ព័ត៍មានទាន់​ហេតុការណ៏
Search

អាជីវករ​ផ្សារ​ច្បារអំពៅ ​សប្បាយរីករាយ ​ពេល​ដែល​អាជ្ញាធរ​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​ចាក់​ក្រាល​បេតុង​ជុំវិញ​ផ្សារ​

​ភ្នំពេញ ៖ បងប្អូន​អាជីវករ​ ដែល​កំពុង​លក់ដូរ​ក្នុង​ផ្សារ​ច្បារអំពៅ​ បាន​សំដែង​នូវ​ក្តី​រីករាយ ​ខណៈ​ពេល​ដែល​អាជ្ញាធរ​ បាន​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​ចាក់​ក្រាល​បេតុង ​ជុំវិញ​បរិវេណ​ផ្សារ​។​

តាម​ប្រភពពី​អាជីវករ​ ឈ្មោះ​ តុង ពិន បាន​ប្រាប់​កម្ពុ​ជាថ្មី​ នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ​ថា ​បងប្អូន​អាជីវករ​ដែល​កំពុង​លក់ដូរ​ក្នុង​ផ្សារ​ច្បារអំពៅ ​បាន​សំដែង​នូវ​ក្តី​រីករាយ​គ្រប់ៗ​គ្នា ​ខណៈ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​ខណ្ឌ​ច្បារអំពៅ ​បាន​ចំណាយ​ថវិកា​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​បេតុង​នៅ​ជុំវិញ​បរិវេណ​ផ្សារ​ច្បារអំពៅ ​ដោយ​ពុំ​ចាំបាច់​ឲ្យ​អាជីវករ​ជួយ​ថវិកា​ចូលរួម​នោះឡើយ​។

​អាជីវករ​ដដែល​បាន​បន្តថា​ បើសិនជា​ជុំ​វិញ​បរិវេណ​ផ្សារ​ច្បារអំពៅ ​ត្រូវបាន​ស្ថាបនា​ចាក់​ក្រាល​បេតុង​រួចរាល់​ហើយ​មែន​នោះ ​គឺ​អាជីវករ​លែង​ព្រួយ​បារម្ភ ​នៅពេល​មាន​ភ្លៀង​ធ្លាក់ ​ត្រូវ​រង​នូវ​ការ​លិចលង់​និង​មាន​ភក់ជ្រាំ​ដូច​ពេលកន្លងមក​។ ​ហើយ​អាជីវករ​ទាំងអស់​ សូម​ថ្លែងអំណរគុណ​ដល់​លោក​អភិបាល​រាជធានី​ និង​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដែល​បាន​ចំណាយ​ពេលវេលា ​និង​ថវិកា​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​បេតុង​ជុំវិញ​បរិវេណ​ផ្សារ​បែបនេះ។​

ទាក់ទិន​ទៅ​នឹង​ការស្ថាបនា​ផ្លូវ​ចាក់​ក្រាល​បេតុង​ជុំវិញ​បរិវេណ​ផ្សារ​នេះ​ លោក ​គ្រី ហ៊ុ​ច អនុប្រធាន​ផ្សារ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា សាលា​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ផ្តល់​ថវិកា​មក​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក ​ជុំវិញ​បរិវេណ​ផ្សារ​ច្បារអំពៅ​ ដែលមាន​ទទឹង​១១​ម៉ែត្រ ​និង​បណ្តោយ​៤៥០​ម៉ែត្រ​ពិតប្រាកដ​មែន​។ ​ហើយ​ចាប់ពី​ស្ថាបនា​ផ្លូវ​នេះ​រួច​ គឺ​ផ្សារ​ច្បារអំពៅ ​លែង​ព្រួយ​បារម្ភ​ ដោយសារ​តែ​ទឹក​លិច​នា​រដូវវស្សា​ ព្រោះ​ផ្សារ​នេះ​ក៏​កើតឡើង​តាំងពី​ឆ្នាំ​១៩៦២​មកម្ល៉េះ​៕