ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍​4Th Angkor Ultra Trail នៅ​តំបន់​អង្គរ​ មាន​អ្នកចូលរួម​ជាង​១.០០០​នាក់​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរវត្ត​លើក​ទី​៤(4Th Angkor Ultra Trai)​ឆ្នាំនេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួមបាន​កើន​ដល់​ក្នុង​រង្វង់​១.០០០​នាក់​ ហើយ​មកពី​៤២​ប្រទេស ដែល​កាលពី​ឆ្នាំ​កន្លងទៅ​មាន​អ្នកចូលរួម​ប្រមាណ​ក្នុង​រង្វង់​ជាង​៧០០​នាក់​ប៉ុណ្ណោះ។​
​ ​
ព្រឹត្តិការណ៍​នេះ អ្នក​ដែល​រត់​ខ្លាំង​នឹង​ប្រើ​ថិរវេលា​មិនតិចជាង​២៤​ម៉ោង​នោះឡើយ ព្រឹត្តិការណ៍ Ultra Trail មានន័យថា រត់​ចម្ងាយ​ឆ្ងាយ​ហេតុនេះ​សុវត្ថិភាព ​នៃ​អ្នកចូលរួម ​គឺ​កម្ពុជា​សហការគ្នា​ការពារ​ដល់​ពួកគេ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួងទេសចរណ៍ អាជ្ញាធរ​អប្សរា អាជ្ញាធរ​ខេត្ត​សៀមរាប​ត្រូវតែ​ធានារ៉ាប់រង សុវត្ថិភាព​លើផ្លូវ​រត់​សម្រាប់​ពួកគេ។

ការរត់​ នឹង​ប្រើ​រយៈពេល​២​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​យប់​ថ្ងៃទី​១៩ ហើយ​បញ្ចប់​នៅ​យប់​ថ្ងៃទី​២០​ ខែ​មករា​ឆ្នាំ​២០១៩ ហើយ​សម្រាប់​ចម្ងាយ​ឆ្ងាយ​នេះ​មានតែ​ជនបរទេស​ទេ ដែល​ចូលរួម​រត់​ចម្ងាយ​ឆ្ងាយ​នេះ​ច្រើន។​

ឆ្នាំនេះ​ ជនជាតិ​បារាំង​ មាន​អ្នកចូលរួម​រត់​ច្រើនជាងគេ បន្ទាប់មក​កម្ពុជា​ចំនួន​១០០​នាក់ និង​ប្រទេស​ចិន គឺ​ការរត់​នេះ​មាន​ចម្ងាយ​១២៨​គីឡូម៉ែត្រ ៦៤​គីឡូម៉ែត្រ ៣២​គីឡូម៉ែត្រ និង ១៦​គីឡូម៉ែត្រ។

លោក​ វ៉ា​ត់​ ចំរើន​ មាន​ជំនឿ​ចិត្ត​ថា សម្រាប់​ការរត់​ចម្ងាយ​១៦​គីឡូម៉ែត្រ​និង​៦៣​គីឡូម៉ែត្រ ​នឹងមាន​អ្នក​រត់​ជា​ជនជាតិ​កម្ពុជា​ចូលរួម​ច្រើនតែ​សម្រាប់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​ ក៏​អាច​នឹងមាន​អ្នកចូលរួម​ជា​ជនជាតិ​ខ្មែរ​ចូលរួម​តិចតួច​ប៉ុណ្ណោះ​។​

ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​អង្គរវត្ត​លើក​ទី​៤ នឹងធ្វើ​រយៈពេល​២​ថ្ងៃ​ គឺ​ថ្ងៃទី​១៩ និង​២០​មករា​​ នា​តំបន់​អង្គរ​ ខេត្តសៀមរាប។​ នេះ​ជាការ​រត់​ក្នុង​ចម្ងាយ​១២៨​គីឡូម៉ែត្រ​ ដែល​ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​បាន​ជាង​១.០០០​នាក់​ហើយ៕​