ភ្នំពេញ ៖ ក្រុមអ្នកលក់ថ្នាំញៀន ដែលរហស្សនាមថា ក្រុមអាខ្មាន់(ខូចភ្នែកម្ខាង) ឥឡូវត្រូវបានកម្លាំងជំនាញរបស់នគរបាលខណ្ឌដូនពេញបង្ក្រាបបានហើយ ក្រោយពីកម្លាំងសមត្ថកិច្ចបានតាមប្រមាញ់ចាប់ជាយូរថ្ងៃមកហើយ តែចេះតែគេចរួចរហូតមក។
នគរបាលផ្នែកជំនាញគ្រឿងញៀនខណ្ឌដូនពេញបានឲ្យដឹងថា ជាក់ស្តែងលទ្ធផលបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការ បន្តស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក។
សមត្ថកិច្ចបន្តថា ជាលទ្ធផល នៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន ទី១.ឈ្មោះ គង់ សក្កដា ហៅអាខ្មាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ ទី២.ឈ្មោះ អិន ចាន់រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ ចំណែកវត្ថុតាងចាប់យករួមមាន ក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀនចំនួន៧៣កញ្ចប់ថង់ សម្រាប់ច្រកគ្រឿងញៀនមួយចំនួនឧបករណ៍ប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។ និងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្ក្រាបជាប់ជាប្រចាំ៕