រតនគិរី ៖ យ៉ាងហោចណាស់ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់គោយន្តកែច្នៃដោយខ្លួនឯង។
ករណីក្រឡាប់គោយន្តខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៧និង១៨នាទីព្រឹក ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទល់មុខចម្ការយាយចិន ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ។
អធិការនគរបាលស្រុកបរកែវ លោក ជួប វណ្ណរក្ស បានឲ្យកម្ពុជាថ្មី ឲ្យដឹងនៅរសៀលថ្ងៃទី១៥មករានេះថា ខណៈគោយន្តកែច្នៃមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ផ្លូវថ្នល់ ក្រឡាប់ផ្ងារជើងឡើងលើ ហើយកិនមនុស្សម្នាក់ស្លាប់ និងអ្នករួមដំណើរ៣នាក់ ដោយ ៖
ទី១-ឈ្មោះ វូ ខូរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន បច្ចុប្បន្នរស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី(ស្លាប់)។ ទី២-ឈ្មោះ សៀន សេម៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិទំពួន បច្ចុប្បន្នរស់នៅភូមិអុល ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី (របួសស្រាល)។ ទី៣-អ្នកបើកបរគោយន្តកែច្នៃឈ្មោះ រ៉េវ ចាន់រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់ភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ ទី៤-ឈ្មោះ ម៉េង មេសា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។ បច្ចុប្បន្នរស់នៅភូមិអុល ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី (របួសធ្ងន់)។
ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះមកអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះ។ រីឯសព សមត្ថកិច្ចបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។
ដោយឡែក គោយន្តកែច្នៃ សមត្ថកិច្ចបានរឹបអូសយកមករក្សាទុកនៅប៉ុស្តិ៍ឃុំទីងចាក់ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕