ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​កីឡា​កម្ពុជា ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​សាកលវិទ្យាល័យ​កីឡា​ល្បីឈ្មោះ​មួយ ​នៅ​ក្នុង​ប្រទេស​ជប៉ុន​

​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាយ​ និង​កីឡា ​នៃ​ប្រទេស​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​(MOU)​គ្នា​មួយ​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កីឡា​NIPPON នៃ​ប្រទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃទី​១២​មករា។​
​ ​
ពិធី​នេះ​ធ្វើឡើង​ក្រោម​ការចូលរួម​ធ្វើជា​សាក្សី​ នៃ​លោក​បណ្ឌិតសភា​ចា​រ្យ ​ហង់​ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា។

​លោក​Matsumoto Izumi លេខា​ទី​២ ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក​Nishiyama Naoki ប្រធាន​អង្គការ​បេះដូង​មាស​ប្រចាំ​នៅ​កម្ពុជា ។ ខាង​ភាគី​កម្ពុជា​លោក​ធម្ម​អង្គា​រ៉ា នាយក​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា និង លោក​Koji Gushiken ដែលជា​តំណាង ​នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​កីឡា​NIPPON​ នៃ​ប្រទេស​ជប៉ុន​ជា​អ្នកចុះហត្ថលេខា​ជាមួយគ្នា។​

អនុស្សរណៈ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​រៀបចំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ​រវាង​គ្នា​ទៅវិញទៅមក ការទទួល​ស្គាល់គ្នា​ទៅវិញទៅមក។​
​ ​
អនុស្សរណៈ​នេះ​រៀបចំឡើង​ក្នុង​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ​ពង្រឹង​ពង្រីក​ចំណងមិត្តភាព​រវាង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា និង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កីឡា​NIPPON និង​បង្កើន​គុណភាព​វិជ្ជាជីវៈ​នៃ​ការបណ្ដុះបណ្ដាល​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរឡើង​ដោយ​ប្រើប្រាស់​វិទ្យាសាស្ត្រ​កីឡា។​
​ ​
គោលដៅ​ នៃ​កិច្ចសហប្រតិបត្តិការ​ គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ផ្នែក​អប់រំ​ និង ជំនាញ​លើ​វិស័យ​វិទ្យាសាស្ត្រ​កីឡា និង អប់រំ​កាយ​រវាង​ជប៉ុន និង កម្ពុជា។ ​លើក​កម្ពស់​ឧត្ដមភាព ​នៃ​វិជ្ជាជីវៈ​ និង​មិត្តភាព​តាមរយៈ​ការស្រាវជ្រាវ​ផ្នែក​អប់រំ ការ​បង្រៀន និង​ការផ្ដល់សេវា ។​គាំទ្រ​ដល់​កម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​និស្សិត និង អ្នកជំនាញ​ផ្នែក​អប់រំ​ដែលមាន​គោលដៅ​ពង្រីក​ចំណងមិត្តភាព​ និង​ការ​យោគយល់​គ្នា​ជា​សាកល។​

​អនុស្សរណៈ​នេះ​ ក៏​ធ្វើឡើង​ដើម្បី​សម្របសម្រួល​ដល់​ការស្វែងរក​ឱកាស​ នៃ​ការធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​អប់រំ​ និង​ការផ្លាស់ប្ដូរ​គ្នា​ជា​លក្ខណៈ​អន្តរជាតិ​បន្ថែមទៀត និង កាន់តែ​មាន​ភាព​ស៊ីជម្រៅ​រវាង​គ្រឹះស្ថាន​ទាំង​២​ដូចជា​រដ្ឋបាល ​នៃ​កម្មវិធី​ផ្លាស់ប្ដូរ​រវាង​និស្សិត និង និស្សិត។​ ផ្លាស់ប្ដូរ​រវាង​មហាវិទ្យាល័យ និង មហាវិទ្យាល័យ និង​រដ្ឋបាល ​នៃ​ការធ្វើ​គម្រោង​រួមគ្នា។​

​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​នឹង​ត្រូវ​តំឡើង​ឋានៈ​ឲ្យ​ទៅជា​សាកលវិទ្យាល័យ​កីឡា​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា។ ​លក្ខណៈសម្បត្តិ​នានា ​ដើម្បី​ក្លាយ​ជា​សាកលវិទ្យាល័យ​កីឡា​ ត្រូវបាន​រៀបចំ​ជា​បណ្ដើរៗ​ ហើយ​ពិសេស​មេរៀន និង គ្រូ​ដែល​ខ្លះ​កំពុងតែ​សិក្សា​នៅក្រៅ​ប្រទេស៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114