ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​ត្រូវ​រថយន្ត​ស្ទូច​បុក​ រួច​កិន​បណ្តាល​ឲ្យ​ស្លាប់​នៅ​ភូមិ​បឹង​ឈូក

​ភ្នំ​ពេ​ញ ៖ បុរស​ម្នាក់​ត្រូវ​បាន​រថយន្តស្ទូច​បុក​រួច​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ ថ្ងៃទី​១៦​ ខែមករា ​ស្ថិត​ក្នុងភូមិ​បឹងឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន ​អធិការ​ង​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​ប៉ែន ខៃ អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​តា​នូ ​ឃុំ​ចំបក់​ស្រុក​ស្វាយជ្រុំ ​ខេត្តស្វាយរៀង​ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CK-6420​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្ល​ស្ទ័រ​ក្នុងភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​។

លុះ​មកដល់​ផ្លូវ​P22​ក៏​ស្រាប់​តែ​មាន​រថយន្តស្ទូច​ ព​ណ៌ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​3D-9293​មកដល់​ចំណុច​កែង​បាន​បុក​ម៉ូតូ​ជនរងគ្រោះ ​រួច​កិន​ពីលើ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ក្រោម​រថយន្ត។ លោក​អធិការ​រង​បញ្ជាក់​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គឺ​ពុំ​មាន​សាក្សី​ណា​ម្នាក់​ហ៊ាន​អះអាងថា​ កំហុស​នេះ​ផ្តើម​ចេញពី​ភាគី​ណា​ទេ​ដោយ​គ្រាន់តែ​ដឹង​ថា ​ក្រោយពេល​កើតហេតុ​បន្សល់ទុក​សព​ជនរងគ្រោះ​កៀប​ជាប់​ក្រោម​កង់​រថយន្ត​។ ហើយ​អ្នកបើកបរ​រថយន្តស្ទូច​ត្រូវ​បាន​នគរបាល​ឃាត់​បាន​ដែល​មាន​ឈ្មោះ​ខឿន សុភាព ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូក​ឃុំ​បាសាក់​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​។

ក្រោយ​កើតហេតុ​ សព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ដោយឡែក​រថយន្ត​និង​តៃកុង​ព្រមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ចរាចរណ៍​នគរបាល​ក្រុង​ជា​អ្នកចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕