ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជួសជុល ​និង​អ៊ុត​កៅស៊ូ​AC ​ទាំង​យប់​ ទាំង​ថ្ងៃ​

ភ្នំពេញ ​៖ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ និង​ដើម្បី​ជាកា​លើក​សោភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែមាន​សម្រស់​ស្រស់ស្អាត ​សមជា​ទីក្រុង​ដែលជា​បេះដូង​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជួសជុល ​និង​អ៊ុត​កៅស៊ូ​AC​ទាំង​យប់​ទាំង​ថ្ងៃ​។

ជាក់ស្តែង​គិត​មកដល់​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្រាប់​ខណ្ឌទួលគោក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ជួសជុល ថែទាំ​ និង​អ៊ុត​កៅស៊ូ​ បាន​ជាង​១០​ខ្សែ​ហើយ​។​

លោក ចាន់ ​បណ្ឌិត អភិបាលរង​ខណ្ឌទួលគោក​បានឲ្យ​ដឹងថា សម្រាប់​ខណ្ឌទួលគោក ក្រោម​ការ​ណែនាំ​ពី​ លោក​ ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​យើង​បាន​និង​កំពុង​ជួសជុល ថែទាំ​ និង​អ៊ុត​កៅស៊ូ​បាន​ជាង​១០​ខ្សែ​ហើយ ក្នុងនោះ​រួមមាន ផ្លូវ​លេខ​៥៨៨ ចាប់ពី​ផ្លូវ​លេខ​៣០៧ ដល់​ផ្លូវ​លេខ​៣៦៣។ ​ផ្លូវ​លេខ​៦១៨ ចាប់ពី​ផ្លូវ​លេខ​២៨៧ ដល់​ផ្លូវ​លេខ​៦០៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួល​គោក។ ផ្លូវ​លេខ ២១៩ ចាប់ពី​ផ្លូវ​លេខ​១៨២​ដល់​ផ្លូវ​លេខ​២៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ជាប់​សង្កាត់​ដេប៉ូ​១ ​ខណ្ឌ​ទួលគោក។ ផ្លូវ​លេខ ២០៦ ចាប់ពី​ផ្លូវ​លេខ​២១៥​ដល់​ផ្លូវ​ទល់​។ ផ្លូវ​លេខ ២០៤ ចាប់ពី​ផ្លូវ​លេខ​២៥៣​ដល់​ផ្លូវ​លេខ​២៦៥​។ ផ្លូវ​លេខ​១៩២ ចាប់ពី​ផ្លូវ​លេខ​២៤៩​ដល់​ផ្លូវ​លេខ​២៦៥​។ ផ្លូវ​លេខ ២៥៥ ចាប់ពី​ផ្លូវ​លេខ​៣៣៦​ដល់​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។

ចំណែក​សកម្មភាព​ជួសជុល​គ្រលុក​សំបុកមាន់​វិញ មានដូចជា ផ្លូវ​លេខ​១៣៨ ចាប់ពី​ផ្លូវ​លេខ​២៥៣​ដល់​ផ្លូវ​លេខ​២១៥​។​

ផ្លូវ​លេខ​១៤៦ ចាប់ពី​ផ្លូវ​លេខ​២១៥​ដល់​ផ្លូវ​លេខ​២៦៥​។ ​ផ្លូវ​លេខ​១៥០ ចាប់ពី​ផ្លូវ​លេខ​២១៥ ​ដល់​ផ្លូវ​លេខ​២៦៥ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក និង ផ្លូវ​លេខ​៥៥២ ចាប់ពី​ផ្លូវ​លេខ​២៩១​ដល់​ផ្លូវ​លេខ​៣១៣​ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។

លោក​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​ការដឹកជញ្ជូន សម្ភារៈ​បម្រើ​ឲ្យ​ការអភិវឌ្ឍន៍​វិស័យ​សំណង់​ធ្ងន់​ៗ​ក្នុង​ទីក្រុង និង​ដោយ​ផ្លូវ​ដល់​អាយុកាល ​នៃ​ការប្រើប្រាស់ ទើប​បណ្តាល​ឲ្យ​កំណាត់​ផ្លូវ​ក្នុង​ក្រុង​មួយ​ចំនួន​ទទួល​រង​ការខូចខាត។ ដូច្នេះហើយ​ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ធ្វើ​សកម្មភាព​ជួសជុល​គ្រឹះ​ថ្នល់​ខូច និង​អ៊ុត​កៅស៊ូ AC នៅ​កំណាត់​ផ្លូវ​មួយចំនួន​ដោយ​ភាពជាក់ស្តែង​។​

ជុំវិញ​ការជួលជុល​ និង​អ៊ុត​កៅស៊ូ​ខាងលើនេះ លោក ​ចាន់ បណ្ឌិត បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែលមាន​លំនៅដ្ឋាន នៅ​អម​សងខាង​ផ្លូវ​ដែល​ត្រូវ​ជួសជុល អ៊ុត​កៅស៊ូ​នេះ ​មេត្តា​ចូលរួម​សហការ​ជាមួយ​ក្រម​ការងារ ដូចជា​ចូលរួម​រៀបចំ​មុខផ្ទះ​របស់ខ្លួន​ឲ្យ​បាន​ស្អាត មាន​បរិស្ថាន​ល្អ និង​កុំ​ចាក់​ទឹក​ហូរ​ទៅលើ​ទ្រូងផ្លូវ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114