ព័ត៍មានទាន់​ហេតុការណ៏
Search

ការស្ទង់មតិ ​៖​ បុគ្គលិក ​UN ​ម្នាក់​ក្នុងចំណោម​បី​នាក់ ​ត្រូវ​រង​ការ​យាយី​ផ្លូវ​ភេទ

យោង​តាម​ការ​រក​ឃើញ​នៃ​ការស្ទង់មតិ​លើកដំបូង​លើ​ការប្រព្រឹត្ត​ពុំ​ត្រឹមត្រូវ ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា បុគ្គលិក​អង្គការសហប្រជាជាតិ​មួយ​ភាគ​បី​ បាន​រាយការណ៍​ថា បាន​ជួបប្រទះ​នឹង​ការ​យារ​យី​ខាង​ផ្លូវ​ភេទ​នៅ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​បុគ្គលិក​នៅក្នុង​លិខិត​មួយ​ថា ការសិក្សា​នេះ​រួមមាន​ស្ថិតិ​និង​ភស្តុតាង​មួយចំនួន​នៃ​អ្វីដែល​ចាំបាច់​ត្រូវតែ​ផ្លាស់ប្តូរ​ដើម្បី​កែលម្អ​កន្លែង​ការងារ​នៅ​អង្គការសហប្រជាជាតិ​។​

អ្នកឆ្លើយ​សំណួរ​ម្នាក់​ក្នុងចំណោម​បីនាក់​ឬ​ស្មើនឹង​៣៣​ភាគរយ​បាន​រាយការណ៍​អំពី​ការយាយី​ផ្លូវភេទ​យ៉ាងហោចណាស់​មួយ​ករណី​នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។​
​ប្រភេទ​នៃ​ការយាយី​ផ្លូវភេទ​ជាទូទៅ​បំផុត​គឺជា​រឿងរ៉ាវ​ផ្លូវភេទ​ឬ​រឿង​កំប្លែង​ដែល​ប្រមាថមើលងាយ​ឬ​និយាយ​ប្រមាថមើលងាយ​អំពី​រូបរាងកាយ​ឬ​សកម្មភាព​ផ្លូវភេទ​។​

យោងតាម​ការស្ទង់មតិ​ដែល​ធ្វើឡើង​ដោយ​បណ្តាញ Deloitte កាលពី​ខែវិច្ឆិកា​បាន​ឲ្យ​ដឹងថា បុគ្គលិក​អង្គការសហប្រជាជាតិ​ក៏ត្រូវ​បាន​គេ​កំណត់​គោលដៅ​ផងដែរ​សម្រាប់​ការប៉ុនប៉ង​ក្នុងការ​អូសទាញ​ពួកគេ​ឲ្យ​ចូលទៅក្នុង​ការពិភាក្សា​អំពី​បញ្ហា​ផ្លូវភេទ កាយវិការ​រំលោភបំពាន​និង​ការប៉ះពាល់​។​

ការស្ទង់មតិ​នេះ​បាន​បង្ហាញថា ពីរ​នាក់​ក្នុងចំណោម​អ្នក​យាយី​បីនាក់​គឺជា​បុរស​ហើយ​ម្នាក់​ក្នុងចំណោម​បួន​នាក់​គឺជា​អ្នកមើលការខុសត្រូវ​ឬ​អ្នកគ្រប់គ្រង​។ ស្ទើរតែ​ម្នាក់​ក្នុងចំណោម​អ្នក​យាយី​ដប់​នាក់​គឹជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​។​

នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​បុគ្គលិក លោក Guterres បាន​ថ្លែងថា ការ​ស្ទាបស្ទង់​មតិ​ស្តីពី​ការរីក​រាលដាល​នៃ​ការ​យារ​យី​ខាង​ផ្លូវភេទ​នេះ​គឺអាច​ប្រៀបធៀប​ទៅនឹង​អង្គការ​ដទៃទៀត​បាន​ប៉ុន្តែ​អង្គការសហប្រជាជាតិ​ដែលជា​អ្នកការពារ​សមភាព ភាពថ្លៃថ្នូរ​និង​សិទ្ធិមនុស្ស​គឺ​ត្រូវតែកំណត់​ស្តង់ដារ​ខ្ពស់​។​

កាលពី​ខែកុម្ភៈ​ឆ្នាំមុន អង្គការសហប្រជាជាតិ​បាន​បើក​បណ្តាញ​ជំនួយ​២៤​ម៉ោង​សម្រាប់​បុគ្គលិក​ដើម្បី​រាយការណ៍​ពី​ការ​យារ​យី​ខាង​ផ្លូវភេទ​ហើយ​ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គការសហប្រជាជាតិ​ត្រូវបាន​ប្រគល់​ភារកិច្ច​ក្នុងការ​ដោះស្រាយ​ពាក្យបណ្តឹង​ទាំងអស់​៕ AFP