ព័ត៍មានទាន់​ហេតុការណ៏
Search

ជនភៀសខ្លួន​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ប្រទេស​កាណាដា​ចង់​ប្រយុទ្ធ​ដើម្បី​ស្ត្រី​ដទៃទៀត

ក្មេង​ជំទង់​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​ ដែល​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​អន្តរជាតិ​ដោយ​ការផ្គើន​នឹង​ក្រុមគ្រួសារ​របស់​នាង​ហើយ​ស្វែងរក​ការ​ជ្រកកោន​នៅ​បរទេស​នោះ កាលពី​ថ្ងៃ​អង្គារ​បាន​ប្តេជ្ញា​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់​ស្ត្រី​នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​លើកដំបូង​របស់​នាង​ចាប់តាំង​ពី​នាង​ត្រូវបាន​នាំយក​ទៅដោយ​ប្រទេស​កាណាដា។

នាង Rahaf Mohammed al-Qunun បាន​ទាក់ទាញ​ការយកចិត្តទុកដាក់រ​បស់​ពិភពលោក​ជាមួយនឹង​ការ​បង្ហោះ Twitter ចេញពី​បន្ទប់​សណ្ឋាគារ​របស់​នា​ង​នៅ​ព្រលានយន្តហោះ​ក្រុង​បាងកក​ដែលជា​កន្លែង​នាង​បាន​បង្ខាំង​ខ្លួនឯង​បន្ទាប់ពី​អាជ្ញាធរ​ថៃ​ហាម​នាង​មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​។​

ការ​បង្ហោះ​របស់​នាង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បញ្ឆេះ​ឲ្យ​មាន​ចលនា #SaveRahaf ខណៈ នាង​បាន​រត់គេច​ពីអ្វី​ដែល​នាង​និយាយថា ជាការ​រំលោភបំពាន​ផ្លូវកាយ​និង​ផ្លូវចិត្ត​ពី​ក្រុមគ្រួសារ​របស់​នាង​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ហើយ​ជំរុញ​ឲ្យ​មាន​សកម្មភាព​យ៉ាង​ឆាប់រហ័ស​។​

នាង​ត្រូវបាន​គេ​ផ្តល់​ឲ្យ​នូវ​ឋានៈ​ជា​ជនភៀសខ្លួន​ហើយ​ត្រូវបាន​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី Chrystia Freeland បន្ទាប់ពី​ទៅដល់​ទីក្រុង​តូ​រ៉ុ​ន​តូ​កាលពី​ថ្ងៃ​សៅរ៍​។​

នាង​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ខ្ញុំ​នឹង​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​សេរីភាព​របស់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​ដែលជា​សេរីភាព​ដូចគ្នា​ដែល​ខ្ញុំ​បាន​ជួបប្រទះ​នៅ​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​មកដល់​ប្រទេស​កាណាដា​”​។​

ឈរ​ខាងមុខ​ទង់ជាតិ​កាណាដា​ដ៏​ធំ​មួយ​នៅឯ​ការិយាល័យ​របស់​ទីភ្នាក់ងារ​ជំរំ​ជនភៀសខ្លួន Costi ប្រចាំ​ទីក្រុង​តូ​រ៉ុ​ន​តូ នាង Qunun បាន​ថ្កោលទោស​ច្បាប់​អាណាព្យាបាល​បុរស​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោយ​និយាយថា “​ខ្ញុំ​គឺជា​មនុស្ស​សំណាង​ម្នាក់​”​។​

នាង​និយាយថា “​ខ្ញុំ​ដឹងថា​មាន​ស្ត្រី​គ្មាន​សំណាង​ដែល​ត្រូវ​បាត់​ខ្លួន​ក្រោយពី​រត់គេច​ហើយ​មិនអាច​ធ្វើ​អ្វី​បាន​ដើម្បី​ផ្លាស់ប្តូរ​ការពិត​របស់​ពួកគេ​”​។​

ដោយ​ឆ្លុះបញ្ចាំង​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន នាង​បាន​និយាយ​ថា “​ខ្ញុំ​មិន​ត្រូវ​បាន​គោរព​ដោយ​ក្រុមគ្រួសារ​របស់ខ្ញុំ​ទេ​ហើយ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ចង់​ឡើយ​”៕ AFP