ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជុំ​បូកសរុប​លទ្ធផល​ការងារ ​សហការ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​

កំពង់ធំ ​៖ នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ មាន​ពិធី​ប្រជុំ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សហការ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ជាមួយ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ដែនដី ដែល​បាន​អនុវត្ត​កន្លងមក ពិធី​នេះ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគ​ទី​៤ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែលមាន​សមាសភាព​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​មេបញ្ជាការ​គ្រប់​កងឯកភាព​ចំណុះ​សរុប ចំនួន៤៨នាក់។​

​លោក​វរសេនីយ៍ទោ នួន គឹម​អាង នាយ​លេខាធិការដ្ឋាន នៃ​បញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​អាន​របាយការណ៍​ស្តីពី​លទ្ធផល​ នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ទាំង៩ចំណុច របស់​កងកម្លាំង​ នៃ​បញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ដល់​កងកម្លាំង​ចំណុះ​បញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សហការ​បានល្អ ក្នុង​កិច្ច​ការពារ​សុខ​សុវត្ថិភាព ជូន​ប្រជា​ការពារ​នៅ​ទូទាំង​ខេត្តកំពង់ធំ ក្រៅពី​នោះបាន​ចូលរួមចំណែក​ក្នុង​ការ​សហការ បង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា បទល្មើស​នេសាទ ,​បទល្មើស​ព្រៃឈើ ,​បទល្មើស​គ្រឿងញៀន។​ ក៏បាន​ចូលរួម​បំពាក់​ឯកសណ្ឋាន​ជូន​ប្រជា​ការពារ​នៅ​ទូទាំង​ខេត្តកំពង់ធំ បាន​ជាង ៥០០​សម្រាប់ និង​វិទ្យុទាក់ទង​ដៃ​ជាង១០០គ្រឿង ជូន​ដល់​ប្រជា​ការពារ ដើម្បី​លើកទឹកចិត្ត​ក្នុងការ​អនុវត្តន៍​នូវ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ផងដែរ។​

​ជា​ចុងបញ្ចប់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគ​ទី​៤ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ កងកម្លាំង​ទាំងអស់​ត្រូវ គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​របស់​រដ្ឋ បទបញ្ជា និង​សេចក្តីសម្រេច​ផ្សេងៗ របស់​ថ្នាក់លើ និង​ត្រូវខិតខំ​បម្រើ​ប្រជាពលរដ្ឋ និង​អតីតយុទ្ធជន ឲ្យ​បាន​ទ្វេដង​ថែមទៀត និង​មិន​ត្រូវធ្វើ​អ្វី​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ការ​ថ្នាំងថ្នាក់​ជាដាច់ខាត។​