ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រេសិត​ថ្មី​សម្រាប់​ប្រទេស​ស៊ី​រីនឹង​ស្តារ​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​របស់ UN ឡើងវិញ

ប្រេសិត​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​ស៊ី​រី ​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ទៅកាន់​ទីក្រុង​ដា​ម៉ា​សកាល​ពីថ្ងៃ​អង្គារ ​ស្របពេល​ប្រឈមមុខ​នឹង​កិច្ចការ​ដ៏​លំបាក​ក្នុង​ការបន្ត​កិច្ចចរចារ​សន្តិភាព​ឡើងវិញ​ហើយ​ត្រូវធ្វើ​ឲ្យ​បាន​ជោគជ័យ​បន្ទាប់ពី​អ្នក​កាន់តំណែង​មុន​របស់លោក​ចំនួន​បីនាក់​បាន​បរាជ័យ​។​

ដំណើរ​ទស្សនកិច្ច​រប​ស់លោក Geir Pedersen បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​អ្នកសម្របសម្រួល​បរទេស​កំពូលៗ​នៃ​ជម្លោះ​មួយ​ដែល​បានសម្លាប់​មនុស្ស​ជាង​៣៥០,០០០​នាក់​និង​បំលាស់​ទីលំនៅ​មនុស្ស​រាប់លាន​នាក់​រួចទៅហើយ​។​

ប្រទេស​ទួរគី​និង​សហរដ្ឋអាមេរិក​កំពុង​អំពាវនាវ​ឲ្យ​មានការ​បង្កើត​តំបន់​សន្តិសុខ​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ដែល​នេះ​ជា​រឿង​មួយ​ត្រូវបាន​កងជីវពល​ឃឺ​ដដែល​កំពុង​ត្រួតត្រា​តំបន់​នោះ​មើលឃើញថា​ជាការ​កាន់កាប់​យោធា​។​

លោក Pedersen ដែល​បាន​ជំនួស​លោក Staffan de Mistura គឺជា​អ្នកចរចា​ទី​៤​ហើយ​ដែល​ត្រូវបានតែងតាំង​ជា​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​ស៊ី​រី​ចាប់តាំងពី​សង្គ្រាមស៊ីវិល​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១​។​

អ្នកការទូត​សញ្ជាតិ​ន័​រវេ​សវ័យ​៦៣​ឆ្នាំ​រូបនេះ​បានរៀបចំ​កិច្ចចរចា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ស៊ី​រី​រួមទាំង​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Walid Muallem ផងដែរ​។​

សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​បាន​និយាយថា លោក Muallem បានបង្ហាញ​ពី​ការត្រៀមខ្លួន​របស់​ប្រទេស​ស៊ី​រី​ក្នុងការ​សហការ​ជាមួយ​គាត់​ក្នុង​បេសកកម្ម​របស់គាត់​ដើម្បី​សម្របសម្រួល​កិច្ចចរចា​ស៊ី​រី​ជាមួយ​គោលបំណង​ឈានដល់​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​វិបត្តិ​ស៊ី​រី​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមប្រឆាំង​លោក​ប្រធានាធិបតី Bashar al-Assad បាន​និយាយថា ការផ្លាស់ប្តូរ​បេសកជន UN នេះ​នឹងមាន​ឥទ្ធិពល​តិចតួច​ណាស់​លើ​ជោគវាសនា​របស់​ប្រទេស​ខណៈដែល​ឆន្ទៈ​និង​ការយល់​ស្របគ្នា​ជា​អន្តរជាតិ​នៅតែ​ខ្វះខាត​។​

លោក Pedersen មិនទាន់បាន​និយាយ​ជា​សាធារណៈ​អំពី​បេសកកម្ម​របស់គាត់​នៅឡើយ​ទេ​ហើយ​គេ​នៅ​មិនទាន់​ច្បាស់​ថា​តើ​វិធីសាស្ត្រ​របស់គាត់​នឹង​ទៅជា​យ៉ាងណា​នោះទេ​។​

គួរ​បញ្ជាក់ថា លោក De Mistura បានប្រកាស​លាលែង​ពី​តំណែង​កាលពី​ខែតុលា​ដោយសារតែ “​ហេតុផល​ផ្ទាល់ខ្លួន​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114