ព័ត៍មានទាន់​ហេតុការណ៏
Search

សហភាព​អាហ្វ្រិក​ស្វែងរក​ការពន្យារពេល​ក្នុងការ​ប្រកាស​ចុងក្រោយ​នៃ​លទ្ធផល​ឆ្នោត​កុង​ហ្គោ

សហភាព​អាហ្វ្រិក​ បាន​អំពាវនាវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ផ្អាក​ការប្រកាស​ចុងក្រោយ​សម្រាប់​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ដែលមាន​ជម្លោះ​កាលពី​ខែ​មុន​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ដោយសារតែ​មានការ​សង្ស័យ​យ៉ាងធ្ងន់ធ្ងរ​។​

សម្រាប់​កិច្ចប្រជុំ​នៅ​ប្រទេស​អេ​ត្យូ​ពី​, សហភាព​អាហ្វ្រិក​បាន​ព្រមព្រៀង​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​ទីក្រុង Kinshasa ជាបន្ទាន់​ក្នុង​គោលបំណង​ស្វែងរក​ផ្លូវ​ចេញពី​វិបត្តិ​នយោបាយ​។​

សហភាព​អាហ្វ្រិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​សន្និដ្ឋានថា មានការ​សង្ស័យ​យ៉ាងធ្ងន់ធ្ងរ​លើ​ការអនុលោម​តាម​លទ្ធផល​បណ្តោះអាសន្ន​ដែល​បានប្រកាស​ដោយ​គណៈកម្មាធិកា​របោះ​ឆ្នោត​ឯករាជ្យ​ជាតិ​”​។​

ជា​លទ្ធផល ខ្លួន​បាន​អំពាវនាវ​ឲ្យ​ផ្អាក​ការប្រកាស​លទ្ធផល​ចុងក្រោយ​នៃ​ការបោះឆ្នោត​នោះ​។​
​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​កាលពី​សប្ដាហ៍​មុន​កំពុង​ត្រូវ​បានដាក់​ប្តឹង​នៅក្នុង​តុលាការ​ក្នុង​ប្រទេសមួយ​ដែល​មិន​ធ្លាប់​ស្គាល់​ការផ្ទេរអំណាច​ដោយ​សន្តិ​ភាព​សោះ​ចាប់តាំងពី​ការទទួលបាន​ឯករាជ្យ​ពី​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ក្នុង​ឆ្នាំ​១៩៦០​។​

គណៈកម្មការ​បោះឆ្នោត​បា​ន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ថា មេដឹកនាំ​បក្សប្រឆាំង​លោក Felix Tshisekedi គឺជា​អ្នកឈ្នះ​នៃ​ការបោះឆ្នោត​ថ្ងៃទី​៣០​ខែធ្នូ​ជាមួយ​សំឡេង​៣៨,៥៧​ភាគរយ​លើ​គូប្រជែង​លោក Martin Fayulu ដែល​ទទួលបាន​សំឡេងឆ្នោត​៣៤,៨​ភាគរយ​។​

ប្រធាន​សហភាព​អាហ្វ្រិក​លោក Moussa Faki Mahamat បាន​ប្រាប់​ក្រុម​មេដឹកនាំ​អាហ្វ្រិក​រួមទាំង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ហ្សំ​ប៊ី​និង​សាធារណរដ្ឋ​កុង​ហ្គោ​ផងដែរ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ការបោះឆ្នោត​នៅ​ការិយាល័យ​កណ្តាល​របស់​សហភាព​អាហ្វ្រិក​ក្នុងប្រទេស​អេ​ត្យូ​ពី​ថា “​ថ្វីបើ​ស្ថានការណ៍​នៅលើ​ដី​មាន​សភាព​ស្ងប់ស្ងាត់​រហូត​មកដល់ពេលនេះ​ក៏ដោយ វា​នៅតែ​ជា​កង្វល់​មួយ​”​។​

នៅ​ដើម​សប្ដាហ៍​នេះ សហគមន៍​អភិវឌ្ឍន៍​អាហ្វ្រិក​ខាងត្បូង (SADC) ដែលជា​ប្លុក​មួយ​រួមមាន​ទាំង​ប្រទេស​អង់​ហ្គោ​ឡា​និង​អាហ្វ្រិក​ខាងត្បូង​ផងដែរ​នោះបាន​អំពាវនាវ​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​និង​មាន​រដ្ឋាភិបាល​បង្រួបបង្រួម​មួយ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114