ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប Spurs​បើក​ការស៊ើបអង្កេត​ករណី​បំពាន​ជាតិ​សាសន៍​មកលើ​កីឡាករ​Son Heung-min

​ក្លិប​មាន់​ខ្នាយ​មាស Spurs​កំពុងបើក​ការស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​មួយ​ដែល​បាន​ចោទប្រកាន់ថា​មាន​ករណី​ប្រកាន់​ជាតិ​សាសន៍​ដោយ​អ្នកគាំទ្រ​ម្នាក់​របស់​ពួកគេ​មកលើ​កីឡាករ​កូរ៉េខាងត្បូង Son Heung-min អំឡុង​ការប្រកួត​ចាញ់​ក្រុម Man Utd​នៅ Premier League​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ទឹកដី Wembley​។​

ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​ក្រោយ​អ្នកគាំទ្រ​ម្នាក់​ឈ្មោះ James Dickens បាន​និយាយថា​លោក​ឈ្លោះប្រកែក​គ្នា​ជា​មូ​យ​អ្នកគាំទ្រ​ម្នាក់ទៀត​នៅក្នុង​ទឹកដី Wembley​ពាក់ព័ន្ធ​នឹង​ការបំពាន​មកលើ​កីឡាករ Son​។​

លោក Dickens បាន​និយាយ​តាម Twitter​ថា​លោក​មិនដែល​ជួប​រឿងរ៉ាវ​ប្រកាន់​ជាតិ​សាសន៍​អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ​។​ប៉ុន្តែ​នៅថ្ងៃនេះ អ្នកគាំទ្រ​ម្នាក់ គួរ​ឲ្យ​ស្អប់ខ្ពើម​ខ្លាំងណាស់់​។​

លោក​បាន​សរសេរ​ទៀតថា ក្លិប Spurs​បាន​ទាក់ទង​មក​លោក ហើយ​លោក​នឹង​សហ​ការណ៍​ជាមួយ​ពួកគេ​ដើម្បី​ស្វែងរក​ជនកំហូច​ម្នាក់​នោះ​។​

កាលពី​ខែ​មុន អ្នកចាត់ការ​របស់​ក្លិប Spurs លោក​Mauricio Pochettino​បាន​និយាយថា លោក​ចង់​សម្លាប់​កាយវិការ​អាក្រក់​ទាំងអស់​នេះ ហើយ​និង​ការប្រកាន់​ជាតិ​សាសន៍ ពី​ក្រុម​អ្នកគាំទ្រ ក្រោយ​ពេលដែល​ក្រុម​អ្នកគាំទ្រ បាន​ចោល​ចេក មកលើ​ទីលាន​បាល់ទាត់ អំឡុង​បរាជ័យ​២-៤​ជាមួយ​ក្រុម Arsenal៕