ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​បើកបរ​ ប្រើ​ពិល​ឆក់​គំរាម​ប្លន់​យក​លុយ​ថៅកែ​របស់​ខ្លួន​អស់​ជិត​១០​ម៉ឺន​ដុល្លារ​គេច​ខ្លួន​បាន​៩​ថ្ងៃ​ជាប់​អន្ទាក់​ប៉ូលិស​វិញ

ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​ដែល​បាន​បម្រើ​ការងារ​ផ្នែក​បើកបរ​រថយន្ត​អោយ​ថៅកែ​ក្រុមហ៊ុន​របស់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ​បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​លុយ​ថៅកែ​ក្រុមហ៊ុន​របស់​ខ្លួន​បាន​ជិត​១០​ម៉ឺន​ដុល្លារ ​រួច​រត់​គេច​ខ្លួន​បាន​មួយ​រយៈ​ខ្លី​រួចមក។

អ្នកបើកបរ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​ឈ្មោះ អុង សុគ​ន្ឋ អាយុ​៤៣​ឆ្នាំ មាន​ស្នាក់នៅ​ផ្ទះ​ជួល​ចល័ត​ក្នុង​ភ្នំពេញ ប៉ុន្តែ​មាន​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន ស្នាក់​នៅផ្ទះ​លេខ​៥៦​អឺ​១ ផ្លូវ​លេខ​១១៨ ភូមិ​៩ សង្កាត់​ផ្សា​ដេប៉ូ​៣ ខណ្ឌ​ទួលគោក​ មាន​ស្រុកកំណើត នៅ ឃុំ​ស្នាម​ប្រ​ធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​ប៉ូលិស​និយាយថា​ ៖ មុនពេល​កើតហេតុ កាលពីដើម​ខែមករា ឆ្នាំ​២០១៩ ខាង​ក្រុមហ៊ុន ស៊ីវ​សេង រកស៊ី​ខាង​ក្រឡុក​ស៊ីម៉ងត៍​បេតុង ​បាន​ទទួល​អោយ​ឈ្មោះ អុង សុគ​ន្ឋ (​ជនជាប់ចោទ​ខាងលើ​ចូល​ធ្វើការ​) ផ្នែក​បើកបរ​រថយន្ត​ជូន​ថៅកែ និង​បុគ្គលិក ប្រចាំ​ក្រុមហ៊ុន។ ក្រោយមក​នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក​ខាង​ក្រុមហ៊ុន​បាន​អោយ​ឈ្មោះ អុង សុគ​ន្ឋ បើកឡាន​ម៉ាក​ព្រូស​ពាក់​ស្លាក​លេខ AW 1763 ដឹក​ស្ត្រី​ឈ្មោះ លីវ លីន អាយុ​៥៣​ឆ្នាំ ជនជាតិ​ចិន ជា ប្រព​ន្ធ​ថៅកែ​ក្រុមហ៊ុន​ផ្នែក​គណនេយ្យ ទៅ​បើក​លុយ​នៅ​”​ធនាគារ ហុងកុង​” ដែល​មាន​ទីតាំង នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

នៅ​ពេល​ទៅដល់​ធនាគារ​ឈ្មោះ អុង សុគ​ន្ធ អង្គុយចាំ​នៅក្នុង​រថយន្ត លុះ​ពេល​ស្ត្រី​ឈ្មោះ លីវ លីន បើក​លុយ​រួច​បាន​ចំនួន​៩៩៦៧៩,២៥​ដុល្លារ​អាមេរិក ក៏​បាន​ចូលមកក្នុង​រថយន្ត​ត្រឡប់​មក​ក្រុមហ៊ុន​វិញ​មាន​ទីតាំងនៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដោយ​ដាក់​លុយ​នោះ​នៅ​ក្នុង​កាបូប និង​ដាក់​នៅ​លើ​កៅអី​រថយន្ត​ ដែល​នាង​ជិះ​នៅ​កៅអី​ខាងមុខ​ទន្ទឹម​អ្នកបើកបរ។

មកដល់​ចំណុចកើតហេតុ​ត្រង់​ម្តុំ​ផ្លូវ​ចូលទៅ​មណ្ឌល​កែប្រែ​ឱ​កាស​ខ្ញុំ សង្កាត់​ឃ្មួញ​ អ្នក​បើកបរបាន​បើករថយន្ត​អែម​ខាងស្តាំ​ដៃ រួច​ឈប់​ដោយ​ដក​យក​ពិល​ឆក់​មកកាន់​ ឆក់​មកលើ​នាង លីវ លីន អោយ​សន្លប់ ​ប៉ុន្តែ​មិន​សន្លប់​ នាង​​ក៏​ប្រតាយប្រតប់​បើក​ទ្វារ​រត់ចេញ​ពី​ឡាន​។ នៅពេលនោះ​​ឈ្មោះ អុង សុគ​ន្ឋ ក៏បាន​ដណ្តើមយក​កា​បូ​ប​លុយ រត់​បើកឡាន​រត់គេចខ្លួន​បាត់​តែម្តង​។​

​ក្រោយមក​ប៉ូលិស​ស្នងការ​ក្រុងភ្នំពេញ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ​ចុះមក​សាកសួរ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​ឈ្មោះ អុង សុគ​ន្ឋ បាន នៅវេលា​ម៉ោង​១១​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​ប្រជុំ​អង្គ ឃុំ​ឈើកាច់​ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ជនជាប់ចោទ​បាន​សារភាព​នូវ​ទង្វើ​​រប​ស់​ខ្លួន​ថា ពិតជា​បានធ្វើ​សកម្មភាព​ប្រើ​ពិល​ឆក់ មកលើ​ស្ត្រី​ឈ្មោះ លីវ លីន ដើម្បី​ដណ្ដើម​យក​លុយ​នោះ​មែន ប៉ុន្តែ​លុយ​នោះ​ខ្លួន​បាន​ចាយវាយ​អស់​មួយ​ចំនួនធំ​ទៅហើយ​មុនពេល​ប៉ូលិស​ចាប់ខ្លួន​។​

​ប៉ូលិស​បាន​ចាត់ទុកថា ពិល​ឆក់​ជា​អាវុធ​ខុសច្បាប់ ប៉ុន្តែ​មិនដឹងថា ហេតុ​អី​បានជា​មិន​ចាត់​វិធានការ​បង្ក្រាប​ទៅលើ​អ្នកលក់​ពិល​ឆក់​ទាំងនោះ ដែល​សព្វថ្ងៃ​កំពុងតែ​ដាក់​តាំង​លក់​នៅ​ផ្សារ​ថ្មី និង​នៅតាម​បណ្តាញ​សង្គម facebook យ៉ាង​សេរី៕