ព័ត៍មានទាន់​ហេតុការណ៏
Search

នី រតនា បញ្ចប់​ភាព​នូវ​លីវ ដោយ​ការ​សំពះ​ក្រាប​ផ្ទឹម​ជាមួយ​កូនក្រមុំ​ស្រស់​ស្អាត​ ខណៈ​មាន​អ្នក​សិល្បៈ​ល្បីៗ​ចូលរួម​ច្រើន​កុះករ

ភ្នំពេញ ​៖​ នៅ​ទីបំផុត​ចំណង​ស្នេហា​សាង​ឡើង​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​រវាង​តារា​ចម្រៀង​ប្រុស​លោក នី រតនា​ជាមួយ​កូនក្រមុំ​ស្រស់​សោភា​ដែលជា​កូនស្រី​ថៅកែ​អ្នក​នាំចូល​ផលិតផល​សម្អាង​ម៉ាក Womea​ ក្រោយពេល​ភ្ជាប់ពាក្យ​និង​ស្វែង​យល់ចិត្ត​គ្នា​ហើយ​នោះ ​ពេលនេះ​ពួកគេ​បានសម្រេច​ចិត្ត​ចូល​រោងការ​ជា​ផ្លូវការ​ហើយ​ ដោយ​មាន​ចាស់ទុំ​សាច់ញាតិ​ទាំងសងខាង​ចូលរួម​អបអរ​។​

គេ​ចាំបាន​ថា ​តារាចម្រៀង​រូប​សង្ហា​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក នី រតនា និង​ភរិយា​ស្រស់ស្អាត​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​កន្លងមកនេះ ​បានសម្រេច​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​រួចមក​ហើយ​នៅ​គេហដ្ឋាន​ខាង​ស្រី​ ដោយមាន​ការ​អញ្ជើញ​ភ្ញៀវ ចូលរួម​យ៉ាង​ច្រើន​កុះករ​និង​បង្ក​បរិយាកាស​សប្បាយរីករាយ​។​ ចំណែកឯ​​ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ​ គឺជា​ថ្ងៃ​មង្គលការ​របស់​អ្នក​ទាំងពីរ​ដែល​បាន​ទន្ទឹង​ចាំ​ឱកាស​នេះ​អស់​ជាច្រើន​ខែ​មកហើយ​នោះ​។​

តាម​ការកត់សម្គាល់​នៅក្នុង​ថ្ងៃ​មង្គលការ​របស់​តារា​ប្រុស​លោក នី រតនា នា​ថ្ងៃទី​១៨ ខែ​​មករា​ដែលជា​ពេលវេលា​ដ៏​ល្អ​និង​សេរី​មង្គល​ពួកគេ​នេះដែរ​គឺមាន​ការអញ្ជើញ​ចូលរួម​អបអរ​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​បងប្អូន ញាតិមិត្ត និង អ្នក​រួម​អាជីព​សិល្បៈ​ល្បីៗ​មួយចំនួន​ប្រកបដោយ​ស្នាមញញឹម​ស្ទើរ​បិទមាត់​មិន​ជិត​រវាង​កូនកំលោះ​និង​កូនក្រមុំ​។​

ចំពោះ​វត្តមាន​របស់​អ្នកសិល្បៈ​ល្បីៗ​ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធីមង្គលការ​របស់លោក នី រតនា រួមមាន​៖​លោកតា ព្រហ្ម ម៉ាញ ,​លោកយាយ យ៉យ ,​កញ្ញា ឱក សុគន្ធ​កញ្ញា ,​កញ្ញា ថន លក្ខិណា រួម​នឹង​តារា​សិល្បៈ​ល្បីៗ​ជាច្រើន​ទៀត​ដែល​បាននាំគ្នា​ចូលរួម​ក្នុង​ពិធី​កាត់សក់​និង​ហែ​ជំ​នូន​។​ចំណែកឯ​ពិធីជប់លៀង​សប្បាយ​នោះ​ក៏មាន​វត្តមាន​របស់​តារាចម្រៀង​-​សម្តែង ពិធីករ ពិធី​ការិនី​ល្បីៗ​ជាច្រើន​ទៀត​ចូលរួម​អបអរ​ផងដែ​៕