរ​ដោយ​ឈ្មោះ ចាំ យុំ​សឺ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ សញ្ជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុង​ខេត្ត​តាំង​ថា​ន់​បេ (​ប្រទេស​វៀតណាម​) បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​រួម​ដំណើរ​ឈ្មោះ តាំ ធី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ប្រទេស​វៀតណាម លុះ​មកដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយនឹង​ទូក​នេសាទ​ត្រី ពណ៌​បៃតង​លាយ​ខៀវ បើកបរ​ដោយ​ឈ្មោះ ស្លេស ម៉ូ​សា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ សញ្ជាតិ​ខ្មែរ នៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង រួម​ដំណើរ ៣​នាក់ មាន​ទី​០១​ឈ្មោះ យូ មៃ​យ៉ាន ភេទ​ស្រី អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ទី​០២​ឈ្មោះ ម៉ូ សា​គី​រី​ន ភេទ​ប្រុស អាយុ​៧​ឆ្នាំ ស្ថិតនៅ​ភូមិ​ឃុំ​ជាមួយគ្នា និង ទី​០៣​ឈ្មោះ ម៉ូ សាហា​រ៉ូ​ន ភេទ​ប្រុស អាយុ​០២​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​បាត់​ខ្លួន​រក​មិនទាន់​ឃើញ​)​។

តាម​ការ​សន្និដ្ឋាន​រប​ស់សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនល្មើស​បើកបរ​សា​ឡង់​ដឹក​ខ្សាច់ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​វត្ថុ​តាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ យកមក​រក្សាទុក​អធិការ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​។

លោក​វរសេនីយ៍​ម៉ែន សុឃឿន​ អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា ​ករណី​សា​ឡង់​ដឹក​ខ្សាច់​បើក​បុក​ទូក​អ្នកនេសាទ​នោះ​ មាន​គ្រោះថ្នាក់​ម្នាក់​ដែល​រហូត​មក​ដល់​ល្ងាច​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​នេះ​សាកសព​ក្មេងប្រុស​អាយុ​២​ឆ្នាំ​នោះ ​មិនទាន់​រកឃើញ​ទេ​។

ករណីនេះ​មានការ​សម្របសម្រួល​គ្នា​ដោយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ទទួល​សំណង់​៥០០០​ដុល្លារ​ពី​ជន​បង្ក​បញ្ចប់រឿង​ដោយ​មានការ​ឯកភាព​ពី​ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114