ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​ បុក​ជាមួយ​ឡាន​កុងតឺន័រ​ រង​របួស​ធ្ងន់​ម្នាក់​ លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​១

កណ្ដាល​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង រវាង​ម៉ូតូ​ និង​រថយន្ត​ លើ​ផ្លូវ​ជាតិ​លេខ​១ ទិសដៅ​ស្រប​ទិស​គ្នា ពី​ភ្នំពេញ​ ទៅ​អ្នក​លឿង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​០១​នាក់។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​២៣និង៣០​នាទី​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧_១៨ ចំណុច​ភូមិ​ភូមិធំ ឃុំភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

ជនរងគ្រោះ ​ឈ្មោះ ​ផន ភក្តី ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​រស់នៅ​ភូមិ​ព្រែក​ផ្តៅ ឃុំ​ព្រែ​អ​ន្ទះ ស្រុក​ពោធិ​រៀង ខេត្ត​ព្រៃវែង​ ជិះ​ម៉ូតូ​ម៉ាក​C125 ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU1646។

សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង មិន​ស្គាល់​ស្លា​កលេខ ​និង​អត្តសញ្ញាណ ​អ្នកបើកបរ​មក​ឈប់​ទិញ​សម្ភារៈ​ហូប នៅមុខ​ផ្សារ​កៀនស្វាយ​ផ្លា​ហ្សា ​ស្ថិត​ក្នុងភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ស្រាប់​តែមាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​C125​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CU-1646 បើកបរ​ដោយ​ ឈ្មោះ ​ផន ភក្តី បាន​ជ្រុល​ទៅបុក​រថយន្ត​​កុងតឺន័រ​ពីក្រោយ ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់។

ក្រោយពេល​កើតហេតុ​ តៃកុង​រថយន្ត​​កុងតឺន័រ បាន​បើកឡាន​គេច​បាត់​មុនពេល​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ។ ចំណែក​ជនរងគ្រោះ ​ត្រូវបាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ភូមិធំ ​ហៅ​រថយន្ត​សាមុយ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ។​

តាម​ការ​សន្និដ្ឋាន​ក្នុង​ករណី​នេះ ​បណ្ដាល​មកពី​អ្នកបើកបរ​ម៉ូតូ​ធ្វេសប្រហែស ​ខ្ជីខ្ជា​ មិន​មើល​ពី​ស្ថាន​ភាព​ផ្លូវ​ខាងមុខ។ ចំណែក​រថយន្ត​កុងតឺន័រ​ ឈប់​មិន​ដាក់​សញ្ញា​សម្គាល់​ ពេល​ឈប់​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ឲ្យ​មនុស្ស​ស្លាប់ ​និង​រង​របួស​ជា​បន្តបន្ទាប់។

និយាយ​រួម​ចាប់តាំងពី​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​ លើក​មក​ដាក់​ទីតាំង​ថ្មី​នៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​អត់​ឈប់ឈរ ទាំងនេះ​មកពី​តៃកុង​ឡាន​កុងតឺន័រ​ឈប់​អែប​តាម​ចិញ្ចឹម​ថ្នល់​ខ្វះ​ការ​គិតពី​ការគ្រោះថ្នាក់​ដល់​អ្នកដទៃ ​ដែល​ធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​នេះ។ មានន័យថា ការឈប់​ចត​ក្រុម​ឡាន​កុងតឺន័រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​កន្លែង​ងងឹត​ ហើយ​មិនបាន​ដាក់​សញ្ញា​សម្គាល់​ណាមួយ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឡាន​បានឃើញ​ និង​មាន​ការ​ប្រុងប្រយ័ត្ន​នោះ​ទេ នៅពេល​កើតហេតុ​ គឺ​តៃកុង​ឡាន​ទាំង​នោះបាន​បើកឡាន​គេច​ចេញ​ពី​តំបន់​កើតហេតុ​បាត់។
ក្នុងករណីនេះ​ ទាមទារ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចេញ​ប្រតិបត្តិការ​ចុះ​អប់រំ​ណែនាំ​ដល់​ក្រុម​ឡាន​កុងតឺន័រ​ដែល​ឈប់​ចត​តាម​ចិញ្ចឹម​ថ្នល់ជាតិ​លេខ​១ ​បាន​យល់ដឹង​ពី​ហានិភ័យ​ដែល​កើត​ឡើងដល់​អ្នកដទៃ​ដែល​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​១​នេះ បើ​ពុំ​នោះទេ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នឹង​កើតឡើង​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត​ឡើយ។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើដំណើរ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​១​នេះ​ក៏​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើងគោក​ទាំងអស់គ្នា​ ទើប​កាត់បន្ថយ​បាន​នូវ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កម្រិត​ទាប​ ឬ​សូន្យ​បាន៕