ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ ប៉ិច សុង នាំ​យក​អំណោយ​របស់​គណបក្ស​ប្រជាជន​ស្រុក ទៅ​ចែ​ក​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​៦ គ្រួសារ​

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា ​ឆ្នាំ២០១៩ លោក​ ប៉ិច សុង ​អភិបាល ​នៃ​គណៈ​អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ និង​មន្ត្រី​សាលាស្រុក ​បាន​នាំយក​អំណោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦​គ្រួសារ នៅ​ក្នុង​ឃុំ​ព្រៃខ្លា ​ស្រុក​ស្វាយ​អ​ន្ទ​រ។

​លោក​ ប៉ិច សុង ​អភិបាល ​នៃ​គណៈ​អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ​បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​កំពុងតែ​ជួប​ភាពក្រីក្រ​ខ្វះខាត ​លោក​បាន​ដឹកនាំ​មន្ត្រី​របស់​លោក​ចុះ​នាំ​យក​អំណោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្វាយ​អ​ន្ទ​រ មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​ នៅ​ក្នុង​ភូមិ​ព្រៃខ្លា២ ឃុំ​ព្រៃខ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​។ ហើយ​អំណោយ​ដែល​លោក​បាន​យក​មក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នាពេលនេះ​រួមមាន អង្ករ​ចំនួន​២៥​គីឡូក្រាម ទឹកស៊ីអ៊ីវ​ទឹកត្រី ​និង សម្ភារៈ​ផ្ទះបាយ​មួយចំនួន ​មាន​មុង​មាន​ភួយ ​រួម​នឹង​ថវិកា​ចំនួន​៣០.០០០​រៀល​(​បី​ម៉ឺន​រៀល​)​ផង​ដែរ។

លោក​អភិបាល​បាន​បន្ត​ទៀត​ថា ការ​ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ក៏បាន​មានការ​ចូលរួម​សហការ​ពី​អង្គការ​មូលនិធិ ​នៃ​ក្តីសង្ឃឹម បាន​ជួយ​ឧបត្ថម្ភ​សា​ង​សង់ផ្ទះ​២​ខ្នង​ ជូន​ដល់​ប្រជាពលរដ្ឋ២​គ្រួសារ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន៤​នាក់​ ឲ្យ​បាន​រៀន​សូត្រ​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី៦​ផង​ដែរ​។

​នៅក្នុង​ឱកាស​នោះដែរ​ លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ប្រកប​ដោយ​ខ្លឹមសារ​ថា​ ទោះជា​អំណោយ​នាពេលនេះ​ វា​តិចតួច ​ក៏​ពិតមែន តែ​វា​អាចជួយ​ជីវភាព​របស់​បងប្អូន​បាន​មួយ​គ្រា​ដែរ​។​

ហើយ​នេះ ​គឺជា​ការ​មើល​ឃើញ ​និង​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្រុក ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន ​សម្ដេច​ ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គឺ​លោក​តែងតែ​យកចិត្តទុកដាក់​បំផុត​ក្នុង​ការ​រស់នៅ​របស់​បង​ប្អូន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​អ្វី​ទាំងអស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114