ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំខ្លួន​ប្ដី​ប្រពន្ធ​២​នាក់ ​ក្នុង​សំណុំរឿង​លក់​ដី​ខ្យល់ ​ប្រមូល​ប្រាក់​ជិត​១​លាន​ដុល្លារ​

ភ្នំពេញ ៖ បុរស/ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ពាក់ព័ន្ធ​អំពើ​ឆបោក បទ​ក្លែង​ឯកសារ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង។​

ជន​ជាប់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​បញ្ជូន​មក​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ នា​ព្រឹក​ព្រលឹម ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឆបោក ក្រោម​រូប​ភាព​លក់​ដី​ខ្យល់​ប្រមូលប្រាក់​ពី​អ្នកទិញ​ប្រមាណ​១​លាន​ដុល្លារ។​

ជនសង្ស័យ​ទាំង​២​នាក់​មាន ១-ឈ្មោះ ជៀម ច័ន្ទ​បុរី អាយុ​៥០​ឆ្នាំ ជា​ប្រពន្ធ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ទ្រា ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៥៤៥៥ ផ្លូវ​សម្បត្តិ​មាស​១ បុរី​សម្បត្តិ​មាស ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ។ ២​-ឈ្មោះ អ៊ូ សៀក​រ៉ា​ន់ អាយុ​៥៦​ឆ្នាំ ជា​ប្ដី។​

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់ថា រូបភាព​ឆបោក​ នៃ​បុគ្គល​ទាំង​២​នាក់ ដោយ​មុនដំបូង​ឡើយ ​ពួកគេ​បាន​ចាត់តាំង​គ្នីគ្នា​ឲ្យ​មាន​អ្នកដើរតួ​នៅ​ខាងក្រៅ​ប្រទេស​ ជាមួយនឹង​មេធាវី​ផង​ទៅ​ចុះកិច្ចសន្យា​ជាមួយ​ធនាគារ​ដើម្បីឲ្យ​អ្នកទិញ​បង់ប្រាក់​លក់​ដី​ខ្យល់​ឲ្យ​ប្រជាពលរដ្ឋ​ ដោយមាន​ប្ដី​ប្រពន្ធ​២​នាក់​ជា​ជន​សង្ស័យ​ដើរ​ឃោសនា​អូសទាញ​ប្រជាពលរដ្ឋ​ឲ្យ​ជឿ​ស៊ប់​ ព្រម​ទិញ​ និង​បង់​ប្រាក់​ឲ្យ​​ពួកគេ។

ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ បាន​ចាញ់​កល​ល្បិច​លក់​ដី​ខ្យល់​នេះ​បាន​បង់លុយ​ទិញ​ដី​ជា​បន្តបន្ទាប់ គ្រួសារ​ខ្លះ​៥​ម៉ឺន​ដុល្លារ ខ្លះ​៨​​ម៉ឺន​​ដុល្លារ ខ្លះ​រហូតដល់​៣៥​​ម៉ឺន​​ដុល្លារ សរុប​ប្រមាណ​១​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​មិនឃើញ​មាន​អ្វី​ជា​ថ្នូរ​ទេ ក្រៅ​អំពី​ក្រដាស​បង្ហាញ​ពី​ដី​អភិវឌ្ឍ​នៅ​កន្លែង​នេះ​កន្លែង​នោះ​មិន​ច្បាស់លាស់។

ចំពោះ​ដើមចម​ នៃ​ពាក្យបណ្ដឹង​បាន​ឲ្យ​ដឹងថា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ ឈ្មោះ ជៀម ចាន់​បូរី និង​ឈ្មោះ អ៊ូច សៀក​វ៉ាន់ បាន​យក​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ទៅ​បង្ហាញ​ជនរងគ្រោះ​ទាំង​អស់​ ដោយ​អះអាងថា ខ្លួន​(​ប្តី​.​ប្រពន្ធ​)​ មាន​ដី​រាប់ពាន់​ហិកតា ​ស្ថិតនៅ​ភូមិ​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ត្រូវ​ការលក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន និង​ម៉ាឡេស៊ី ដូច្នោះ​គេ​បាន​តម្រូវ​ឲ្យ​ជន​រង​គ្រោះ ដាក់​ប្រាក់​ចូល​ហ៊ុន​ដើម្បី​រៀបចំ​ដី​នោះ និង​បាន​ផល​ចំណេញ​ចែកគ្នា។ ជនរងគ្រោះ​១២​នាក់​មាន ១.​ឈ្មោះ អ៊ូច ប៉ោ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ, ២.​ឈ្មោះ ដាម សុ​ផុន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ,៣.​ឈ្មោះ ទួន ស្រង ភេទ​ស្រី អាយុ​៥២​ឆ្នាំ, ៤.​ឈ្មោះ ទួន ស្រី​ពៅ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ,៥.​ឈ្មោះ លី ពុ​ទ្ធី ភេទ​ប្រុស អាយ​៣៨​ឆ្នាំ ,៦.​ឈ្មោះ សុខ ស៊ីវ​អេង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ,៧.​ឈ្មោះ ប៉ាវ ឡ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ,៨.​ឈ្មោះ គិ​ន ណោ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ, ៩.​ឈ្មោះ ឃុន ខេង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ,១០.​ឈ្មោះ ប៉េង ម៉េង​ហ៊ាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ,១១.​ឈ្មោះ លឹម សុវណ្ណ​ចំប៉ា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ និង១២.​ព្រះ​តេជ​គុណនាម​ ពុំ សុឃឿន ជន្មាយុ​៦៤​វស្សា។

មន្ត្រី​នគរបាល​បន្ត​ថា ​ក្នុង​ម្នាក់ៗ​ បាន​ចំណាយ​ប្រាក់​មិនតិច​ពីក្រោម​៥​ម៉ឺន​ដុល្លារ រហូតដល់​ខ្លះ​ជាង​៣០​​ម៉ឺន​ ​ក៏មាន​ឲ្យ​ទៅ​ពីរ​នាក់​ប្តី​ប្រពន្ធ​(​ជៀម ចាន់​បូរី​ និង​អ៊ូច សៀក​វ៉ាន់​) ​ដើម្បី​ចង់បាន​ប្រាក់ចំណេញ​កប់​ក្តោង​មកវិញ​នោះ ដែល​បើតាម​សរុប​ជិត​១​លាន​ដុល្លារ​អាមេរិក​ឯណោះ។ បានជា​ជនរងគ្រោះ​នាំ​គ្នា​សម្រុក​ដាក់​លុយ​ចូល​ហ៊ុន​នោះ ដោយសារ​ពួកគេ​បាន​មើលឃើញ​ទង្វើ​ពីរ​នាក់​ប្តី​ប្រពន្ធ​ម៉ាត់​ណា ​ក៏​ថ្នាក់ដឹកនាំៗ។ មិនតែប៉ុណ្ណោះ ​ប្តី​ប្រពន្ធ​២​នាក់​នោះ បាន​ប្រើល្បិច​នាំ​ជនរងគ្រោះ​ចេញទៅ​ក្រៅ​ប្រទេស​ដូចជា ​ម៉ាឡេស៊ី ដែល​ប្រាប់​គេ​ថា ទៅ​ទូទាត់​ប្រាក់​ដើម្បី​យកមកចែក​គ្នា ទីបំផុត​ដូច​នាំទៅ​មើល​មេឃមើលផ្កាយ​នៅ​ស្រុក​គេ​បាន​ត្រឹម​អស់​លុយ​ហោប៉ៅ​រៀងខ្លួន ​ទៅ​ដើរ​លំហែកាយ។

រឿងរ៉ាវ​បាន​បែក​ធ្លាយ ​និង​ដឹង​ច្បាស់​ថា ​ប្តី​ប្រពន្ធ​២​នាក់ ជា​ជន​ឆបោក​នោះ ​តាមរយៈ​ នៃ​ការ​ស៊ើបសួរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ដី​រាប់ពាន់​ហិកតា​ណា​ជា​កម្មសិទ្ធិ​របស់​ ឈ្មោះ ជៀម ចាន់​បូរី និង​ឈ្មោះ អ៊ូច សៀក​វ៉ាន់ នោះទេ មានតែ​ដី​ខ្យល់ ដូច្នោះ​បានជា​ជនរងគ្រោះ​នាំគ្នា​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់​ឲ្យ​ជួយ​ចាត់ការ​ចំពោះ​ប្តី​ប្រពន្ធ​២​នាក់​នេះ។ កាន់តែច្បាស់​ទៀត​នោះ ​នៅពេល​សមត្ថកិច្ច​បញ្ជូន​ពួកគាត់​(​ប្តី​ប្រពន្ធ​)​ទៅ​តុលាការ​ ដើម្បី​ធ្វើការ​សាកសួរ។​

ចំណែក​ព្រះសង្ឃ​មួយអង្គ​ដែល​ទៅ​ជាប់ជំពាក់​វា​ក់វិន​ក្នុង​សាច់រឿង​នឹង​គេ​ដែរ​នោះ ដោយសារ​កន្លង​មក​ព្រះសង្ឃ​នេះ​បានឲ្យ​ប្រាក់​ចំនួន​២​ពាន់​ដុល្លារ​ឲ្យ​ប្ដី​ប្រពន្ធ​២​នាក់​នេះ​ខ្ចី លុះ​ពេល​ឃើញ​សមត្ថកិច្ច​ចុះទៅ​ចាប់ខ្លួន​ប្ដី​ប្រពន្ធ​នាក់ ឆ្ងល់​ក៏​ចូលមក​សួរ​ទើប​ដឹងថា ​ញោម​គាត់​ឆបោក​គេ​បាន​ប្រាក់​ច្រើន​ណាស់​កន្លងទៅ។​

ដោយឡែក ​នៅ​សាលាដំបូង​រាជធានី ក្រោយពី​បាន​សាកសួរ​ជនសង្ស័យ​រួច ​នា​ថ្ងៃទី​១៧​មករា លោក​ហោ លី​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​បុរស ស្ត្រី​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ ពីបទ ឆបោក បទ​ក្លែង​ឯកសារ និង​ប្រើ​ឯកសារ​សាធារណៈ​ក្លែង ហើយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ដើម្បី​បើក​កា​រសើប​អង្កេត​នៅពេល​ក្រោយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114