ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​អូស្ត្រាលី​ស្ថិត​ក្នុងចំណោម​ចំណុច​ក្តៅ​បំផុត​នៅ​លើ​ផែនដី​ ស្រប​ពេល​រលក​កម្ដៅ​វាយប្រហារ

ទីក្រុង​របស់​ប្រទេស​អូស្ត្រាលី​គឺ​ស្ថិតក្នុង​ចំណោម​កន្លែង​ដែល​ក្តៅ​បំផុត​នៅលើ​ផែនដី​នៅ​សប្ដាហ៍​នេះ​ខណៈ​រលក​កម្តៅ​ដ៏​ខ្លាំង​បំផុត​មួយ​បាន​វាយប្រហារ​ភាគ​អាគ្នេយ៍​របស់​ទ្វីប​ស្របពេល​ក្រុម​អ្នក​ព្យាករណ៍​បាន​ព្រមាន​អំពី​សីតុណ្ហភាព​បំបែក​ឯតទគ្គ​កម្ម​បន្ថែមទៀត​មុន​ចុង​សប្ដាហ៍​។​

ការិយាល័យ​ឧតុនិយម​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្នុង​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ​គឺ​ស្ថិត​ក្នុងចំណោម​ថ្ងៃ​ក្តៅ​បំផុត​ទាំង​១០​ក្នុង​កំណត់ត្រា​របស់​ប្រទេស​ដោយមាន​សីតុណ្ហភាព​ជិត​៥០​អង្សា​សេ​នៅ​ចំណុច​មួយចំនួន​។​

អ្នក​ឧតុនិយម​ជាន់ខ្ពស់​របស់​ការិយាល័យ​នេះ​លោក Philip Perkins បាន​ប្រាប់ AFP ថា “​ខណៈ​ប្រទេស​អូស្ត្រាលី​ភាគខាងត្បូង​បាន​បំបែក​ឯតទគ្គ​កម្ម​គ្រប់​ពេល​ទាំងអស់​កាលពី​ម្សិលមិញ​នោះ វា​ពិតជា​នឹងដាក់​តំបន់​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ចំណុចក្តៅ​បំផុត​នៅក្នុង​ពិភពលោក​”​។​

សីតុណ្ហភាព​ខ្ពស់​គឺ​មិនមែនជា​រឿង​ប្លែក​ទេ​នៅក្នុង​ប្រទេស​អូស្ត្រាលី​អំឡុង​រដូវក្ដៅ​នៃ​តំបន់​អឌ្ឍគោល​ភាគខាងត្បូង​របស់ខ្លួន​ដែលជា​កន្លែង​ភ្លើង​ឆេះ​ព្រៃ​បានកើត​ឡើងជា​ទូទៅ​។​

ប៉ុន្តែ​ការប្រែប្រួល​អាកាសធាតុ​បាន​ជំរុញ​ឲ្យ​សីតុណ្ហភាព​លើដី​គោក​និង​នៅ​សមុទ្រ​កើនឡើង​ហើយ​បាន​នាំ​ឲ្យ​មាន​ថ្ងៃ​ក្តៅ​ខ្លាំង​បំផុត​កាន់តែច្រើន​និង​រដូវ​ភ្លើង​ឆេះ​ធ្ងន់ធ្ងរ​។​

ក្នុងចំណោម​ទីក្រុង​នៅ​រដ្ឋ​អូស្ដ្រាលី​ភាគខាងត្បូង​ដែល​ជួបប្រទះ​សីតុណ្ហភាព​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​កាលពី​ថ្ងៃ​អង្គារ​គឺ​ទីក្រុង Tarcoola ដែល​សីតុណ្ហភាព​បាន​ឈានដល់​៤៩​អង្សា​សេ​។​

ចំណែក​ទីក្រុង Port Augusta មាន​សីតុណ្ហភាព​៤៨.៩​អង្សា​សេ​ដែល​ស្ទើរតែ​លើស​មួយ​ដឺ​ក្រេ​លើ​កំណត់ត្រា​មុន​របស់ខ្លួន​កាលពី​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០០៩​។

ទីក្រុង​វាល​ខ្សាច់ Coober Pedy ដែលជា​កន្លែង​ពលរដ្ឋ​មួយចំនួន​បានរស់នៅ​ក្រោម​ដី​ដើម្បី​គេច​ពី​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​កាច​សាហាវ​នោះ​គឺមាន​សីតុណ្ហភាព​ស្មើ​កំណត់ត្រា​ចាស់​ពោលគឺ​៤៧.៧​អង្សា​សេ​។​

នៅក្នុង​រដ្ឋធានី Adelaide សីតុណ្ហភាព​អតិបរមា​គឺ​៤១.៩​អង្សា​សេ​៕ AFP