ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​២០១៨​ កម្ពុជា​ទទួល​បាន​ទុនវិនិយោគ​ក្នុង​វិស័យ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​ចំនួន​ជិត​៦​ពាន់​លាន​ដុល្លារ

ភ្នំពេញ ​៖ ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី​រដ្ឋមន្ដ្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​អះអាងថា ​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ កម្ពុជា​ទទួល​បាន​ទុនវិនិយោគ​ក្នុង​វិស័យ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​ចំនួន​៥៧៥៥​លាន​ដុល្លារ​អាមេរិក​ដោយបាន​ចាត់ទុក​វិស័យ​នេះ នៅតែ​ដើរ​តួនាទី​ជា​សសរស្ដម្ភ​ជួយ​ជំរុញ​និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ជាតិ​ខណៈ​រយៈពេល​២​ទសវត្ស​កន្លងមកនេះ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​អគារ​មាន​ប្រមាណ​៤៣ ,៣៧០​លាន​ដុល្លារ។

ថ្លែង​នៅក្នុង​ពិធីជប់លៀង ពិសា​អាហារ អបអរសាទរ​មហាសន្និបាត លើ​ទី​២ របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បាន បន្ដថា នៅក្នុង​វិស័យ​ឧស្សាហកម្ម សំណង់​មាន​កំណើន​ខ្ពស់​ក្នុង​រង្វង់ ១៨,១% នៅ​ឆ្នាំ​២០១៨​។ សណ្ឋាគារ​មាន​ចំនួន​៨១៥ ស្មើ ៤៧,៧០០​បន្ទប់ ផ្ទះសំណាក់​មាន ២,២៨១ ស្មើ ៣៤,០៣៨​បន្ទប់ និង​ភោជនីយដ្ឋាន ២,៣២១​។ ដោយឡែក​សំណង់ បុរី​លំនៅឋាន មាន​ចំនួន​២៤១​ទីតាំង និង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់​ឡើងទៅ មាន​ចំនួន ១,២១៧​អគារ។

លោក ជា សុផារ៉ា បានលើកឡើង​ទៀតថា ក្រុមហ៊ុន​សាងសង់ និង​សិក្សា​គម្រោង​ប្លង់ មាន​ចំនួន​៩៤៨ ក្នុងនោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មាន​ចំនួន​៤១ និង​ក្រុមហ៊ុន​សាងសង់​មាន​ចំនួន ៩០៧ រូបវ័ន្ដ​បុគ្គល​សិក្សា​គម្រោង​ប្លង់​មាន​ចំនួន ១៤០​នាក់ រួមមាន​ស្ថាបត្យករ ៩៥​រូប និង​វិស្វករ ៤៥​រូប​។ ក្រុមហ៊ុន ទទួលបាន​អាជ្ញាប័ណ្ណ អភិវឌ្ឍន៍​បុរី និង​អគារ​ស្នាក់នៅ​រួម មាន​១៧៤ និង​ក្រុមហ៊ុន សេវាកម្ម និង​វាយតម្លៃ​អចលនវត្ថុ មាន​១៦៨។

ទន្ទឹមនឹងនោះ លោក​ឧបនាយករដ្ឋមន្ដ្រី បាន​បន្តទៀតថា​បច្ចុប្បន្ន​នេះ​ការអភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចំនួន​៣​រួមមាន ក្រុមហ៊ុន WorldBridge Land ក្រុមហ៊ុន B&BM និង​ក្រុមហ៊ុន ARAKAWA ដែលមាន​ចំនួន​សរុប ៨,០០២​ខ្នង​ផ្ទះ និង​២,៩៦០ Units ហើយ​មាន​ក្រុមហ៊ុន​មួយចំនួនទៀត កំពុង​ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​សកម្មភាព​នេះ​។

ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់​បន្ថែមថា «​លទ្ធផល​ដែលជា​ទី​មោទនៈ​នេះ ជា​ផ្លែផ្កា​នៃ​សន្ដិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​និរន្ដរភាព​ស្ថាប័ន​របស់​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន ជាពិសេស ការ​ជឿជាក់ របស់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ លើ​មាគ៌ា ដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត ភាពឈ្លាសវៃ និង​ភាព​អង់អាច​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​» ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ថា​ក្នុង​សភាព​នៃ​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​ខាង​វិស័យ​សំណ ង់​នេះ​ការពង្រឹង​ការគ្រប់គ្រង អាជីវកម្ម​សំណង់ កាន់​តែមាន​ភាពចាំបាច់ និង​បន្ទាន់​ជាពិសេស​សំណង់​ធំៗ និង​ខ្ពស់ ៗ ឲ្យ​អនុវត្ដ​បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​គតិ​យុ​ត្ដ បច្ចេកវិទ្យា និង​ស្ដង់ដារ​ខ្ពស់ ដើម្បី​ធានា​នូវ​សុវត្ថិភាព គុណភាព សោភ័ណភាព និង​ការ​គាំពារ​បរិស្ថាន ពិសេស​ត្រូវ​សិក្សា​រៀបចំ ឲ្យ​មាន​អាង​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​មុន​បង្ហូរ​ចូល​ប្រព័ន្ធ​លូ​សាធារណៈ។

ជាមួយគ្នានេះដែរ​លោក ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បាន​ស្នើ​ដល់​ម្ចាស់​សំណង់​អ្នក​អភិវឌ្ឍ​អចលនវត្ថុ អ្នក​ប្រកប​វិជ្ជាជីវៈ​សំណង់ ក្រុមហ៊ុន​ប្រកប​អាជីវកម្ម សំណង់ សូម​ប្រកាន់​ភ្ជាប់ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​បទ​ប្ប​ញ្ញ​ត្ដិ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់ និង​ត្រូវ​បន្ថែម​ការសិក្សា​ស្រាវជ្រាវ ច្បាស់លាស់ ដើម្បី​ធានាបាន​ទាំង​សុវត្ថិភាព អនាម័យ បរិស្ថាន សោភ័ណភាព និង​គុណភាព​សំណង់ និង​បន្ដ​ចូល​រួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ជាតិ ទៅតាម ចំណេះ ចំណង់ និង​ជំនាញ​របស់ខ្លួន​៕