ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ៅ ស៊ី​ណាត សំពះ​អង្វរ​សារព័ត៌មាន​មួយចំនួន ​លើ​ករណី​ចុះផ្សាយ​រឿង​មិន​ពិត​របស់​ខ្លួន​

ភ្នំពេញ ​៖ ​អ្នកនាង ម៉ៅ ស៊ី​ណាត ក្រោយពេល​រង​នូវ​ព័ត៌មាន​អាស្រូវ​ ដែល​ត្រូវបាន​គេ​ចុះផ្សាយ​លើ​ករណី​ចាយ​លុយ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ ​ដើម្បី​កែកុន​សម្រស់​ឲ្យ​ស្រស់ស្អាត ​នៅ​ក្មេង​ជាង​វ័យ​ ហើយ​ជា​លទ្ធផល​ ​ប្រែក្លាយ​ធ្វើ​ឲ្យ​នាង​ខក​បំណង​នោះ ​​​មិន​បង្អង់​យូរ​ សាមីខ្លួន​ក៏បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ ព្រម​នឹង​ការ​ចេញមុខ​ទទូច​សូម​ចិត្ត​ដល់​សារព័ត៌មាន​មួយ​ចំនួន​ ដែល​ចុះផ្សាយ​មិន​ពិត​ នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​នាង​ផង​ដែរ​។​

បើតាម​ការរៀបរាប់រ​បស់​អ្នកនាង ម៉ៅ ស៊ី​ណាត បាន​លើកឡើងថា ជម្រាបសួរ​បងប្អូន​សារព័ត៌មាន​ទាំងអស់​ជាទី​រាប់អាន​នាង​ខ្ញុំ ​ម៉ៅ ស៊ី​ណាត សូម​លើកដៃ​សំពះ​អង្វរ​ពី​ចម្ងាយ​ដោយ​ក្តីមេត្តា ​មាន​អ្នកសិល្បៈ​ច្រើនណាស់​រងគ្រោះ​ដោយ​សារ​ព័ត៌មាន​មិន​ពិត មិនបាន​ដឹង​រឿង​ច្បាស់ ​ធ្វើឲ្យ​អ្នកសិល្បៈ​មួយចំនួន​ខ្លាចរអា​មាន​ជំងឺ​បាក់​ទឹកចិត្ត​ ដោយសារ​ការជាន់​ពន្លិច​គ្នា​ថែម អ្នកខ្លះ​ក៏​លែង​ចង់​ធ្វើ​អ្នក​សិល្បៈ​។​

តារាចម្រៀង​ស្រី​រូបនេះ​បាន​បន្តថា​ ដូចជា​រូបនាង​ខ្ញុំ​កន្លងមក​ និង​ថ្មីៗ​នេះ​ ត្រូវបាន​សារព័ត៌មាន​ចុះ​យ៉ាង​ច្រើន​ ដោយ​មិនបាន​សួរ​ខ្ញុំ​មួយ​ម៉ាត់ បងប្អូន​សារព័ត៌មាន​ដឹង​ទេ​ថា ​ខ្ញុំ​ប៉ះពាល់​អ្វី​ទេ កាល​ច្រើន​ឆ្នាំមុន ​ខ្ញុំ​បាន​បែកបាក់​ស្វាមី ខ្ញុំ​បាន​រង​សំពាធ​ធ្ងន់​ណាស់ តែ​កាន់តែ​ធ្ងន់​ជាង​នោះ​ទៀត​ គឺ​សារព័ត៌​មាន​វាយ​ប្រហារ​ខ្ញុំ​រហូត ធ្វើ​ឲ្យ​ខ្ញុំ មាន​ជំងឺផ្លូវចិត្ត ខ្ញុំ​ខ្លាច ​គេង​មិន​ចង់​ងើប ប្រាប់​ខ្លួនឯង​ថា ​ស្អែក​ស្លាប់​ហើយ ​ទ្រាំ​ទៅ លែង​ចង់​ច្រៀង និង​ញ៉ាំ លែង​ចង់​ធ្វើ​អ្វី​ទាំងអស់​លុយរាប់​​លែង​ដឹង ដឹង​តែ​ខ្លាច​ និង​ដេក​រង់ចាំ​ស្លាប់។​

អ្នកនាង ម៉ៅ ស៊ីណា និយាយទៀតថា ​ដូចជា​ថ្មីៗ​នេះ មានការ​ចុះផ្សាយ​ពី​ខ្ញុំ​មហា​សែន​អាក្រក់ សួរថា​មានបាន​សួរ​ខ្ញុំ​ទេ ​គឺ​អត់​ទេ គ្រាន់តែ​ចុះ​ភ្លាម ​ភ័ក្ត្រ​ ឆាត​ប្រាប់​ពី​ការ​សរសេរ​ក្នុង​អត្ថបទ​ខ្លះ ​ខ្ញុំ​ធ្វើ​ទុក្ខ​បេះដូង​មួយ​រំពេច ដែល​ខ្ញុំ​បាន​បន្សល់ទុក​ក្នុង​ខ្លួន​តាំងពី​ជួប​រឿង​ពីមុនមក​ម្ល៉េះ​ នេះ​ជា​រឿង​កើត​លើ​ខ្ញុំ​ផ្ទាល់ តើ​អ្នក​សារព័ត៌មាន​សប្បាយចិត្ត​ទេ​ ស្តាប់​ហើយ ?​ បើ​យល់ថា​ធ្វើ​ត្រូវ ហើយ​សប្បាយចិត្ត​មិន​ខ្វល់​ពី​អ្នករងគ្រោះ អ្នក​សារព័ត៌មាន​ធ្វើ​ទៀត​ចុះ​ តែ​ខ្ញុំ​ជឿ​លើ​បាប​បុណ្យ ​និង​ការដាក់​ទំនាយ​ណាស់​សូម​មេត្តា​ឈប់​សរសេរ​ធ្វើបាប​គ្នា​អញ្ចឹង​ទៀ​តទៅ ​ខ្ញុំ​សូម​លើកដៃ​អង្វរ​សារ​នេះ ខ្ញុំ​សូម​ផ្ញើ​ទៅ​បងប្អូន​សារ​ព័ត៌មាន​។​

សូមបញ្ជាក់ថា តារាចម្រៀង​ចាស់វស្សា ​អ្នកនាង ម៉ៅ ស៊ី​ណាត គឺ​តារា​ជើងចាស់​មួយរូប​ធ្លាប់មាន​ប្រជាប្រិយភាព ​និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ​កាលពី​អំឡុងពេល​ប៉ុន្មាន​ឆ្នាំមុន​។ ប៉ុន្តែ​ក្រោយពេល​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​មួយ​ចំនួន​រហូត​ឈាន​ដល់​ការ​បែកបាក់​គ្នា​ជាមួយ​ស្វាមី​ហើយ​នោះ ​ក៏​ស្រាប់តែ​ទីផ្សារ​សិល្បៈ​របស់​នាង​ហាក់​មាន​ភាព​រង្វើល​ និង​បាត់​មុខ​មួយសន្ទុះ​ពី​អាជីព​សិល្បៈ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114