ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​បាន​គ្រឿងញៀន​ជិត​មួយ​ពាន់​គ្រាប់ និង​ឃាត់ខ្លួន​មុខ​សញ្ញា​ជា​បន្តបន្ទាប់​

​បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ដែល​សង្ស័យ​ថា ​កន្លងមក​បានធ្វើ​សកម្មភាព​ចែកចាយ​យ៉ាង​សកម្ម ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កំរៀង ឃាត់ខ្លួន​បានជា​បន្ត​បន្ទាប់ រួមជាមួយ​នឹង​ថ្នាំញៀន​ជិត​មួយ​ពាន់​គ្រាប់ ខណៈដែល​ជនសង្ស័យ​ទាំងនេះ​កំពុង​ប្រព្រឹត្ត​ជាក់​ស្ដែង។​

​តាម​ការលើកឡើង​រប​ស់ លោក គឹម ពន្លក អធិការ នគរបាល​ស្រុក​កំរៀង​បាន​បញ្ជាក់ថា បន្ទាប់ពី​បានទទួល​នូវ​សេចក្ដីរាយការណ៍​រួចមក លោក​បាន​ចាត់តាំង​កម្លាំង​ផ្នែក​ជំនាញ ចុះទៅ​កាន់​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង១២ និង៣០នាទី​ថ្ងៃត្រង់។​

​លោក​អធិការ​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែលមាន​ឈ្មោះ ជ សុ​ផា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ​ ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន ៥០​គ្រាប់ និង ម៉ូតូ​ម៉ាក​ឃ្លី​ក​មួយគ្រឿង​ផងដែរ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រោយពី​ទទួលបាន​នូវ​ចម្លើយសារភាព​រួច​មក លោក​អធិការ​បាន​សុំ​គោល​ការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា នួន សាន ដើម្បី​បន្ត​កិច្ចប្រតិបត្តិការ​មួយទៀត នៅក្នុង​ភូមិសាស្ត្រ​ដដែល ដែល​ជនសង្ស័យ​រូបនោះ​មាន ឈ្មោះ ធូ រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ។​

​ក្នុងការ​ឆែកឆេរ​លំនៅដ្ឋាន សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ ចំនួន​៣​កញ្ចប់ ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា ចំនួន​៦៨៨​គ្រាប់ បន្ថែមទៀត និង​ប្រាក់រៀល​ចំនួន​៣៥.២០០​រៀល។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ស្រុក​កំរៀង​រៀបចំ​ឯកសារ​ ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ហើយ ក្នុងការ​ចាត់ការ​បន្ត​តាម​នីតិ​វិធី៕