ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​គេចខ្លួនបាត់ ​ក្រោយ​ធ្វើការ​ជះ​ទឹកអាស៊ីត​ដាក់​ប្រពន្ធ​កូន​ និង​អ្នកដទៃ​

​កណ្តាល ​៖​ យ៉ាងហោចណាស់​មាន​មនុស្ស​៣​នាក់ ​ក្នុងនោះ​ក្មេង​តូច​អាយុ​ជាង​១​ឆ្នាំ​ម្នាក់ ​បាន​រងរបួស​ធ្ងន់ធ្ងរ​ ដោយ​អំណាច​ទឹកអាស៊ីត​របស់​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​ឪពុក​ក្មេង​តូច​នោះ បាន​ជិះ​ម៉ូតូ​មក​ជះ​ពី​លើ​ ខណៈ​ចេញពី​ទិញ​ម្ហូប​ត្រឡប់ទៅផ្ទះ​វិញ​ ដែល​ដើមចម​មាន​ជម្លោះ​ក្នុង​គ្រួសារ​។​

ហេតុការណ៍​ហិង្សា​ដោយ​ចេតនា ( ជះ​ទឹកអាស៊ីត​)​នេះ​ កើតឡើង​ថ្ងៃទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​០០​នាទី ចំណុច​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានឲ្យ​ដឹង​ថា ជនរងគ្រោះ​០៣​នាក់ ​គឺ ​ទី​១.​ឈ្មោះ រ៉ា ស្រី​និច្ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួសស្រាល​) ជា​ប្រពន្ធ​។​
២.​ឈ្មោះ ម៉ៃ ស្រី​ឡា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ/​ឃុំ​កើត​ហេតុ (​របួសស្រាល​)​។ ៣.​ឈ្មោះ ណាន ឈាវ ​ភេទ​ប្រុស ​អាយុ​១​ឆ្នាំ​ ៦​ខែ ជនជាតិខ្មែរ នៅក្នុង​បន្ទុក (​ជា​កូន​) របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

ជនសង្ស័យ​គេចខ្លួន ​ឈ្មោះ អ៊ុក កុម្ភៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​តំឡើង​រោង​ការ​នៅឯ​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​-​ឃុំ​-​ស្រុក មិន​ស្គាល់ ខេត្ត​កំពត (​ត្រូវជា​ប្តី​)​។​

យោង​លើ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​បានឲ្យ​ដឹងថា​ កន្លងមក​ ឈ្មោះ អ៊ុក កុម្ភៈ តែងតែ​ប្រើប្រាស់​អំពើហិង្សា​វាយ​ទៅលើ​ប្រពន្ធ ​ឈ្មោះ រ៉ា ស្រី​និច្ច ជា​ញឹកញាប់​ពេល​ទៅ​ធ្វើ​ការងារ និង​ស្នាក់​នៅឯ​ភ្នំពេញ ដោយ​ទ្រាំលែងបាន​ ឈ្មោះ រ៉ា ស្រី​និច្ច បាន​ត្រឡប់មក​រស់នៅ​ផ្ទះ​ខ្លួន​វិញ ឯ​ភូមិ​ដុល ឃុំ​សន្លុង​។ ក្រោយមក​ឈ្មោះ​ អ៊ុក កុម្ភៈ តែងតែ​មករក​រឿង និង​ធ្លាប់​និយាយ​គំរាម ​ឈ្មោះ រ៉ា ស្រី​និច្ច ថា​នឹង​ជះ​ទឹកអាស៊ីត​ដាក់​នៅ​ថ្ងៃ​ណាមួយ។

លុះ​មកដល់​ថ្ងៃទី​១៤​មករា ឈ្មោះ អ៊ុក កុម្ភៈ បាន​តេ​ទូរស័ព្ទ​មក ​ឈ្មោះ រ៉ា ស្រី​និច្ច ជាច្រើន​ដង​ឲ្យ​ទៅ​ជួប​នៅ​តំបន់​7NG ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់​ឃុំ​វិហារ​សួគ៌ ប៉ុន្តែ​ឈ្មោះ​រ៉ា ស្រី​និច្ច មិន​ព្រម​ទៅ​ជួប ហើយ​ឈ្មោះ អ៊ុក កុម្ភៈ​ បាន​និយាយថា បើ​មិន​ទៅ​ជួប​ ប្រាកដជា​មានរឿង ​ស្រាប់តែ​ដល់​ម៉ោង​១៩និង​០០ នាទី ថ្ងៃ​ដដែល ឈ្មោះ រ៉ា ស្រី​និច្ច ឈ្មោះ ម៉ៃ ស្រី​ឡា និង ឈ្មោះ ណាន ឈាវ បាន​ដើរទៅ​ទិញ​ម្ហូប​នៅ​ខាងកើត​ផ្ទះ ដោយ​ឈ្មោះ​ ម៉ៃ ស្រី​ឡា ជា​អ្នក​ពរ ​ឈ្មោះ ណាន ឈាវ ពេល​ទិញ ​រួច​ក៏​ដើរ​ត្រឡប់មកផ្ទះ​វិញ ពេល​កំពុង​ដើរ​ត្រឡប់មកផ្ទះ​វិញ​នោះ ឈ្មោះ អ៊ុក កុម្ភៈ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ មិន​ចាំ​ស្លាក​លេខ ពាក់អាវ​ពណ៌ទឹកប៊ិច ជិះ​ពី​លិចទៅ​កើត លុះ​មកដល់​ ក៏បាន​យក​ទឹកអាស៊ីត​ជះ​ទៅលើ​អ្នក​ទាំង​៣ បណ្តាល​ឲ្យ​ត្រូវ​មុខ​ ឈ្មោះ ណាន ឈាវ រង​​របួសធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ឯ​ឈ្មោះ រ៉ា ស្រី​និច្ច និង​ឈ្មោះ ម៉ៃ ស្រី​ឡា រងរបួស​ស្រាល ភ្លាមៗនោះ​ ឈ្មោះ អ៊ុក កុម្ភៈ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។ ករណីនេះ ​កម្លាំង​បាន​ចុះ​កសាង​សំណុំ​រឿង​ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី៕