ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ងាក​មក​ទទួលទាន​អាហារ​សុខភាព​បន្លែ​ផ្លែឈើ​ជំនួស​អាហារ​សាច់

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ងាក​មក​ចាប់អារម្មណ៍​ទទួលទាន​អាហារ​សុខ​ភាព​បន្លែ​ផ្លែឈើ​ជំនួស​អាហារ​សាច់​វិញ​ដើម្បី​ទទួលបាន​សុខភាព​ល្អ បរិស្ថាន​ល្អ​ព្រមទាំង​លើកកម្ពស់​សីលធម៌​មេត្តាធម៌​នៅក្នុង​ចិត្ត​របស់​មនុស្ស​គ្រប់ៗ​រូប​។

លោក ឆេង សារឿន រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទទួលទាន​អាហារ​បួស​ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​សុខ​ភាពល្អ​រឹងមាំ បណ្តុះ​នូវ​ចិត្តមេត្តា​ករុណា ចិត្ត​បរិសុទ្ធ​ចិត្ត​សប្បុរស ចរិត​សុភាពរាបសារ លុបបំបាត់​ចិត្ត​ហិង្សា បណ្តុះ​បញ្ញា​ស្មារតី ពិសេស​ធ្វើ​ឲ្យ​មាន​សុខុមាលភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត​និង​ផ្លូវ​វិញ្ញាណ​ផងដែរ​។

ថ្លែង​នៅក្នុង​សន្និសីទ​អាហារ​បួស​ប្រចាំឆ្នាំ​២០១៩​លើក​ទី​៦​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​រសៀល​ថ្ងៃទី​១៣​មករា​លោក ឆេង សារឿន​បាន​មានប្រសាសន៍ថា​ការទទួល​ទាន​អាហារ​បួស​ក៏​ជា​ផ្នែក​មួយ​នៃ​ការគោរព​ស្រលាញ់​តម្លៃ​ជីវិត ថែរក្សា​ជីវិត​សព្វ​សត្វ​រុក្ខជាតិ​ធម្មជាតិ​និង​ថែរក្សា​បរិស្ថាន​ព្រមទាំង​ចូលរួម​កាត់បន្ថយ​នៃ​ការឡើង​កំដៅ​នៃ​ភពផែនដី​។​លើសពីនេះទៅទៀត​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​ផងដែរ​ដូចជា​ជំនួយ​សុខភាព​ផ្លូវចិត្ត ប្រយុទ្ធ​ប្រ​ឆាំង​នឹង​ជំងឺ​ច្រើន​មុខ ជួយ​សម្រក​ទម្ងន់ គ្មាន​ជាតិពុល ជំនួយ​ភ្នែក​និង​ស្បែក​និង​មាន​សុខភាព​ល្អ​រស់​បានយូរ​ទៀតផង​។

ផ្ទុយទៅវិញ​លោក​បាន​បន្តថា​ បើ​តាម​ផ្លូវ​ព្រះពុទ្ធសាសនា​ការទទួល​ទាន​អាហារ​បួស​គឺជា​ការប្រតិបត្តិ​ដ៏​ល្អ​មួយ​ដោយ​ផ្អែកទៅលើ​សីលធម៌​និង​គុណធម៌​។

លោក​ឆេង​សារឿន​បានស្នើ​ឲ្យ​សមាគម​អ៊ី​គ័ន​តាវ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​សកម្មភាព​របស់ខ្លួន​បន្តទៀត​ដើម្បី​ចូលរួម​ជា មួយ​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល​ដល់​យុវសិស្ស​ឲ្យ​យល់ដឹង​ពី​វប្បធម៌ ជំនាញ​បច្ចេកទេស​និង​អប់រំ​ស្តីពី​ការលើកកម្ពស់​សីលធម៌ គុណធម៌​និង​កតញ្ញូតាធម៌​ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​មនុ​សស្ស​ល្អ​នៅក្នុង​សង្គម​។

លោកស្រី​ឡាយ​ស៊ូ​ឈុន ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​នាយក សមាគម​អ៊ី​គ័ន​តាវ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្តេជ្ញា បន្ត​ចូលរួម​បណ្តុះបណ្តាល​និង​បំផុស​ការទទួល​ទាន​អាហារ​នេះ​ដល់​យុវជន​កម្ពុជា​ដើម្បី​អប់រំ​កាយ ចិត្ត​និង​វិញ្ញាណ​រឹតតែ​មាន​ផាសុកភាព​ពិសេស​ឲ្យ​ចេះ​ស្រឡាញ់​ថែរក្សា​សត្វ​និង​គោរព​ដល់​ជីវិត​។

លោកស្រី​បាន​អំពាវនាវ​ដល់​មនុ​ស្សទាំង​អស់​ហូប​អាហារ​បួស​ទាំងអស់គ្នា​ដើម្បី​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ។ ​ជាក់ស្តែង​ការហូប​បួស​មួយពេល​ក្នុង​មួយថ្ងៃ​ឬ​ហូប​បួស​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ធ្វើ​ឲ្យ​កម្តៅ​ផែនដី​ចុះ​មួយ​អង្សារ​តែបើ​ការហូប​បួស​ក្នុង​មួយឆ្នាំ​គឺ​ស្មើនឹង​ការដាំ​ដើមឈើ​ចំនួន​៨២​ដើម​។

គួរ​បញ្ជាក់​ថា ​អាហារ​បួស​គឺ​អាហារ​ដែល​មិន​ប្រើ​សាច់​ប្រើតែ​បន្លែ​សុទ្ធ​ដែល​បច្ចុប្បន្ន​មាន​ហាង​លក់​អាហារ​បួស​នេះ​ប្រមាណ​ជាង​៦០​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ច្រើនជាង​គេ​រហូតដល់​ទៅ​ជាង​៥០​ហាង​៕