ព័ត៍មានទាន់​ហេតុការណ៏
Search

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ឧបត្ថម្ភ​សម្រាប់​ការសិក្សា​របស់​កុមារ​ដែល​មាន​ជីវភាព​ខ្វះខាត​

ភ្នំពេញ ​៖ ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ដែល​ជា​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​សហការ​ជាមួយ​អង្គការ Cambodia Outreach នៅក្នុង​គម្រោង Children@Risk ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៣​បាន​ជួយឧបត្ថម្ភ​សម្រាប់​ការសិក្សាអប់រំ​របស់​កុមារ​ដែល​មកពី​គ្រួសារ​ក្រខ្សត់​ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​ទទួលបាន​នូវ​ការសិក្សា​ពេញលេញ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​រីកចម្រើន​ថែមទៀត។​

យោងទៅតាម​របាយការណ៍​ស្ទង់​មតិ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ដែល​បាន​បោះផ្សាយ​ក្នុងពេល​ថ្មីៗ​នេះ មាន​ប្រជាជន ១១,៨% ប៉ុណ្ណោះ ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​អាយុ​២៥​ឆ្នាំ និង​លើសពីនេះ បាន​បញ្ចប់​មធ្យមសិក្សា​បឋមភូមិ​។

លោក Wayne Hester នាយក​ប្រតិបត្តិ​អង្គការ Cambodia Outreach បានធ្វើការ​កត់សម្គាល់​ថា មូល​ហេ តុ​ចម្បង​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​នៃ​ការបោះបង់​ការសិក្សា​ដ៏​ខ្ពស់​នេះ គឺ​បណ្តា​លពី​បញ្ហា​ហិរញវត្ថុ​។

លោក​បាន​បន្តថា ​“​ឪពុកម្តាយ ​ចង់​ឲ្យ​កូនៗ​របស់​ពួកគេ​រក​ការងារ​ធ្វើ​នៅ​ខាងក្រៅ ឬ​ធ្វើស្រែ​ចម្ការ​ដើម្បី​រកប្រាក់​ចំណូល​មក​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ស្ថានភាព​នេះ​ នៅតែ​ជា​ឧបសគ្គ​ចម្បង​ដែល​រារាំង​កុមារ​មិន​ឲ្យ​ទទួលបាន​ការសិក្សាអប់រំ​ក្នុងប្រទេស​កម្ពុជា​”​។

លោក Pern Chen នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ បាន​មានប្រសាសន៍ថា “​ការសហការ​នេះ នឹង​ជួយ​កុមារ​ក្រីក្រ​ឲ្យ​ទទួលបាន​ការអប់រំ​ដូច​កុមារ​ដទៃ​។ យើង​មាន​មោទនភាព​ដែល​បុគ្គលិក​របស់​យើង​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​នេះ​បន្ថែម​ទៅលើ​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​។

ថវិកា​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​កុមារ​ក្រីក្រ​ដែល​គួរ​ឲ្យ​អាណិត​របស់​យើង​បញ្ចប់​ការសិក្សា​របស់​ពួកគេ ហើយ​យើង​សង្ឃឹមថា ពួកគេ​នឹង​ទទួលបាន​ចំណេះដឹង​ដើម្បី​រក​ការងារ​ធ្វើ និង​ចាក​ឆ្ងាយ​ពី​ភាពក្រីក្រ ហើយ​ពួកគេ​នឹង​ផ្តល់​ផលប្រយោជន៍​បន្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ថែម​ទៀតផង​”​។

ថវិកា​ដែល​បានមកពី​ការឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​បុគ្គលិក​ណាហ្គា​វើ​លដ៍ នឹងត្រូវ ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១០ ដល់​ថ្នាក់​ទី​១២ សម្រាប់​បង់ថ្លៃ​សិក្សា សម្ភារៈ​សិក្សា អាហារ ឯកសណ្ឋាន និង​សម្ភារ​ផ្សេងៗ​ទៀត​សម្រាប់​រយៈពេល​៣ឆ្នាំ​។ វឌ្ឍនភាព ​នៃ​ការសិក្សា​របស់​សិស្ស​កម្ស​ត់​ទាំងនេះ នឹងត្រូវ​តាមដាន​យ៉ាង​ទៀងទាត់​។ សិស្ស​ដែលមាន​សមត្ថភាព នឹង​ទទួលបាន​ការបណ្តុះបណ្តាល និង​ក្លាយជា​បុគ្គលិក​ហាត់​ការ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស តែងតែ​រៀបចំ​សកម្មភាព​លើកកម្ពស់​ការអប់រំ​យ៉ាង​ទៀងទាត់ រួមមាន​ការចែក​សៀវភៅអាន និង​សម្ភារ​សិក្សា​ដល់​សិស្ស​បឋមសិក្សា ជាដើម​។ មិនតែប៉ុណ្ណោះ បុគ្គលិក​សុវត្ថិភាព​អគ្គីភ័យ​របស់​ណាហ្គា​វើ​លដ៍ តែងតែ​ផ្តល់​ការបណ្តុះបណ្តាល​ស្តីអំពី​វិធី​បង្ការ​អគ្គីភ័យ​ដល់​សិស្ស និង​ប្រជាជន​នៅតាម​សហគមន៍ ព្រមទាំង​ឧបត្ថម្ភ​បំពង់​ពន្លត់អគ្គីភ័យ​យ៉ាង​ទៀងទាត់​ផងដែរ​។

ចំណែក​សកម្មភាព​ចុះទៅ​តាម​សហគមន៍ គឺ​ណាហ្គា​វើ​លដ៍​បាន​បង្កើត​នូវ​កម្មវិធី​ប្រកួតប្រជែង​សាលា​រៀន​ស្អាត​នៅតាម​អនុវិទ្យាល័យ​ចំនួន​៣០ ដើម្បី​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​រក្សា​សាលារៀន​របស់​ពួកគេ​ឲ្យ​មាន​អនាម័យ​ស្អាត និង​បរិស្ថាន​ល្អ​។

សាលារៀន​ដែល​ស្អាត​ជាងគេ នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ដើម្បី​យកទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​សាលារៀន​របស់​ទាំងអស់​គ្នា​។

គួរ​បញ្ជាក់ថា​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ណាហ្គា​វើ​លដ៍ បាន និង​កំពុង​ធ្វើ​សកម្មភាព​សង្គម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ នៃ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ភាព​វិជ្ជមាន​។

ក្នុង​ខែមីនា ឆ្នាំ២០១៤ ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍ ​ដែលមាន​គោលបំណង​ផ្តោតទៅលើ​សសរស្ដម្ភ​៤ គឺ លើកកម្ពស់​ការអប់រំ ចូលរួម​ក្នុង​សហគមន៍ អភិវឌ្ឍ​វិស័យ​កីឡា និង​គាំពារ​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង​១៦០.០០០​នាក់ ​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្ដួចផ្ដើម​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114